អាចពង្រីកសាខាបានស្ទើរទូទាំងពិភពលោក បែរជា 7-Eleven មិនអាចឈរជើងបាននៅទឹកដីប្រទេសមួយនេះទៅវិញ
៦០,០០០ ហាងអាចបើកដំណើរការដោយគ្មានបញ្ហា គ្មានជម្លោះអ្វីសោះ តែបែរជាត្រូវចាញ់ដៃនៅឥណ្ឌូនេស៊ីទៅវិញ។ វាជារឿងមួយដែលមិនគួរឲ្យជឿទេមែនទេ ដែលអាជីវកម្មខ្នាតយក្សនឹងគេដែរ មិនអាចទាញយកផលពីទីផ្សារដ៏ធំបាន។
១) ប្រវត្តិនៃការចាប់កំណើតទីផ្សារនៅឥណ្ឌូនេស៊ី
7-Eleven ធ្វើការចាប់កំណើតចុះចតដំបូងលើច្រាំងក្នុងទឹកដីឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០៩ ដោយអាជីវកម្មដំបូងនោះផ្តល់ជាការលក់បារី អាហារសម្រន់ នំកញ្ចប់ជាដើម ក្រោយមកទើបមានជាការផ្តល់សេវាលក់ទំនិញគ្រប់មុខ។ ស្ថិតិអ្នកដែលនិយមចូល7-Eleven មានអាយុចន្លោះពី ១៨ ទៅ ២៥ ឆ្នាំ ដោយសារវាជាហាងដែលផ្តល់ជូននូវការកម្សាន្ត ដូចជា free Wi-Fi ជជែកលេងជាមួយមិត្តភក្តិ ជាពិសេសនោះជាកន្លែងលក់គ្រឿងស្រវឹងដែលមានតម្លៃថោក។ តែជាអកុសល ក្រុមហ៊ុនយក្សមួយនេះរស់រានមានជីវិតនៅលើទឹកដីឥណ្ឌូនេស៊ីបានត្រឹម ៨ឆ្នាំ ក៏ត្រូវបរាជ័យទៅវិញ។
២) ការរីកចម្រើនរបស់ 7-Eleven មានពេលកំណត់
ការដែលផ្លាស់ប្តូរទីផ្សាររបស់ខ្លួនពីការដែលផ្គត់ផ្គង់បារី និងអាហារសម្រន់តិចតួច ទៅជាការលក់ទំនិញសឹងគ្រប់មុខ បានធ្វើឲ្យ 7-Eleven រីកលូតលាស់យ៉ាងឆាប់រហ័សនៅហ្សាការតា និងទីក្រុងផ្សេងៗទៀត។ ក្នុងឆ្នាំ ២០១០ មាន ២១ហាង ២០១២ មាន ១០០ហាង និង ២០១៤ មាន ១៩០ ហាង ហើយក្នុងឆ្នាំ ២០១៤ នេះជាឆ្នាំមួយដែលមានចំណូលពីការលក់ខ្ពស់ជាប្រវត្តិសាស្រ្តដែលមានរហូតទៅដល់ ៧៨.២ លានដុល្លារ។
៣) មូលហេតុនៃការបរាជ័យរបស់ 7-Eleven
គ្មានហេតុផលច្រើនទេនៅពីក្រោយភាពបរាជ័យរបស់ 7-Eleven លើទឹកដីប្រជុំកោះធំជាងគេលើពិភពលោកនេះ ហើយហេតុផលនោះគឺដោយសារការប្រកួតប្រជែង។ មុនពេល 7-Eleven ចូលទីផ្សារឥណ្ឌូនេស៊ី នៅឆ្នាំ ២០០៧ ហាងលក់រាយនៅក្នុងប្រទេសឥណ្ឌូនេស៊ីមាន ១២,០០០ ហាងរួចទៅហើយទូទាំងប្រជុំកោះ ហើយនៅឆ្នាំ ២០០៤ កើនដល់ ៤០,០០០ហាង នៅក្នុងប្រទេសមួយនេះទីផ្សារតូចដូចជាការបើកហាងលក់រាយបែបនេះមានការរីកចម្រើនឆាប់រហ័សបំផុត។ ចង់ដឹងថាហាងលក់រាយក្នុងស្រុកមានសន្ទុះអាជីវកម្មបែបណាទើអាចផ្តួល 7-Eleven បាន តោះក្រឡែកទៅមើលចំណែកទីផ្សារនៃហាងលក់រាយក្នុងស្រុកធៀបទៅនឹង 7-Eleven ក្នុងឆ្នាំ ២០១៦៖
Alphamart មាន ១០,០០០ Stores = ៣៨% ចំណែកទីផ្សារ
Indomaret មាន ១៥,០០០ Stores = ៤៧% ចំណែកទីផ្សារ
7-Eleven មាន ១៩០ Stores = ០.៧% ចំណែកទីផ្សារ
គេសង្កេតឃើញថា 7-Eleven ឡើងដល់កំពូលនៃចំណូលក្នុងឆ្នាំ ២០១៤ តែបន្ទាប់ពីពេលនោះមកស្ថានភាពអាជីវកម្មក៏បានដាំក្បាលចុះ ត្រឹមតែរយៈ ២ឆ្នាំប៉ុណ្ណោះបន្ទាប់ពីរីកចម្រើនខ្លាំង ហាងទាំងអស់របស់ 7-Eleven ត្រូវបានបិទទ្វារតែម្តង។ គេកត់សម្គាល់ឃើញថាវាចាប់ផ្តើមធ្លាក់ចុះនៅក្នុងឆ្នាំ ២០១៥ ក៏ដោយសាររដ្ឋាភិបានហាមប្រាមមិនឲ្យមានលក់គ្រឿងស្រវឹងតាមបណ្តា mini-marts បន្តទៀត៕
ដោយ៖ យ៉ាយ៉ា