Prince Real Estate Group បើកផ្សារទំនើបទី៥ជាផ្លូវការ ក្រោយប្រកាសបន្ថែមទុន២០ប៊ីលានដុល្លារ
ក្រុមហ៊ុន Prince Real Estate Group បើកដំណើរការផ្សារទំនើបទី ៥ជាផ្លូវការនាព្រឹកថ្ងៃទី២៧ ខែមីនានេះ ក្នុងខណ្ឌចំការមន ក្រោយក្រុមហ៊ុនខ្នាតធំមួយនេះ ទើបនឹងប្រកាសបន្ថែមទុនវិនិយោគនៅកម្ពុជាអោយកើនដល់២០ប៊ីលានដុល្លារ រយៈពេល១០ឆ្នាំ កាលពីពេលថ្មីៗ។
បញ្ជាក់ក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៥របស់ព្រីនស៍ស៊ុបភើម៉ាឃីត លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងពង្រីកទីតាំងផ្សារទំនើបព្រីនស៍អោយបាន១០ទីតាំងបន្ថែមក្នុងរាជធានីភ្នំពេញត្រឹមឆ្នាំ២០១៩នេះ មុននឹងក្រុមហ៊ុន ឈានជើងទៅពង្រីកទីតាំងបន្ទាប់នៅតាមបណ្ដាខេត្ត។
លោកបន្តថា វត្តមានផ្សារទំនើបទី៥របស់ Prince SuperMarket នៅក្នុងទីតាំងនេះ ក៏នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់ អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ៗផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសនូវ ប្រមូសិន រហូតដល់ ៣៥% ទៅតាមមុខទំនិញផ្សេងៗផងដែរ រហូតដល់បំណាច់ពិធីបុណ្យចូលឆ្នាំខ្មែរ។
លោកបន្ថែមថា ផ្សារទំនើបទី៥ Prince SuperMarket នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៣៥% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ។
លោកលី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប បានបញ្ជាក់ថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយ ក្នុងស្រុក ។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគអោយបាន២០ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុង បណ្ដាក់ទុនវិនិយោគបន្ថែម ។
គួរបញ្ជាក់ថា នេះជាសាខាទី៥ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យ របស់ក្រុមហ៊ុន គ្រោងនឹងពង្រីក អោយបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងប៉ោយប៉ែតជាដើម៕
ដោយ៖ ស្រីពេជ្រ