ផ្លូវវថភ្លើងចិន-ឡាវនាំប្រយោជន៍ច្រើនឲ្យឡាវ ប៉ុន្តែប្រយ័ត្នធ្លាក់ខ្លួនជាកូនបំណុលក្នុងមហាគម្រោងយក្សចិន​



គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនកំពុងតែវាយលុកគ្រប់ទិសទីដោយបងធំសេដ្ឋកិច្ចមួយនេះកំពុងតែមមាញឹកសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមានដូចជាស្ពាន ផ្លូវដែកនិងអគារយ៉ាងច្រើននៅតាមទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុបផងដែរ។ ហើយផ្លូវរថភ្លើងរបស់ចិនដែលតភ្ជាប់ពីចិនទៅប្រទេសឡាវនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ហើយបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

ផ្លូវដែកមួយនេះដែលមានប្រវែងជាង ៤១៤ គីឡូម៉េត្រគឺត្រូវចំណាយលុយជាង ៧ ពាន់លានដុល្លារដែលភ្ជាប់ពីតំបន់ Yunnan នៃប្រទេសចិនទៅរាជធានីប្រទេសឡាវទីក្រុង វៀងចាង (Vientiane) ហើយកំពុងតែសាងសង់បានជាងពាក់កណ្ដាលហើយ។ ខ្សែដែកមួយនេះអាចជួយកាត់បន្ថយពេលវេលាចំណាយធ្វើដំណើររវាងតំបន់ទាំងពីរដោយចំណាយពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះមិនមែនបីថ្ងៃដូចរាល់ដងឡើយ។ រថភ្លើងអាចរត់ក្នុងល្បឿនលឿនក្នុង ១៦០ គីឡូម៉ែត្រក្នុងពេលមួយម៉ោងហើយសំបុត្រធ្វើដំណើរគឺត្រឹមតែ ២០ ដុល្លារអាមេរិកប៉ុណ្ណោះ។

ផ្លូវដែកមួយនេះគឺជាគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិនដែលចិនព្យាយាមផ្សារភ្ជាប់ផ្លូវពាណិជ្ជកម្មបុរាណរបស់គេ (Silk Road) ពីប្រទេសចិនទៅទ្វីបអាហ្វ្រិកនិងអ៊ឺរ៉ប។ ចំពោះប្រទេសឡាវដែលជាប្រទេសកំពុងអភិវឌ្ឍន៍គឺពុំមានលទ្ធភាពសាងសង់ផ្លូវរថភ្លើងមួយនេះបានតែម្នាក់ឯងទេ។ ហេតុដូចនេះហើយបានជាប្រទេសចិនបានចូលរួមចំណាយថវិកាជាង ៧០ ភាគរយ ហើយ ៣០ភាគរយទៀតគឺរដ្ឋាភិបាលឡាវអ្នករ៉ាប់រងដោយបានខ្ចីលុយពីរដ្ឋាភិបាលចិន។

ប្រទេសឡាវគឺមានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្មស្ទើរតែទាំងស្រុងហើយកន្លងមកប្រទេសចិនគឺជាដៃគូវិនិយោគធំជាងគេក្នុងប្រទេសឡាវចាប់តាំងពីឆ្នាំ ២០១៦ មកដែលបានវិនិយោគជាង ៥.៤ ពាន់លានដុល្លារអាមេរិកមកហើយ។ រាជរដ្ឋាភិបាលចិនបានសន្យាថាផ្លូវដែកមួយនេះនឹងនាំមកនូវការរីកចម្រើនជាច្រើនដល់ប្រទេសឡាវមួយនេះដូចជាសណ្ឋាគារនិងទាក់ទាញភ្ញៀវទេសចរណ៍មកក្នុងប្រទេសនេះផងដែរ។ ហើយរដ្ឋាភិបាលចិនក៍បានបង្ហើបប្រាប់ផងដែរថាផ្លូវដែកមួយនេះនឹងត្រូវបន្តសាងសង់ទៅភ្ជាប់ទីក្រុងបាងកកនៃប្រទេសថៃនិងតំបន់ឧបទ្វីបម៉ាឡេរហូតដល់សិង្ហបុរី។

ទោះបីជាប្រទេសចិនហាក់មើលទៅដូចជាតួរអង្គវីរជនដែលជួយសង្គ្រោះអ្នកដទៃក៍ដោយ ប៉ុន្តែប្រទេសមួយនេះកន្លងមកបានរងការវាយប្រហារពីមតិរិះគន់ពីប្រទេសនាៗ ជាច្រើនអំពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយនេះ។ គេមានមន្ទិលសង្ស័យថាប្រទេសចិនកំពុងតែព្យាយាមទាញប្រទេសផ្សេងៗ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ឲ្យធ្លាក់ក្នុងបំណុលរបស់ខ្លួនព្រោះក្នុងការសហការលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺប្រទេសកំពុងអភិវឌ្ឍនោះមិនមានសមត្ថភាពក្នុងការសាងស់ងតែម្នាក់ឯងបានឡើយ។

ដូចនេះ ប្រទេសទាំងនោះត្រូវសម្រេចចិត្តខ្ចីលុយពីប្រទេសចិនដែលនឹងត្រូវជាប់បំណុលប្រទេសចិនអស់ជាច្រើនឆ្នាំ។ ហើយក្នុងកំឡុងពេលជាប់បំណុលចិនគឺចិនអាចនឹងទាមទារលក្ខខណ្ឌមួយចំនួនពីប្រទេសកូនបំណុលខ្លួនដូចជាការទាមទារគ្រប់គ្រងតំបន់មួយចំនួនក្នុងប្រទេសទាំងនោះជាដើម។ ហេតុនេះហើយបានជាប្រទេសមួយចំនួនដូចជាប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរីបានធ្វើការសើរើកិច្ចព្រមព្រៀងដែលពួកគេបានចុះកិច្ចសន្យាក្នុងការសហការក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ ហើយពួកគេក៍បានរំសាយចោលកិច្ចព្រមព្រៀងខ្លះផងដែរ។ ហើយសព្វថ្ងៃប្រទេសចិនកំពុងតែវាយលុកគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ខ្លួនយ៉ាងខ្លាំងក្នុងប្រទេសជិតខាងជាពិសេសតំបន់អាស៊ីអាគ្នេយ៍ដែលមានទាំងប្រទេសកម្ពុជាផងដែរ។ នេះជាកត្តាមួយដែលប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនត្រូវតែធ្វើការវែកញ៉ែករកចំណុចវិជ្ជមាននិងអវិជ្ជមានឲ្យបានត្រឹមត្រូវមុននឹងចុះកិច្ចសន្យាសហការអ្វីមួយជាមួយបរទេសដើម្បីជៀសវាងផលប៉ះពាល់ធំដល់ប្រទេសជាតិខ្លួនឯង៕

ដោយ៖ នឿន វណ្ណៈ

X
5s