កុំប្រញាប់ធ្វើរឿង៣យ៉ាងនេះមុនគេអីព្រោះវាអាចឲ្យអ្នកអារម្មណ៍មិនល្អពេលទៅធ្វើការ
ទម្លាប់នានានៅពេលព្រឹកអាចនឹងជះឥទ្ធិពលខ្លាំងមកលើអារម្មណ៍របស់អ្នកមុនគេ បន្ទាប់មកវានឹងជះបន្តទៅទៀត ពេលអ្នកទៅដល់កន្លែងធ្វើការ។ ប្រសិនបើអ្នកអាចគេចចេញពីទម្លាប់មិនល្អៗខ្លះៗមុនពេលទៅធ្វើការនោះ វាអាចជួយឲ្យអ្នកមានអារម្មណ៍ល្អក្នុងការបំពេញការងារបានដូចដើមវិញហើយ។ ចំណុចខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) កុំទាន់ឆែកសារអ៊ីមែលរបស់អ្នក៖ កុំព្យាយាមឆែកសារអ៊ីមែលរបស់អ្នកមុនពេលអ្នកធ្វើការ ព្រោះ អីវាមិនទាន់ដល់ពេលដែលអ្នកត្រូវធ្វើរឿងទាំងអស់នោះភ្លាមៗ ទេ។ ទោះបីអ្នកចង់ឆែកវា អ្នកក៏មិនអាចធ្វើអ្វីចេញជាសាច់ការបានដែរ។ ហេតុអ្វីចាំបាច់ធ្វើខ្លួនអ្នកឲ្យរវល់ ទាំងដែលអ្នកទើបតែក្រោកពីសម្រាកនោះ? នៅមានពេលវេលាច្រើនទៀតសម្រាប់ធ្វើវានៅកន្លែងធ្វើការ ហើយអ្នកនៅតែអាចបញ្ចប់វាបានដដែលហ្នឹង។
២) កុំធ្វើឲ្យមានភាពរញ៉េរញ៉ៃសម្រាប់ខ្លួនឯង៖ អ្នកគួរតែរៀបចំអ្វីគ្រប់យ៉ាងឲ្យបានរួចរាល់និងមានសណ្ដាប់ធ្នាប់ នៅពេលយប់ឲ្យបាន ព្រោះថាអ្នកអាចមានភាពមួរម៉ៅនៅពេលដែលអ្នកមិនទាន់បានរៀបចំអ្វីសោះ ទាំងដែលម៉ោងធ្វើការក៏ជិតដល់ផង។ កុំព្យាយាមធ្វើអ្វីទាំងប្រញាប់ប្រញាល់ ព្រោះភាពប្រញាប់ប្រញាល់នេះ នឹងធ្វើឲ្យអ្នកមានភាពធុញថប់ ហើយមិនមានអារម្មណ៍ស្រស់ថ្លានៅក្នុងម៉ោងធ្វើការងារ។
៣) កុំធ្វើអ្វីទាំងបង្ខំដើម្បីបានទៅធ្វើការ៖ មនុស្សមួយចំនួនតែងតែបង្ខំ ធ្វើនេះធ្វើនោះ ដើម្បីខ្លួនឯងអាចទៅធ្វើការដោយទាន់ពេលវេលា។ ពេលខ្លះបង្ខំខ្លួនឯងមិនគ្រប់ រួចក៏ទៅបង្ខំអ្នកជុំវិញខ្លួនទៀត។ ហេតុអ្វីក៏អ្នកមិនធ្វើអ្វីតាមសម្រួលទៅ ព្រោះ ថាការធ្វើបែបនេះគឺអ្នកអនុញ្ញាតឲ្យខ្លួនឯង អាចសម្រួលអារម្មណ៍ឲ្យបានស្រួលមុនពេលធ្វើការ។ អ្នកនឹងមិនយឺតយ៉ាវសម្រាប់ការងារនោះទេ បើអ្នកចេះរៀបចំអ្វីគ្រប់យ៉ាងសម្រាប់ខ្លួនឯងមុនគេឪ្យរួចជាស្រេចនោះ ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា