ក្រុមហ៊ុនបណ្ដាញទូរស័ព្ទក្នុងប្រទេសថៃសម្លឹងឃើញឱកាសទីផ្សារកីឡាអេឡិចត្រូនិក (E-Sports Market)
ក្រុមហ៊ុនបណ្ដាញទូរស័ព្ទក្នុងប្រទេសថៃបាននឹងកំពុងប្រើប្រាស់នូវសក្ដានុពលកីឡាអេឡិចត្រូនិក ( E-Sports ) ដើម្បីទាញយកប្រាក់ចំណូលចំនួន ៦៦៧ លានដុល្លារ ($667 Million) ពីកីឡាអេឡិចត្រូនិកមួយនេះ។
យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Newzoo ដែលជាក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវផ្នែកទីផ្សារកីឡាអេឡិចត្រូនិកបានឲ្យដឹងថា ប្រទេសថៃគឺជាប្រទេសដែលមានចំណាត់ថ្នាក់ទី ១៩ ក្នុងចំណោមប្រទេសទាំង ១០០ និងជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមប្រទេសអាស៊ាន ក្នុងឆ្នាំ២០១៨ ខណៈដែលប្រទេសចិន ជប៉ុន និងអាមេរិកជាប់ចំណាត់ថ្នាក់កំពូលលេខ ៣ទូទាំងពិភពលោក។
អ្នកស្រី Sukannee Lertsuwibul ប្រធានផ្នែកទីផ្សារនិងផលិតផលបានឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញទូរស័ព្ទ DTAC ( Total Access Communication ) ជាក្រុមហ៊ុនមានចំណាត់ថ្នាក់ទី ៣ បាននឹងកំពុងចូលរួមក្នុងទីផ្សារហ្គេមទូរស័ព្ទដៃជាលើកដំបូងក្នុងប្រទេសថៃ ដោយបានចំណាយទឹកប្រាក់អស់ចំនូន ១០០ លានបាត ក្នុងការធ្វើទីផ្សារក្នុងឆ្នាំ ២០១៩ ។ ក្រុមហ៊ុននេះមានចក្ខុវិស័យមើលឃើញនូវអត្ថប្រយោជន៍ពីអ្នកលេងហ្គេមដែលមានប្រមាណ ៣០ ភាគរយ ក្នុងចំណោមអ្នកប្រើប្រាស់សរុបរបស់ខ្លួនដែលមានចំនួន ២១ លាននាក់។
ក្រុមហ៊ុនបណ្ដាញទូរស័ព្ទ DTAC ( Total Access Communication ) បានរកឃើញថា អ្នកលេងហ្គេមលើទូរស័ព្ទដៃចំណាយលើប្រព័ន្ធអ៊ិនធឺណេតច្រើនជាងពីរដងបើធៀបនឹងអ្នកប្រើប្រាស់ធម្មតា។
ដើម្បីអាចធ្វើការវិនិយោគក្នុងទីផ្សារហ្គេមកីឡាអេឡិចត្រូនិកនេះបាន ក្រុមហ៊ុនបណ្ដាញទូរស័ព្ទដៃ DTAC នឹងធ្វើការសហការណ៍ជាមួយក្រុមហ៊ុន Garena ក្នុងប្រទេសថៃដែលជាក្រុមហ៊ុនកំពុងនាំមុខគេផ្នែកហ្គេមអនឡាញ និងកម្មវិធីបណ្ដាញសង្គមក្នុងទូរស័ព្ទដៃ ដើម្បីបង្កើតនូវកម្មវិធីប្រកួតប្រជែងហ្គេមកីឡាអេឡិចត្រូនិច ( E-Sports ) The Free Fire Thailand Championship 2019 ។
នៅក្នុងប្រទេសថៃមានអ្នកលេងហ្គេម Free Fire ជាង ២០ លាននាក់ ដែលធ្វើឲ្យវាក្លាយជាហ្គេមជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមហ្គេមដែលពេញនិយមក្នុងប្រទេសថៃ។ អ្នកលេងហ្គេមទាំងអស់នោះអាចទិញកញ្ចប់សេវាកម្មអ៊ីនធឺណែតដែលមានចំនួនទឹកប្រាក់ ១៩៩ បាត ( ប្រហែល 6.30$ ) សម្រាប់លេងហ្គេម Free Fire ដែលមានសុពលភាពរយៈពេល ៧ថ្ងៃ ។
លោក Surut Vanichpun ជាប្រធានផ្នែកក្រុមហ៊ុន Sea Thailand ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Garena ក្នុងប្រទេសថៃបានមានប្រសាសន៍ថា វត្តមានរបស់កំពូលស្មាតហ្វូនកាន់តែច្រើនឡើងៗបានជួយបង្កើននូវគុណភាពហ្គេម និងទំហំនៃទីផ្សារហ្គេមទូរស័ព្ទដៃកាន់តែច្រើនឡើងៗ។
ហ្គេមបែបកីឡាអេឡិចត្រូនិក ឬ E-Sports មានការពេញនិយមកាន់តែច្រើនឡើងៗ ខណៈពេលដែលមានក្រុមអ្នកលេងហ្គេមជាច្រើនផងដែរបានប្រកួតប្រជែងគ្នាដើម្បីដណ្ដើមប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ។
ការធ្វើអាជីវកម្មលើហ្គេមបែបកីឡាអេឡិចត្រូនិក E-Sports ក្នុងប្រទេសថៃឆ្នាំ ២០១៨ មានទឹកប្រាក់ប្រមាណ ២២ ពាន់លានបាត ( ប្រហែល 696,542,000$ ) ដែលមានអ្នកលេងហ្គេមអនឡាញប្រភេទនេះចំនួនប្រហែល ២៧.៥ លាននាក់ (27.5 million)៕
ដោយ៖ វឌ្ឍនា