មូលហេតុ ៥យ៉ាងរារាំងអ្នកមិនឲ្យឈានទៅដល់សក្ដានុពលខ្លាំងក្លាក្នុងខ្លួន
តើអ្នកមានដែលគិតទេថា រៀងរាល់ថ្ងៃនេះអ្នកមិនទាន់បានធ្វើអ្វីឲ្យចេញជាផ្លែផ្កាអស្ចារ្យអ្វីសម្រាប់ខ្លួនឯងនៅឡើយទេ? តើវាមកពីអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ ឬក៏អ្នកមិនទាន់បានបង្ហាញសក្ដានុពលដែលអ្នកមាននោះអស់នៅឡើយទេ? ចំណុច ៥យ៉ាងនេះជាហេតុផលសាមញ្ញៗ ដែលបញ្ជាក់ថាអ្នកមិនទាន់ឈានទៅរកសក្ដានុពលដែលអ្នកមាននៅឡើយទេព្រោះ៖
១) អ្នកមិនទាន់ស្មោះត្រង់ចំពោះខ្លួនឯង៖ អ្នកត្រូវតែមានភាពស្មោះត្រង់ខ្ពស់បំផុតចំពោះខ្លួនឯងជាមុនសិនហើយ ត្រូវតែច្បាស់ជាងអ្នកណាទាំងអស់អំពីខ្លួនឯង។ គឺវាមានតែអ្នកទេដែលដឹងពីភាពខ្សោយនិងភាពខ្លាំងរបស់ខ្លួន ហើយត្រូវតែព្យាយាមកែតម្រូវរាល់ចំណុចទាំងអស់។
២) អ្នកគ្មានគោលបំណងច្បាស់លាស់៖ វាពិតជាសំខាន់ណាស់ក្នុងការកំណត់ឲ្យបាននូវគោលដៅមួយដែលអ្នកចង់ទៅ។ គោលដៅនោះហើយដែលជាទឹកចិត្តនិងចង្អុលបង្ហាញផ្លូវសម្រាប់អ្នកដើរទៅថ្ងៃអនាគត។
៣) អ្នកមិនបានរៀបចំឲ្យច្បាស់លាស់៖ នៅពេលអ្នកមានគោលបំណងមួយច្បាស់លាស់ថាអ្នកចង់ធ្វើអ្វីហើយនោះ អ្នកទាមទារការរៀបចំឲ្យមានផែនការច្បាស់លាស់។ គ្មានអ្វីដែលល្អជាងការរៀបចំឲ្យបានច្បាស់លាស់នោះទេ។
៤) អ្នកមិនចង់ដឹងពីអ្វីទាំងអស់៖ អ្នកត្រូវតែស្វះស្វែងក្នុងការស្វែងរកគន្លឹះល្អ ៗថែមទៀត ដើម្បីយកមកបំពេញចន្លោះខ្វះខាតនានា។ អ្នកមិនអាចដឹងទេថា១០ឆ្នាំទៅមុខទៀត អ្នកនឹងទទួលបានផលអ្វីខ្លះនោះ ? ដូច្នេះហើយ អ្នកត្រូវតែចេះខ្វាយខ្វល់ ហើយសង្កេតមើលពីអ្វីនៅជុំវិញខ្លួនឯងឲ្យបានច្បាស់។
៥) អ្នកមិនផ្ដោតអារម្មណ៍ទាល់តែសោះ៖ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការធ្វើអ្វីមួយឲ្យជោគជ័យ ជាពិសេសសម្រាប់ការជោគជ័យដ៏យូរអង្វែង។ វាជារឿងចាំបាច់សម្រាប់អ្នក ក្នុងការផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកធ្វើ ព្រោះកំហុសនានាអាចកើតមានឡើងដោយចៃដន្យក៏ថាបាន៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា