កម្ពុជា​នឹង​ចំណេញ​៤០០​លាន​ដុល្លារ ​ប្រសិន​បើអាច​កាត់​បន្ថយ​ការ​នាំ​ចូល​​ក្នុង​វិស័យ​ទេសចរណ៍បាន​១០%​



ដោយ​សារ​តែ​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បាន​ជំរុញឲ្យ​មាន​ការ​កើន​ឡើង​នូវ​ផលិតផល​នាំ​ចូល​ពី​បរទេស​បម្រើ​ឲ្យ​ការ​ផ្គត់​ផ្គង់​ក្នុង​វិស័យ​នេះ ដែល​នាំ​ឲ្យ​ចំណូល​ទេចរណ៍​ប្រមាណ​២៥%​ត្រូវ​បាន​ធ្លាយ​ចេញ​ទៅ​វិញ ដូច្នេះ​បើ​កម្ពុជា​អាច​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​នៃ​ការ​នាំ​ផលិត​ពី​បរទេស​ចូល​បាន​​ប្រមាណ​១០​ភាគរយ​ នោះ​កម្ពុជា​អាច​ចំណេញ​បាន​ប្រមាណ​៤០០​លាន​ដុល្លារ។

ខណៈ​ដែលវិស័យ​ទេសចរណ៍​កម្ពុជា​បាន​នាំ​មកនូវ​ចំណូល​ក្នុង​សេដ្ឋកិច្ចជាតិ​ប្រមាណ​ជាង ៤ពាន់លានដុល្លារ កាល​ពី​ឆ្នាំ​២០១៨​កន្លង​មកនេះ យើង​ក៏​ត្រូវ​គិតគូរ​ពីការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច (Economic Leakages) ក្នុងវិស័យ​ទេសចរណ៍ ដោយ​ចំណូល​ទេសចរណ៍​ប្រមាណ ២៥% ត្រូវ​បាន​ធ្លាយ​ចេញ​ទៅ​វិញ ដែល​ភាគ​ច្រើន​កើត​ឡើងដោយសារ​ការ​នាំចូល​ផលិតផល​ពី​បរទេស ដូចជា បន្លែ ផ្លែឈើ សាច់ ស្រា គ្រឿងសង្ហារឹម វត្ថុសិប្បកម្មផ្សេងៗ -ល- ដើម្បីទ្រទ្រង់ កំណើន​គំហុក​នៃ​ការអភិវឌ្ឍ​វិស័យទេសចរណ៍​នៅកម្ពុជា។

ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ដាក់​ទិសដៅ​ដោយ​ត្រូវព្យាយាម​កាត់បន្ថយ​អត្រានៃ​ការ​ធ្លុះធ្លាយ​ឲ្យ​បាន​យ៉ាងតិច ១០% ​បន្ថែម​ទៀត (ឲ្យ​មក​នៅ​ត្រឹម ១៥% ដែល​ជា​កម្រិត​ទូទៅ​របស់បណ្តា​ប្រទេស​គោលដៅ​ទេសចរណ៍​នានា )។ លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ថា បើ​យើង អាច​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​បាន​ប្រមាណ​១០% បន្ថែម​ទៀត គឺ​យើង​អាច​ចំណេញ​បាន ប្រមាណ ៤០០ លានដុល្លារ ពី​ការ​នាំចូល របស់​ទាំងនេះ សំរាប់​តែ បំរើ ឧស្សាហកម្ម ទេសចរណ៍។

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​ពី​ "ខ្សែ​សង្វាក់​តម្លៃ​ផលិតកម្ម​ និង​ការ​បង្កើន​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ក្នុង​វិស័យ​ទេសចរណ៍​" កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​ ហ្រ្គីនភែលេស​ ឯក​ឧត្តម​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​ ក៏​បាន​ស្នើរ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ជួយ​ជម្រុញ​ការ​ប្រើប្រាស់​ផលិតផល ក្នុង​ស្រុក​ឧស្សាហកម្ម​ទេសចរណ៍ ព្រោះ​វិស័យ​នេះ​ជម្រុញ​ឲ្យ​មាន​កំណើន​ឡើង​នូវ​ការ​ផ្គត់ផ្គង់​ផលិតផល​ក្នុង​ស្រុក៕

 

ប្រភព៖ ក្រសួង​ទេសចរណ៍
រូបភាព៖ cpp.org.kh
ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s