ចិន-ឡាវប្តេជ្ញាចិត្តរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា
ថ្មីៗនេះនាយករដ្ឋមន្ត្រីចិន លោក លី កេឈាំង (Li Keqiang) បានធ្វើកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ក្នុងសន្និសីទប្រចាំឆ្នាំវេទិកា Boao នៅខេត្ត Hainan ប្រទេសចិននៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០១៩ ដោយកិច្ចប្រជុំនេះនឹងស្ដីអំពីការបង្កើនចំណងមិត្តភាពរវាងភាគីប្រទេសទាំងពីរក្នុងការធ្វើពាណិជ្ជកម្ម។
តាមសម្ដីរបស់លោក លី កេឈាំង ប្រទេសចិននឹងជំរុញឲ្យក្រុមហ៊ុនចិនបង្កើនការវិនិយោគក្នុងប្រទេសឡាវដើម្បីនាំមកនូវវឌ្ឍនភាពដល់សេដ្ឋកិច្ចរបស់ភាគីទាំងសងខាង។ ប្រទេសឡាវនិងប្រទេសចិនដែលកំពុងតែមានភាពជិតស្និទ្ធ ផ្អែមល្ហែមជាមួយគ្នាផងដែរនោះ គឺទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែបង្ហាញពីសក្ដានុពលក្នុងការសហការលើវិស័យសេដ្ឋកិច្ចដែលអាចជំរុញឲ្យមានភាពរីកលូតលាស់ ផលផ្លែផ្កាដល់ប្រទេសឡាវយ៉ាងខ្លាំងជាក់ជាមិនខានក្នុងពេលខាងមុខ។
ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកលី បានមានប្រសាសន៍ថាប្រទេសចិនមានឆន្ទៈក្នុងការសហការជាមួយប្រទេសឡាវដើម្បីអនុវត្តការផ្លាស់ប្តូរក្នុងកម្រិតខ្ពស់ជាងមុន ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋាភិបាល និងព្យាយាមផ្តោតលើការកសាងអនាគតសហគមន៍របស់ប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរជាងមុន។
លោកលី ក៍បានបន្តទៀតថា ប្រទេសចិនមានគំនិតផ្តួចផ្តើមចង់យកគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ខ្លួនមកធ្វើការរួមបញ្ចូលជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលឡាវ ហើយព្យាយាមពន្លឿនការបញ្ចប់ឯកសារកិច្ចសហប្រតិបត្តិការស្តីពីច្រករបៀងសេដ្ឋកិច្ចចិន- ឡាវ និងព្រមទាំងធានាថាការសាងសង់ផ្លូវរថភ្លើងចិន - ឡាវនឹងត្រូវបានបញ្ចប់ឲ្យទាន់ពេលវេលាជាមួយនឹងគុណភាពល្អប្រណិតដូចការរំពឹងទុក។
ចំណែកឯលោកថុងលួនវិញបាននិយាយថាឡាវនិងចិនគឺជាសហគមន៍មួយដែលរួមសុខទុក្ខជាមួយគ្នាលើការសហការជាមួយគ្នាក្នុងមាគា៌ផ្លូវសេដ្ឋកិច្ចមួយនេះ។ ហើយលោក Bounnhang Vorachith ដែលជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តប្រជាជនឡាវនិងជាប្រធានាធិបតីរបស់ប្រទេសឡាវនឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅខែក្រោយហើយនឹងចូលរួមវេទិកាលើកទីពីរនៃខ្សែក្រវ៉ាត់មួយ ផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកបានបន្តទៀតថាភាគីឡាវមានឆន្ទៈជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចនិងផ្លូវរថភ្លើងឡាវ-ចិនដើម្បីផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនរបស់ប្រទេសទាំងពីរ៕
ដោយ៖ នឿន វណ្ណៈ