ចម្លើយដ៏ឆ្លាតវៃ ទុកការពារខ្លួនពេលសម្ភាសន៍ការងារលើកដំបូង
ការសម្ភាសន៍ការងារគឺមិនមែនជារឿងងាយស្រួលដូចដែលអ្នកបានគិតទេ ជាពិសេសគឺសម្រាប់អ្នកដែលជួបវាជាលើកទី១។ ដើម្បីដឹងថាអ្នកជាបុគ្គលសក្ដិសមនឹងទទួលបានការងារឬក៏អត់នោះ ពួកគេនឹងសួរសំណួរពិបាកៗជាច្រើនដើម្បីចង់ដឹងពីភាពវៃឆ្លាតនិងការបត់បែនតាមកាលៈទេសៈរបស់អ្នក។ ដូច្នេះហើយអ្នកគួរតែចេះរៀបចំខ្លួនដើម្បីឆ្លើយសំណួរឲ្យបានល្អមុននឹងទៅធ្វើការសម្ភាសន៍នោះ។ នេះជាសំណួរដែលអ្នកត្រូវតែត្រៀមជានិច្ច៖
១) ចូរពណ៌នាអំពីខ្លួនឯង៖ សំណួរនេះគឺមិនដែលចោលឡើយ ហើយភាគច្រើនគេសួរវាមុនគេបង្អស់តែម្ដង។ បើអ្នកអាចឆ្លើយវាបាន នោះអ្នកនឹងទទួលបានអារម្មណ៍ពេញមួយថ្ងៃតែម្ដង។ តែបើអ្នកប្រហែស ថ្ងៃនេះអ្នកនឹងមួម៉ៅពេញមួយថ្ងៃហើយ។ កាលណាពួកគេសួរសំណួរនេះមកកាន់អ្នក ចម្លើយដ៏ល្អគឺអ្នកគួរតែបង្ហាញពីភាពខ្លាំង និងសក្ដានុពលដែលអ្នកមានក្នុងការជួយទៅដល់ក្រុមហ៊ុនគេ។ អ្នកគួរប្រើប្រាស់ពេលមួយនាទីនិយាយអំពីស្នាដៃដែលអ្នកទទួលបានពីមុន ហើយអ្នកនឹងជួយជ្រោមជ្រែងអ្វីខ្លះដល់ពួកគេវិញ?
២) តើអ្នកធ្លាប់បរាជ័យដោយសារអ្វីខ្លះហើយអ្នកមានភាពអាម៉ាស់នឹងវាទេ?៖ វាក៏ជាសំណួរមួយដែលគួរឲ្យភ័យខ្លាចសម្រាប់អ្នកផងដែរ។ បើអ្នកចង់ឆ្លើយសំណួរនេះឲ្យបានល្អ អ្នកត្រូវតែបង្វែងភាពបរាជ័យនោះឲ្យទៅជាភាពជោគជ័យវិញ។ អ្នកគួរផ្ដល់ជាឧទាហរណ៍ទៅកាន់ពួកគេ ដូចជាកាលពីមុនអ្នកធ្លាប់មានកំហុសឆ្គងជាមួយអ្នករួមការងារ ប៉ុន្តែអ្នកក៏បានទទួលស្គាល់នូវកំហុសរួចហើយក៏សម្រុះសម្រួលគ្នាសារជាថ្មី ហើយដោយសារកំហុសនោះ សព្វថ្ងៃអ្នកបានកែប្រែអ្វីខ្លះហើយ?
៣) តើអ្វីទៅជាចំណុចខ្សោយធំបំផុតរបស់អ្នក?៖ នេះគឺជាសំណួរដែលពិបាកមួយ ប៉ុន្តែអ្នកមិនអាចជៀសផុតឡើយពីការឆ្លើយសំណួរនេះ។ អ្វីដែលអ្នកគួរឆ្លើយនោះគួរតែ ៖ «ចំណុចខ្សោយរបស់ខ្ញុំគឺចូលចិត្តធ្វើការងារច្រើនហួសហេតុពេក។ » ចម្លើយនេះវាបង្ហាញពីចំណុចខ្សោយអ្នកមែន ប៉ុន្តែការខិតខំធ្វើការងារខ្លាំងនេះ វាមិនមែនជារឿងអាក្រក់ដល់ថ្នាក់មិនអាចទទួលអ្នកមកធ្វើជាបុគ្គលិកបាននោះទេ។
៤) តើអ្នកធ្លាប់ត្រូវគេបណ្ដេញចេញពីការងារទេ?៖ ពួកគេអាចនឹងចង់ដឹងថាហេតុអ្វីបានជាអ្នកចាកចេញពីការងារចាស់នោះ។ អ្នកអាចប្រាប់ពួកគេថា ដោយសារតែអ្នកមិនសូវយល់ច្បាស់ពីការគិតរបស់ថៅកែអ្នក ហេតុនេះហើយទើបអ្នកជ្រើសរើសផ្លូវចាកចេញ។
៥) តើអ្នកដោះស្រាយយ៉ាងណាពេលជួបអ្នករួមការងារដែលពិបាកចុះសម្រុង?៖ អ្នកត្រូវប្រាកដឲ្យពួកគេដឹងថា អ្នកដោះស្រាយបញ្ហានោះដោយនិយាយសម្រុះសម្រួលជាមួយពួកគេដោយសន្តិវិធីជាទីបំផុត៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា