ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ជោគជ័យ​នៅ​ក្នុង​សាលា ប៉ុន្តែ​មិន​ជោគជ័យ​នៅ​ក្នុង​ជីវិត?​



កាល​ពី​នៅ​ក្មេង អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ជួប​ដំបូន្មាន​ឪពុក​​ម្តាយ ឬ​គ្រូៗ​របស់​អ្នក​​ថា អ្នក​ត្រូវ​តែ​ខំ​រៀន​ឲ្យ​ពូកែ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ការ​ងារ​ល្អ​ធ្វើ​នៅ​ពេល​អនាគត។ ហេតុដូច្នេះ​​​​និទ្ទេស "A” ប្រហែល​ជា​គោលដៅ​តែមួយ​គត់​ដែល​អ្នក​ចង់​បាន​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត។ ក៏ប៉ុន្តែ​នៅ ក្នុង​ជីវិត​ជាក់ស្ដែង តើ​អ្នក​អាច​រាប់​បាន​ទេ​ថា តើ​មាន​សិស្ស​​និទ្ទេស "A” ប៉ុន្មាន​អ្នក​ដែល​​ធំ​ឡើង​រៀន​ចប់​ទៅ​​ជោគជ័យ​នៅ ក្នុង​ជីវិត?

នៅ​ក្នុង​សាលា អ្នក​នឹង​សង្កេត​ឃើញ សិស្ស​​ពូកែ​ស្រីប្រុស គោរព​បាន​នូវ​វិន័យ​សាលា​បាន​ល្អ​ណាស់។ ពួកគេ​ធ្វើ​កិច្ចការ​សាលា​​ចប់​មុន​ពេល​ថ្ងៃ​ផុត​កំណត់ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​ប្រឡង​ទៀត។ នៅ​ទីបំផុត សិស្ស​ពូកែ​ទាំង​នេះ​នៅ​តែ​មិន​សប្បាយ​ចិត្ត​ពេល​ចេញ​ទៅ​ធ្វើ​ការ​​ ហើយ​នៅ​តែ​មិន​ជោគជ័យ​ បើ​ទោះបី​ជា​រក​លុយ​បាន​ច្រើន​ពី​ការងារ​របស់​ខ្លួន​ក៏ដោយ។ តើ​ហេតុ​អ្វី​បាន​ជា​បែប​នេះ? ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី មូលហេតុ​​នៅ ពី​ក្រោយ​បញ្ហា​​នេះ​បាន។

អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ឲ្យ​ជីវិត​ធ្វើ​ដំណើរ​ទៅ​យ៉ាង​រលូន និង​ជោគជ័យ​ មិនមែន​​ត្រឹម​តែ​រៀន​នៅ​ក្នុង​សាលា​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ
និយាយ​បែប​នេះ​មិនមែន​ជំរុញ​ឲ្យ អ្នក​​បោះបង់​សាលា​ចោល​ ហើយ​ងាក​មក​រៀន​មេរៀន​ជីវិត​ផ្សេង​ទៀត​​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ។ មុខវិជ្ជា​សំខាន់ៗ​ដូច​ជា រៀន​ភាសា គណិតវិទ្យា រូបវិទ្យា តន្ត្រី​ ជា​ដើម​សុទ្ធតែ​មាន​តម្លៃ​សម្រាប់​អ្នក។ ប៉ុន្តែ​អ្វី​ដែល​​ប្រធាន​បទ​នេះ​លើក​មក​និយាយ​នោះ​គឺ​ថា សញ្ញាប័ត្រ​នៅ​ក្នុង​សាលា​វា​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។  តាម​ពិត​នៅ​ក្នុ
ង​​ខ្សែ ជីវិត​អ្វីៗ ដែល​មាន​តម្លៃ​ច្រើន​ណាស់​ដែល​សាលា​មិន​អាច​បង្រៀន​បាន ហើយ​ក៏​មាន​ទម្លាប់​មិន​ល្អ​ជា​ច្រើន​ដែល​ប្រពន្ធ​អប់រំ​នៅ​ក្នុង​សាលា​មាន​គឺ​៖

នៅ​ក្នុង​ថ្នាក់​រៀន គ្រូ​ចង់​ឲ្យ​អ្នក​លើកដៃ​នៅ​ពេល​​គាត់​សួរ​​អ្នក​ ហើយ​​អ្នក​ត្រូវ​រង់ចាំ​គាត់​ជ្រើសរើស​​អ្នក ឬ​អ្នក​ផ្សេង​ឡើង​ឆ្លើយ​សំនួរ។ សាលា​ចង់​ឲ្យ​អ្នក​ត្រូវ​ដាក់​លិខិត​សុំច្បាប់​ពេល​អ្នក​ចង់​​ឈប់សម្រាក។ សាលា​បង្រៀន​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​គំនិត​ឡើង​វិញ ជាជាង​ការ​បង្កើត​គំនិត​ថ្មីៗ​ឡើង។ សាលា​បង្រៀន​អ្នក​ថា អ្នកណា​​ឆ្លាត​​ជាង ​អ្នកនោះ​ហើយ​ដែល​ជា​អ្នក​ពូកែ។ ​សាលា​បង្រៀន​អ្នក​យក​ពិន្ទុ​ឲ្យ​បាន​ច្រើន រៀន​ឲ្យ​ពូកែ ដើម្បី​ចេញ​មាន​ការងារ​ល្អ និង​មាន​ប្រាក់ខែ​ច្រើន។ ភាព​ជោគជ័យ​របស់​អ្នក​នៅ​ក្នុង​សាលា​គឺ​កំណត់​ដោយ​ពិន្ទុ។

ជា​ទូទៅ​ដើម្បី​ជោគជ័យ​ក្នុង​សាលា​ អ្នក​ត្រូវ​តែ​ស្ដាប់​បង្គាប់ ហើយ​បើទោះបី​ជា​អ្នក​​ជា​សិស្ស​ល្អ ឬ​អត់​នោះ​គឺ​អាស្រ័យ​លើ​ការ​​គិត​របស់​គ្រូ​របស់​អ្នក។ ជំនួស​ឲ្យ​ការ​ជួយ​ឲ្យ​សិស្ស​ស្វែង​យល់​​ថា មូលហេតុ​អ្វី​បាន​ជា​ពួកគេ​ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​សាលា​ដាក់​ឲ្យ គ្រូ ឬ​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​សាលា​បាន​បង្ខំ​អ្នក​ឲ្យ​គោរព​តាម​ច្បាប់​វិន័យ​។ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ជាក់ស្ដែង វា​មិន​ដូច្នេះ​នោះ​ទេ។  ដើម្បី​ជោគជ័យ​នៅ​ក្នុង​ជីវិត អ្នក​ត្រូវ​តែ​គិត​ដើរ​ចេញ​ពី​ប្រអប់​របស់​អ្នក​ជាជាង​ធ្វើ​អ្វី មួយ​ដែល​ជា​ការងារ​របស់​អ្នក​ផ្សេង​ទៀត។ ទន្ទឹម​នឹង​នេះ នៅ​​ខាងក្រៅ​សាលារៀន មាន​ការងារ​​ផ្សេង​ទៀត​ច្រើន​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​ ដូច​ជា​ថា ​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សប្បាយ​ចិត្ត? តើ​ធ្វើ​ម៉េច​ទើប​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​រឹងមាំ? តើ​​ត្រូវ​ធ្វើ​ការ​ដោយ​ឆ្លាត​វៃ​​យ៉ាង​ដូចម្ដេច? ឬ​ក៏​ថា ត្រូវ​ធ្វើ​ដូចម្ដេច​ទើប​ឲ្យ​ជីវិត​របស់​អ្នក​មាន​តម្លៃ?

លទ្ធផល​មិន​ល្អ​នៅ​ក្នុង​សាលា​មិន​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ក្នុង​ជីវិត​ឡើយ
ថ្វីត្បិតតែ​ពិន្ទុ​ល្អ​នៅ​ក្នុង​សាលា​អាច​ផ្ដល់​ឱកាស​ច្រើន​ក្នុង​ការ​ចាប់​យក​ការងារ​ល្អៗ ឬ​តំណែង​ខ្ពស់​ដល់​អ្នក ក៏ប៉ុន្តែ​​ប្រសិន​បើ​​​អ្នក​ទទួល​បាន​លទ្ធផល​មិន​ល្អ​នៅ​ក្នុង​សាលា​វិញ ក៏​មិនមែន​មានន័យ​ថា អ្នក​បរាជ័យ​នៅ​ក្នុង​ជីវិត​នោះ​ឡើយ។ មាន​បុគ្គល​ល្បីៗ​ច្រើន​ណាស់​ដូច ​ជា Stev Jobs លោក Richard Branson លោកស្រី Oprah Winfrey និង​លោក Jim Carey ជា​ដើម​ដែល​​បុគ្គល​ទាំង​នេះ​​រៀន​មិនសូវ​ពូកែ​ ឬ​​បោះបង់​ការ​សិក្សា​ចោល​តែម្តង។ ​នេះ​​ជា​មេរៀន​ដ៏​ល្អ​មួយ​បញ្ជាក់​ថា មាន​កិច្ចការ​ច្រើន​រាប់​ម៉ឺន​ជំពូក​ដែល​អ្នក​​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នក ហើយ​សាលា​រៀន​គ្រាន់តែ​ជា​​ការងារ​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក។

មេរៀន​ជីវិត​គឺ​ជា​មេរៀន​វែងអន្លាយ រៀន​​មិន​ចេះ​អស់ ដូច្នេះ​ភាព​ជោគជ័យ​របស់​បុគ្គល​លើ​អ្វី​មួយ​មិនមែន​មានន័យ​ថា ជីវិត​បុគ្គល​នោះ​ជោគជ័យ​​ក្នុង​ជីវិត​នោះ​​ឡើយ
ប្រសិន​បើ​អ្នក​បាន​រៀនចប់​​អស់​ថ្នាក់​នៅ​មហាវិទ្យាល័យ​ហើយ​នោះ អ្នក​ត្រូវ​បន្ត​រៀន​​ហើយ​រៀន​ទៀត ពី​ព្រោះ​ថា​​មេរៀន​ដែល​អ្នក​បាន​រៀន​នៅ​សាលា មិន​អាច​​គ្រប់គ្រាន់​ជួយ​​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជោគជ័យ​នោះ​ទេ។ ប្រសិន​បើ​អ្នក​កំពុង​សិក្សា​នៅ​ឡើយ បើ​ទោះបី​ជា​​​ការ​សិក្សា​របស់​អ្នក​ខ្សោយ ឬ ​ពូកែ​ប៉ុណ្ណា​ក៏ដោយ កុំ​យក​លទ្ធផល​នេះ​​ធ្វើ​ជា​រឿង​សំខាន់​ទៅ​វាស់​ស្ទង់​​កំណត់​ពី​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក​។ កុំ​ជឿ​ទៅ​នឹង​​សម្តី​របស់​អ្នក​ដែល​និយាយ​ថា ពិន្ទុ​ល្អ​ គឺ​ជា​​ផ្លូវ​តែ​មួយគត់​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជោគជ័យ ឬ​ក៏​និយាយ​ថា ធ្វើ​តាម​អ្វី​ដែល​សាលា​បង្ហាត់បង្រៀន​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក។

សរុប​មក​វិញ អ្វី​ដែល​​អ្នក​​គួរ​ស្វែង​យល់​ក្នុង​ប្រធានបទ​នេះ​គឺ​ថា ប្រសិន​បើ​អ្នក​ជា​ឪពុក​ម្តាយ ឬ​ជា​គ្រូបង្រៀន សូម​កុំ​ផ្តោត​តែ​ទៅ​លើ​លទ្ធផល​ពិន្ទុ​ពី សាលា​របស់​ពួកគេ​​ខ្លាំង​ពេក។ សូម​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ជា​ទេពកោសល្យ​របស់​ពួកគេ និង​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​បង្ហាញ​ទេពកោសល្យ​នោះ​ចេញ​មក​ដែល​នេះ​ហើយ​ជា​អ្វី​ដែល​អាច​បញ្ជាក់​​ពី​របៀប​ដែល​ពួកគេ​អាច​កសាង​ជីវិត​ប្រកប​ដោយ​ទំនុកចិត្ត​ និង​អាច​​នាំ​ឲ្យ​​ជីវិត​របស់​ពួកគេ​ជោគជ័យ៕

ប្រភព៖ Lifehack ​​​​