មានដឹងទេ វិស័យអ្វីខ្លះដែលរុញច្រានសេដ្ឋកិច្ចថៃឲ្យមានការរីកចម្រើនខ្លាំងរហូតដល់សព្វថ្ងៃ
ថៃជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងតំបន់។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ (GDP) មានចំនួន ៤០៤,៨២៤ ប៊ីលានដុល្លារ ជាមួយនឹងអំណាចទិញមានប្រមាណ ១,១០៨ ទ្រីលានដុល្លារ។ ចំនួនប្រជាជនថៃមាន ៦៧.២ លាននាក់ សេដ្ឋកិច្ចប្រទេសថៃមានកម្លាំងពលកម្មធំ និងមធ្យមភាគនៃ GDP per capita ៥,៧៧១ដុល្លារ។ សេដ្ឋកិច្ចថៃមានការរីកចម្រើនជាខ្លាំងក្នុងប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ហើយប្រទេសនេះក៏មានការធ្លាក់ចុះអត្រានៃភាពក្រីក្រពី ៦៥.២៦% ទៅ ១៣.១៥% ចន្លោះពីឆ្នាំ ១៩៨៨ ទៅ ២០១១។
ការរីកចម្រើននេះក៏វាអាស្រ័យទៅលើកត្តាសេដ្ឋកិច្ចក៏ដូចជាវិស័យមួយចំនួន ដែលរុញឲ្យប្រទេសថៃឈានជើងចូលក្នុងទីផ្សារអន្តរជាតិ និងក្លាយខ្លួនទៅជាប្រទេសដែលធ្វើការនាំចេញលំដាប់លេខ ២០ ទៅ កាន់ប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ជប៉ុនជាដើម។ វិស័យដែលជួយដល់ជាតិឲ្យឈានមុខនោះមានដូចជា៖
១) សហគ្រាសខ្នាតតូច និងមធ្យម
មួយក្នុងចំនោមការរួមបញ្ចូលសំខាន់បំផុតនៃសេដ្ឋកិច្ចថៃ គឺដោយសារមានទំហំធំនៃសហគ្រាសខ្នាតតូចនិងមធ្យម SMEs។ SMEs ជាអ្នកចូលរួមធំបំផុតក្នុងផលិតផលក្នុងស្រុកសរុបរបស់ថៃ ជាក់ស្តែង SMEs ក្នុងប្រទេសនេះមានច្រើន និងប្រមាណ ៩៩.៧% នៃប្រតិបត្តិការអាជីវកម្មគឺធ្វើឡើងនៅតាមបណ្តាខេត្ត ឬជនបទ ដែលជាហេតុលើកស្ទួយនឹងផ្តល់ចំណូលដល់មនុស្សស្ទើរគ្រប់គ្នា។ ក្នុងឆ្នាំ ២០១៣ អាជីវកម្ម SMEs បានចូលរួម ៣៧.៤% នៃ GDP សរុប ភាគរយនេះបានបង្ហាញពីថាថយចុះជាងឆ្នាំ ២០០២ ដែល SMEs រួមចំណែកក្នុង GDP បាន ៤១.៣%។
SMEs នៅក្នុងប្រទេសថៃឆ្លើយតបចំពោះការនាំចូលទំនិញច្រើនជាងការនាំចេញ សេដ្ឋកិច្ចវិទូ បានអះអាងថានេះជាការពិតដែលថាឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានន័យថាមានទំនិញតែប៉ុន្មានមុខប៉ុណ្ណោះដែលផលិតសម្រាប់ធ្វើការនាំចេញ។ ចំនួនមួយភាគបីនៃកំលាំងពលកម្មផ្តល់ដោយ SMEs ក្នុងប្រទេសថៃ គឺបម្រើដល់ការជួញដូរ សេវាកម្ម និងឧស្សាហកម្មផលិតកម្ម។
២) វិស័យឧស្សាហកម្ម និងការផលិត
វិស័យឧស្សាហកម្មជាវិស័យមួយធំជាងគេដែលចូលរួមក្នុង GDP សរុបរបស់ប្រទេសថៃ ៤៣.៩%។ ក្នុងវិស័យឧស្សាហកម្មនេះ ផ្នែកផលិតកម្មមានផលិតភាពខ្ពស់ជាងគេបានរួមចំណែក ៣៤.៥% នៃ GDP។ បន្ថែមពីនេះវិស័យឧស្សាហកម្មបានទទួលខុសត្រូវលើការផ្តល់ជួននូវការងារជាផ្លូវការប្រមាណ ១៤% ក្នុងប្រទេស។ ចន្លោះពីឆ្នាំ ១៩៩៥ ដល់ ២០០៥ ឧស្សាហកម្មនេះមានការរីកចម្រើនកម្រិតមធ្យម ៣.៤% ហើយក្នុងរយៈពេលថ្មីៗនេះ របាយការណ៍បានបង្ហាញថាមានការរីកចម្រើនយឺតបន្តិច។
ប្រភេទទំនិញសំខាន់ពីរប្រភេទដែលផលិតនៅប្រទេសថៃគឺរថយន្តនិងអេឡិចត្រូនិក។ ជាមធ្យមថៃផលិតបានរថយន្តប្រហែល ២លាន គ្រឿងក្នុងមួយឆ្នាំ ដែលបានដណ្តើមមុខជាប្រទេសដែលផលិតរថយន្តធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ភាគច្រើននៃឡានតូច និងឡានដឹកជញ្ជូនដែលផលិតក្នុងប្រទេសថៃគឺជាយីហោអន្តរជាតិដូចជា Ford, Volkswagen, Mercedes និង BMW។
ដោយឡែកឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិចនៅក្នុងប្រទេសថៃ ផលិតនូវភាគរយធំបំផុតនៃទំនិញនាំចេញ ១៥% នៃការនាំចេញសរុបរបស់ប្រទេស។ ការនាំចេញនេះមានមានតម្លៃប្រមាណ ៥៥ ប៊ីលានដុល្លារ និងជាឧស្សាហកម្មឯកទេសមួយដែលផ្តល់ការងារផ្នែកផលិតកម្ម ១២.២% ក្នុងប្រទេសថៃ។ ក្នុងផលិតកម្មអេឡិចត្រូនិចនេះ កុំព្យូទ័រ និងបង្គុំសៀគ្វី ត្រូវបានគេឃើញថាជាទំនិញនាំចេញដ៏ធំទូលាយ ដែលកុំព្យូទ័រមាន ៧.៩% ស្មើនឹងទឹកប្រាក់ប្រមាណ ១៨.៣ ប៊ីលានដុល្លារ ខណៈដែលបង្គុំសៀគ្វីមាន ៤.២% ស្មើនឹងទឹកប្រាក់ប្រមាណ ៩.៨% ប៊ីលានដុល្លារ។
គួរបញ្ជាក់ដែរថា ថៃជាប្រទេសធំលំដាប់ទី ២ ក្នុងពិភពលោកខាងផ្នែកផលិត hard disk drives។ ការនាំចេញធំលំដាប់លេខបីសម្រាប់ថៃគឺ ផលិតផលផ្លាស្ទិច និងកៅស៊ូ ដែលផ្តល់ជាទឹកប្រាក់ប្រមាណ ២៤.៩ ប៊ីលានដុល្លារនៃការនាំចេញសរុប បន្ទាប់មកគឺចំណីអាហារដែលមានតម្លៃប្រមាណ ១៧.៤ ប៊ីលានដុល្លារនៃទំនិញក្នុងមួយឆ្នាំ។ ចំណែកមុខទំនិញអាហារដែលថៃផលិតច្រើនជាងគេមានដូចជា ត្រី និងស្ករឆៅ។
៣) វិស័យសេវាកម្ម
ក្រៅពីវិស័យដែលបានរៀបរាប់ខាងលើ មានវិស័យមួយទៀតចូលរួមយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនោះគឺ វិស័យសេវាកម្មដែលជួយជំរុញដល់ GDP បានស្ទើរតែពាក់កណ្តាល (៤៤.៧%)។ វិស័យនេះអាចបែងចែកជាចំនួនឯកទេសតាមឧស្សាហកម្មរួមមានដូចជា ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ និងបដិសណ្ឋារកិច្ច ការលក់រាយ ទំនាក់ទំនង និងធនាគារ។ វិស័យសេវាកម្មនេះផ្តល់ការងារ ៣៧% នៃកំលាំងពលកម្ម និងអាចពិចារណាបានថាជាគន្លឹះនៃការរីកចម្រើននាពេលអនាគតរបស់សេដ្ឋកិច្ចថៃ។
ភាពសំខាន់នៃវិស័យសេវាកម្មដើម្បីការរីកចម្រើននៃសេដ្ឋកិច្ចថៃ អាស្រ័យលើវិស័យដទៃទៀត (ដូចជាឧស្សាហកម្ម និងផលិតកម្ម) ដែលរស់រានមានជីវិតក្នុងសេដ្ឋកិច្ច។ ឧទាហរណ៍ ពេលដែលថៃអាចផលិតបានទូរស័ព្ទច្រើន វាស្ថិតនៅក្នុងវិស័យផលិតកម្ម តម្លៃនៃឧស្សាហកម្មនេះបានមកពីសេវាកម្មបន្ថែមទៃទៀតរួមមាន ការចែកចាយ ការលក់រាយ និងការគាំទ្រអតិថិជន (customer support)។ យោងតាមសេដ្ឋវិទូមួយចំនួន ផ្លូវដែលអាចបង្កើតឲ្យមានសក្តានុពលពិតប្រាកដគឺ មានការចូលរួមចំណែកពីរដ្ឋនិងវិស័យឯកជន។ អ្នកជំនាញទាំងអស់នេះជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការធ្វើនិយតកម្មលើគុណភាពនឹងនាំមកនូវស្តង់ដារប្រសើរឡើង។ បង្កើននូវស្តង់ដារគុណភាពជាលទ្ធផលក្នុងការកើនឡើងនៃធាតុចេញ (output)។ ការផ្លាស់ប្តូរនេះកើតឡើងតំណាលគ្នាជាមួយការរឹតបន្តឹងលើគោលការណ៍ពាណិជ្ជកម្មដែលបង្កើតឲ្យមានភាពងាយស្រួលដល់ប្រតិបត្តិការអាជីវកម្ម ជំរុញលើកទឹកចិត្តឲ្យមានការរីកចម្រើន និងវិនិយោគក្នុងប្រទេសថៃ។
ដោយឡែកទេសចរណ៍ជាឧស្សាហកម្មដ៏រឹងម៉ាំមួយក្នុងវិស័យសេវាកម្ម ដែលបានចូលរួមប្រមាណ ១៧.៧% នៃ GDP សរុបនិងបានបង្ហាញពីការលូតលាស់ស្ថិរភាពជាងឆ្នាំមុន ហើយការរីកចម្រើននេះត្រូវបានគែរំពឹងថានឹងបន្តកើនឡើងនាពេលអនាគត៕
ដោយ៖ យ៉ាយ៉ា