គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-បាវិត ​១៣៥​គ.ម​ ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​តម្លៃ​និង​ប្រភព​ចំណូល​



គម្រោង​ផ្លូវ​​ល្បឿន​លឿន​ភ្នំពេញ-បាវិត​(Phnom Penh-Bavet Expressway)​ជាខ្សែផ្លូវថ្មីទាំងស្រុង ដែល​មាន​ប្រវែង​សរុប​ប្រហែល ១៣៥ គ.ម ត្រូវ​បាន​បញ្ចប់​ការ​សិក្សា​សមិទ្ធិលទ្ធភាព និង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង និង​ប្រភព​ថវិកា។

រូបតំណាង

ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ ខ្សែផ្លូវនេះ នឹង​ចេញ​ពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ក្រុង​ទី៣ កាត់​តាម​ខេត្ត​កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ យោង​តាម​របាយការណ៍​សិក្សា​របស់​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ផ្លូវ​ល្បឿន​លឿន​នេះ ​ជា​ប្រភេទ​ផ្លូវ​លើ​អាកាស (Viaduct) ប្រវែង​ប្រហែល ១២ គ.ម មាន​លូ​ប្រអប់ (Box Culvert) ប្រវែង​ប្រហែល ២៨,៤ គ.ម និង​ជា​ប្រភេទ ផ្លូវ​លើក​កម្ពស់ (Embankment) ប្រវែង​ប្រហែល ៨៥,៨ គ.ម។

ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត មាន​ផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែង​ឈប់​សម្រាក ៦កន្លែង និង​ច្រកទ្វារ ព្រំដែន​ថ្មី​ចំនួន ០១ ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន នៃ​ព្រះរាជាណាច​ក្រកម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​ស្តី​ពី​ការ​ជំរុញ​ការ​សិក្សា និង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿនលឿន​ហូជីមិញ-ម៉ុកបៃ រួចរាល់​ផងដែរ៕

ប្រភព៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន (MPWT)

X
5s