ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្លូវដែកបន្តពីរដ្ឋាភិបាល​



ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្លូវដែកបន្តពីរដ្ឋាភិបាល ដោយផ្តោតទៅលើការធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូនក្រុមនាំចេញ និងនាំចូល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការណ៍ បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះថា ការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើអាជីវកម្មលើផ្លូវដែកឡើងវិញនេះ ដោយសារក្រសួងសាធារណៈការណ៍ ត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក។

សេចក្តីជូនដំណឹងបន្តទៀតថា ក្រសួងនឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ដោយក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមនាំចេញ និងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើឲ្យមានប្រសិទ្ធភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាកត្តាជំរុញឱ្យផ្លូវដែកកម្ពុជាជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ពិតប្រាកដក្នុងការបង្កើតជាកាលានុវត្តភាបថ្មីសម្រាប់ប្រជាជាតិកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង រួមនឹងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ បានសរសេរលិខិតគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងចាត់ទុកសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមានអត្ថន័យ និងជាការលើកទឹកចិត្តគាំទ្រដ៏ធំធេងដល់វិស័យឯកជនក្នុងស្រុក ដែលកំពុងស្ទុះងើបឡើងនេះ ឲ្យមានឱកាស លទ្ធភាព និង សមត្ថភាព រួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចកម្ពុជា ដូចដែល សម្តេចតេជោនាយករដ្នមន្ត្រីធ្លាប់មានប្រសាសន៍ថា ចង់ឃើញវិស័យឯកជនកម្ពុជា មានថាមពលរឹងមាំ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងភាពជាម្ចាស់ប្រទេស។

តាមរយៈលិខិតនេះក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ បានប្តេជ្ញាខិតខំសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាពនៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យកាន់តែល្អប្រសើរឡើង ទាំងការដឹកជញ្ជូន ភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូ កុងតឺន័រ មិនឲ្យរាំងស្ទះឡើយ។

គួររំលឹកថា ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោហ៊ុន សែនបានលើកឡើងថា ការសម្រេចបញ្ចប់ការធ្វើអាជីវកម្មនេះ បន្ទាប់ពីមើលឃើញថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យដឹកជញ្ជូនតាមផ្លូវដែកហាក់មិនបានទទួលជោគជ័យ ហើយក្រុមហ៊ុនក៏មិនបានពង្រីកសក្ដានុពលរបស់ខ្លួន និងមិនបានបំពេញតម្រូវការរបស់អតិថិជនបានគ្រប់គ្រាន់នោះ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវ៉េ ចាប់ដំណើរការដឹកអ្នកដឹកដំណើរនៅឆ្នាំ២០១៦ បន្ទាប់ពីក្រុមហ៊ុននេះ ទទួលសិទ្ធិវិនិយោគផ្លូវរថភ្លើងនៅកម្ពុជាក្នុងឆ្នាំ២០០៩ សម្រាប់រយៈពេល៣០ឆ្នាំ៕

ដោយ៖ ស្រីពេជ្រ

X
5s