ពេលមានចម្ងល់ចង់សួរអ្នកសម្ភាសន៍វិញ ត្រូវជៀសវាងសួរសំនួរទាំងនេះដាច់ខាត!
នៅចុងបញ្ចប់សម្ភាសន៍ការងារអ្វីដែលគេសង្កេតឃើញជាទូទៅនោះគឺអ្នកសម្ភាសន៍នឹងស្នើឲ្យអ្នកសាកសួរទៅអ្នកសម្ភាសន៍វិញប្រសិនបើអ្នកមានចម្ងល់។ ប៉ុន្តែវាជារឿងមួយគួរឲ្យសោកស្ដាយដោយសារតែមានបេក្ខជនខ្លះមិនបានយកចិត្តទុកដាក់ក្នុងការត្រៀមជ្រើសរើសសំនួរសមរម្យណាមួយជាមុនដើម្បីសាកសួរទៅអ្នកសម្ភាសន៍វិញ។
ខាងក្រោមនេះ អ្នកអាចស្វែងយល់ពីសំនួរមួយចំនួនដែលអ្នកគួរជៀសវាងសាកសួរទៅអ្នកសម្ភាសន៍វិញ៖
១.តើខ្ញុំអាចធ្វើការពីផ្ទះបានដែរឬទេ?
នៅពេលអ្នកសួរសំនួរនេះទៅកាន់អ្នកសម្ភាសន៍វិញ វាបានបង្ហាញថា អ្នកមិនមានបំណងចង់ធ្វើការជាក្រុមជាមួយក្រុមការងារនោះឡើយ។ មិនតែប៉ុណ្ណោះនេះក៏បានបញ្ជាក់ផងដែរថា អ្នកក៏មិនចូលចិត្តធ្វើការងារក្រោមការគ្រប់គ្រងដោយផ្ទាល់ពីអ្នកគ្រប់គ្រងរបស់អ្នកនៅឡើយ។
២.តើក្រុមហ៊ុនរបស់អ្នករកស៊ីអ្វី?
សំនួរនេះគឺហាមដាច់ខាតអ្នកមិនត្រូវសួរទៅកាន់អ្នកសម្ភាសន៍ឡើយ។ ការដែលអ្នកសួរសំនួរនេះឡើងនឹងធ្វើឲ្យអ្នកសម្ភាសន៍ដឹងថា អ្នកជាបុគ្គលិកខ្ជីខ្ជា ខ្វះការស្រាវជ្រាវ និងមិនចាប់អារម្មណ៍មុខតំណែងនៅក្នុងក្រុមហ៊ុននេះតែម្តង។
៣.តើពេលណាខ្ញុំមានពេលឈប់សម្រាកសម្រាប់ដើរលំហែ?
នៅមុនពេលអ្នកមិនទាន់ដឹងថា អ្នកត្រូវបានសម្ភាសន៍ជាប់ឬធ្លាក់ អ្នកមិនត្រូវលើកសំនួរនេះឡើយ។ មូលហេតុសំខាន់នោះគឺថា អ្នកមិនបានបង្ហាញការប្ដេជ្ញាចិត្តធ្វើការបានច្រើនប៉ុន្មាននោះឡើយ ពោលគឺអ្នកផ្តោតលើការឈប់សម្រាកជារឿងសំខាន់ទៅវិញ។
៤.តើខ្ញុំទទួលបានការងារនេះឬទេ?
សំនួរនេះនឹងធ្វើឲ្យអ្នកសម្ភាសន៍ភ្ញាក់ផ្អើលជាមិនខាន និងយល់ថា អ្នកជាបុគ្គលិកគ្មានភាពអត់ធ្មត់។
៥.តើអ្នកឲ្យប្រាក់ខែប៉ុន្មានសម្រាប់ដំណែងនេះ?
ជាការល្អដែលអ្នកគួរបញ្ជាក់ពីប្រាក់ខែរបស់អ្នកនៅក្នុង CV ជាជាងចោទសួរទៅផ្ទាល់អ្នកសម្ភាសន៍នៅពេលសម្ភាសន៍ការងារ។ អ្នកគួរពិភាក្សាពីរឿងប្រាក់ខែនៅពេលដែលអ្នកត្រូវបានផ្តល់ការងារ បើមិនដូច្នេះទេ អ្នកសម្ភាសន៍នឹងយល់ថា អ្នកធ្វើការដើម្បីប្រាក់ខែជាសំខាន់មិនមែនការងារឡើយ។
៦.តើខ្ញុំអាចរំពឹងទុកបានទេថា តើខ្ញុំត្រូវធ្វើការប៉ុន្មានម៉ោងនៅក្នុងមួយសប្ដាហ៍? តើខ្ញុំត្រូវធ្វើការនៅថ្ងៃចុងសប្ដាហ៍ដែរទេ?
ការសាកសួរពីចំណុចនេះទៅកាន់អ្នកសម្ភាសន៍ អាចបង្ហាញថាអ្នកអាចត្រូវបានរំពឹងទុកក្នុងការធ្វើការងារបានត្រឹមតែបន្តិចបន្តួចតែប៉ុណ្ណោះ។ ជំនួសឲ្យការសួរសំនួរនេះ អ្នកគួរសួរថា តើថ្ងៃធ្វើការមានលក្ខណៈដូចម្ដេច?
៧.តើខ្ញុំត្រូវធ្វើការយូរប៉ុណ្ណាទើបអាចឡើងតំណែងបាន?
ការលើកឡើងសំនួរនេះគឺបានឆ្លុះបញ្ចាំងថា អ្នកមិនសូវចាប់អារម្មណ៍នូវមុខតំណែងដែលអ្នកកំពុងដាក់នេះឡើយ និងបង្ហាញថា អ្នកមកទីនេះដើម្បីត្រៀមខ្លួនដើម្បីរកតំណែងល្អដែលខ្ពស់ជាងនេះតែប៉ុណ្ណោះ។ អ្នកគួរសួរថា តើខ្ញុំទទួលបានឱកាសអ្វីខ្លះពីមុខតំណែងនេះដើម្បីជួយឲ្យក្រុមហ៊ុនរីកចម្រើន?
៨.តើខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការងារនេះ?
នៅពេលអ្នកដាក់ពាក្យមកធ្វើការ គឺអ្នកត្រូវបង្ហាញសក្ដានុពលរបស់អ្នកដើម្បីជួយឲ្យក្រុមហ៊ុនរីកចម្រើន។ ប៉ុន្តែប្រសិនបើអ្នកលើកសំនួរនេះសួរទៅកាន់អ្នកសម្ភាសន៍មានន័យថា អ្នកកំពុងរំពឹងទុកចង់បានប្រយោជន៍ជាច្រើនពីក្រុមហ៊ុនវិញ។
ខាងក្រោមនេះគឺជាសំនួរសំខាន់ៗជាច្រើនទៀតដែលអ្នកមិនគួរសួរទៅអ្នកសម្ភាសន៍
-តើខ្ញុំអាចសុំមើលបន្ទប់សម្រាកនៅក្នុងក្រុមហ៊ុនបានដែរឬទេ?
-តើខ្ញុំអាចមកធ្វើការយឺតបានយូរប៉ុណ្ណាទើបមិនត្រូវបានបណ្ដេញចេញពីការងារ?
-តើខ្ញុំមានពេលសម្រាកយូរប៉ុណ្ណាសម្រាប់ទទួលទានអាហារថ្ងៃត្រង់?
-តើខ្ញុំអាចយកសម្ភារៈកម្សាន្តផ្ទាល់ខ្លួនរបស់ខ្ញុំមកក្រុមហ៊ុនបានដែរឬទេ?
-តើខ្ញុំត្រូវបានស្នើសុំឲ្យធ្វើតេស្តពិនិត្យរកសារធាតុញៀនដែរឬទេនៅមុនពេលមកធ្វើការ?
-តើក្រុមហ៊ុននេះតាមដានការប្រើប្រាស់អ៊ីនធឺណេតជាសម្ងាត់ទៅលើបុគ្គលិកដែរឬទេ?
-តើក្រុមហ៊ុនចេញលិខិតព្រមានប៉ុន្មានដងទើបខ្ញុំអាចត្រូវបានបណ្តេញចេញពីការងារបាន?
ប្រភព៖ Thebalancecareers