ស្ពាន​មិត្ត​ភាពកម្ពុជា-ជប៉ុន​នឹង​ត្រូវសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​០៣​ មេសា ​ស្អែក​នេះ​



ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពល​រដ្ឋបាន​ធ្វើដំណើរ ពិសេស​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៤ ១៥ និង១៦ មេសា ខាង​មុខនេះ ស្ពានមិត្ត​ភាពកម្ពុជា-ជប៉ុន ហៅ​ស្ពាន​ជ្រោយ​ចង្វារ នឹង​បើក​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី០៣ ខែមេសា ឆ្នាំ២០១៩ ស្អែក​នេះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេជោហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​។

ការស្តារ​ទ្បើងវិញ​ស្ពាន​ជ្រោយ​ចង្រវា​ចាស់ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំបន្ទាន់ របស់​រាជរដ្ឋាភិ​បាលកម្ពុជា​ ទៅ​កាន់​រដ្ឋាភិបាល​ជប៉ុន ដោយ​ហេតុ​ថា ស្ពាន​នេះមានសភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិនមាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លង​កាត់​ទន្លេ។ មន្ត្រី​រដ្ឋបាល​រាជធានី បាន​បញ្ជាក់​ថា គម្រោង​ជួសជុល​ស្តារ​ទ្បើងវិញ​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹក​ប្រាក់​ចំនួន ៣.៣៤៣ (បីពាន់បីរយសែសិបបី) លាន​យ៉េន ប្រមាណ​ជា ៣៣ (សាមសិបបី) លាន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ជួសជុល​ស្តារ​ទ្បើង​វិញ​នៃ​ស្ពាន​នេះបាន​ប្រើ​រយៈពេល​ប្រមាណ​២១​ខែ ប៉ុន្តែ​ជាក់​ស្ដែង​ការ​សាងសង់​ត្រឹមតែ​១៩ខែ​ប៉ុណ្តោះ​ត្រូវ​បាន​រួចរាល់​ជាស្ថាពរ។ ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់ ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច និង​រំហូរចរាចរណ៍ កើន​ឡើង​ជា​លំដាប់ ស្ពាន​នេះ​តម្រូវ​ឱ្យ​មាន​ការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​​របស់​រដ្ឋាភិបាល​ជប៉ុន ដោយ​បាន​ចាប់​ផ្តើម​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និង​បាន​បញ្ចប់​១០០​ភាគរយ គ្រោង​នឹង​បើក​ឱ្យ​ដំណើរកានៅមុនបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីរ​ខ្មែរ​ខាងមុខ​នេះ៕

ប្រភព៖ Phnom Penh Reporter
​ដោយ៖ ជួប ស្រីរ័ត្ន

 

 

X
5s