ប្រទេសនានាត្រូវប្រយ័ត្នកុំរត់ចូលអន្ទាក់បំណុលវ័ណ្ឌកក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន
លោក Karim Raslan ស្ថាបនិកនិងជាអ្នកពិគ្រោះយោបល់ផ្នែកនយោបាយរបស់ក្រុមហ៊ុន KRA Group បានអោយដឹងថាប្រទេសជាច្រើនកំពុងតែរងការវាយលុកពីការបញ្ចុះបញ្ចូលរបស់ចិនចូលរួមសហការក្នុងគម្រោងសេដ្ឋកិច្ចខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ ប៉ុន្តែគម្រោងមួយនេះគឺមានហានិភ័យខ្ពស់ចំពោះប្រទេសទាំងនោះព្រោះពួកប្រទេសទាំងនេះនឹងអាចធ្លាក់ចូលអន្ទាក់បំណុលវ័ណ្តករបស់ប្រទេសចិនដោយសារខ្ចីលុយរបស់រដ្ឋាភិបាលចិនមកចូលរួមសហការក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយចិន។ ហើយលោកក៍បានបន្ដទៀតថា ប្រទេសទាំងឡាយគួរតែស្វែងយល់ពីហានិភ័យនេះអោយបានជាក់លាក់ហើយយល់ល្អគួរតែកុំចូលរួមសហការក្នុងគម្រោងសេដ្ឋកិច្ចរបស់ចិនមួយនេះហើយងាកមកចាប់ឱកាសពាណិជ្ជកម្មក្នុងប្រទេសឥណ្ឌាវិញ។
ជាពិសេសនោះលោកបានបោះសម្ដីយ៉ាងធ្ងន់រិះគន់ពីគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនថាគោលបំណងធំរបស់ចិនក្នុងគម្រោងសេដ្ឋកិច្ចនេះគឺគោលដៅយុទ្ធសាស្ត្រដែលចិនព្យាយាមស្វែងរកតែផលប្រយោជន៍ធំចំពោះតែខ្លួនឯងប៉ុណ្ណោះ។ ឯប្រទេសនានាដែលស្ថិតក្នុងគម្រោងសេដ្ឋកិច្ចមួយនេះជាមួយប្រទេសចិនគឺនឹងទទួលបានផលប្រយោជន៍តិចតួចឬក៍អាចត្រូវធ្លាក់ក្នុងបំណុលរបស់ចិន។ ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីដែលកំពុងបោះពួយទីផ្សារពាណិជ្ជកម្មរបស់ខ្លួនក្នុងប្រទេសជាច្រើនលើពិភពលោកជាមួយនឹងគម្រោងខ្សែក្រវ៉ាតមួយ ផ្លូវមួយរបស់ខ្លួន។ ហើយបណ្ដាប្រទេសនៅអាស៊ីជាច្រើនសុទ្ធតែបានចូលរួមនិងស្ថិតក្នុងដំណាក់កាលចរចាលើការសហការក្នុងគម្រោងមួយនេះ។ ប៉ុន្តែលោក Karim Slam បាននិយាយថាមុននឹងសម្រេចចិត្តចូលរួមសហការក្នុងគម្រោងមួយនេះ ប្រទេសទាំងនេះគួរតែស្វែងយល់រកចំណុចវិជ្ជមាននិងអវិជ្ជមានទាំងឡាយដើម្បីជៀសវាងក្នុងការធ្លាក់ចូលក្នុងបំណុលរបស់រដ្ឋាភិបាលចិន។
គួរយល់ដឹងផងដែរ ថាមិនមានតែលោក Karim Raslan តែម្នាក់ទេដែលបានរិះគន់លើគម្រោងចិនមួយនេះកន្លងមក។ តួរយ៉ាង មានមេដឹកនាំមួយចំនួនជាពិសេសមេដឹកនាំសហរដ្ឋអាមេរិកលោកដូណាលត្រាំដែលបានវាយប្រហាររិះគន់លើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនដោយចោទប្រកាន់រដ្ឋាភិបាលចិនមានគោលបំណងចង់ប្រើប្រាស់គម្រោងរបស់ខ្លួនក្នុងការព្យាយាមពង្រីកឥទ្ធិពលនយោបាយរបស់ខ្លួនតាមប្រទេសនានា។
ទោះបីជារដ្ឋាភិបាលចិនបានបដិសេធការចោទប្រកាន់បែបនេះយ៉ាងណាក៍ដោយប៉ុន្តែបញ្ហាដូចការចោទប្រកាន់បែបនេះកំពុងតែកើតមានឡើងឲ្យពិភពលោកបានឃើញមកហើយដូចករណីក្នុងប្រទេសស្រីលង្ការជាដើម។ ប្រទេសស្រីលង្ការបានសហការក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនដោយបានកសាងកំពង់ផែ Hambantota ដោយបានខ្ចីលុយមួយចំនួនធំពីរដ្ឋាភិបាលចិនមកកសាងកំពង់ផែនេះ។ ប៉ុន្តែដោយសារតែប្រទេសស្រីលង្ការមិនអាចមានលទ្ធភាពសងបំណុលទៅរាជរដ្ឋាភិបាលចិនបាន ក៍ត្រូវសម្រេចចិត្តប្រគល់កំពង់ផែមួយនេះទៅឲ្យរដ្ឋាភិបាលចិនគ្រប់គ្រងក្នុងកុងត្រារយៈពេល ៩៩ ឆ្នាំ។ ដូចនេះគឺរដ្ឋាភិបាលចិនមានសិទ្ធពេញលេញជាផ្លូវការក្នុងការគ្រប់គ្រងកំពង់ផែមួយនេះនិងតំបន់ជុំវិញកំពង់ផែនេះ។
ហេតុនេះបើប្រទេសស្រីលង្កាមានវាសនាបែបនេះ បញ្ហាបែបនេះក៍អាចកើតឡើងចំពោះប្រទេសផ្សេងៗទៀតបានដែរ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ឬក្រោមការអភិវឌ្ឍដូចជាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាដើមដែលកំពុងតែចូលរួមឬក៍ត្រៀមចូលរួមក្នុងគម្រោងចិនមួយនេះ។ ប្រទេសទាំងនេះអាចនឹងងាយជួបប្រទះវាសនាបែបនេះដូចប្រទេសស្រីលង្ការព្រោះប្រទេសទាំងនេះគឺកំពុងតែស្ថិតក្នុងការព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យរឹងដៃរឹងជើង។ ដូចនេះគឺប្រទេសទាំងនេះអាចនឹងគ្មានលទ្ធភាពសងបំណុលប្រទេសចិនបានវិញទេហើយក៍ត្រូវសម្រេចចិត្តដូចអ្វីដែលរដ្ឋាភិបាលប្រទេសស្រីលង្ការបានធ្វើ។ ហេតុផលនេះហើយបានជាប្រទេសមួយចំនួនបានយល់ពីស្ថានការណ៍បែបនេះហើយប្រទេសខ្លះបានសើរើឬរំសាយចោលកិច្ចព្រមព្រៀងនៃការសហការគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយជាមួយប្រទេសចិន។
ងាកមកមើលសម្ដីរបស់លោក Karim Raslan ដែលបាននិយាយថាប្រទេសផ្សេងៗគួរតែងាកមកវិនិយោគនៅក្នុងប្រទេសឥណ្ឌាវិញប្រសើរជាងការវិនិយោគក្នុងប្រទេសចិន។ ហេតុផលសំខាន់គឺប្រទេសឥណ្ឌាកំពុងតែមានសន្ទុះកំណើនប្រជាជនដែលកើនឡើងយ៉ាងលឿនដែលមានសន្ទុះក្នុងអត្រា ៧ ភាគរយ។ សន្ទុះនេះគឺខ្ពស់ជាងសន្ទុះនៃកំណើនប្រជាជនក្នុងប្រទេសចិនដែលមានសន្ទុះត្រឹមតែ ៦ ទៅ ៦.៥ ភាគរយប៉ុណ្ណោះ។ កត្តានេះគឺជាអំណោយផលមួយដែលអាចជួយអោយប្រទេសផ្សេងៗ អាចងាកមកធ្វើការវិនិយោគទុនក្នុងប្រទេសឥណ្ឌាដោយសារប្រជាជនឥណ្ឌា (១.៣ ពាន់លាននាក់) នឹងត្រូវការទំនិញនាំចូលក្នុងអត្រាច្រើន។ ម្យ៉ាងទៀតកម្លាំងពលករនៅប្រទេសឥណ្ឌាគឺមានច្រើនប្រហាក់ប្រហែលនឹងចំនួនប្រជាជនរបស់ប្រទេសចិនដែរ។ ដូចនេះគឺប្រទេសផ្សេងៗអាចងាកមករកទីផ្សារក្នុងប្រទេសឥណ្ឌាវិញដើម្បីអភិវឌ្ឍន៍ប្រទេសខ្លួនឯងប្រសើរជាងខ្ចីលុយរដ្ឋាភិបាលចិនមកពង្រីកវឌ្ឍនភាពសេដ្ឋកិច្ចរបស់ខ្លួន។ នេះជាផ្លូវមួយដែលប្រទេសកំពុងអភិវឌ្ឍគួរដើរដើម្បីជៀសវាងក្នុងការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិនដើម្បីជៀសវាងរត់ចូលអន្ទាក់បំណុលរបស់មហាយក្សមួយនេះ៕
ដោយ៖ នឿន វណ្ណៈ