យក្សអាស៊ីមានបំណងគ្រប់គ្រងសមុទ្រចិនខាងត្បូងក្នុងគម្រោងផ្លូវសូត្ររបស់ខ្លួន ខណៈហ្វីលីពិនកំពុងភ័យខ្លួន​



លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនកំពុងតែស្ថិតក្នុងសម្ពាធជាខ្លាំងដោយសារតែប្រទេសហ្វីលីពីនបានខ្ចីលុយយ៉ាងច្រើនពីរដ្ឋាភិបាលចិនមកសាងសងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ហេតុនេះហើយបានជាលោក Rodrigo Duterte មានការបារម្ភខ្លាចថាហ្វីលីពីនមិនអាចមានលទ្ធភាពសងបំណុលមួយនេះដល់ប្រទេសចិនវិញ ដែលលទ្ធផលក្នុងពេលអនាគតគឺប្រទេសនេះអាចមានការបាត់បង់អ្វីមួយក្នុងពេលអនាគត។

ខណៈដែលប្រទេសចិនសព្វថ្ងៃកំពុងស្ម័គ្រចិត្តផ្ដល់ថវិកាកម្ចីដល់ប្រទេសអាស៊ានមួយចំនួនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមរយៈគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយគឺមានប្រទេសអាស៊ានមួយចំនួនកំពុងមើលឃើញពីផលអវិជ្ជមាននៃការសហការក្នុងគម្រោងចិនមួយនេះ។ ប្រទេសចិនតែងតែប្រកាស់ប្រាប់ថាខ្លួនមានគោលបំណងចង់ផ្សាភ្ជាប់សេដ្ឋកិច្ចនិងពង្រឹងមិត្តភាពដៃគូសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។ ប៉ុន្តែការផ្សាភ្ជាប់ទំនាក់ទំនងរបស់ចិនជាមួយបណ្ដាប្រទេសផ្សេងៗគឺប្រទេសចិនតែងតែសម្លឹងមើលឃើញផលប្រយោជន៍ធំដែលខ្លួនអាចទទួលបានពីបណ្ដាប្រទេសផ្សេងៗ។

អ្វីដែលប្រទេសចិនកំពុងមើលឃើញតាមរយៈការទាក់ទាញប្រទេសអាស៊ានមួយចំនួនមកចូលរួមក្នុងគម្រោងសេដ្ឋកិច្ចរបស់ខ្លួនគឺជាតំបន់សមុទ្រចិនខាងត្បូង។ ការពិតទៅ ប្រទេសចិនចង់ផ្សាភ្ជាប់បណ្ដាប្រទេសអាស៊ានមួយចំនួនដោយសារតែប្រទេសចិនមានគោលបំណងធំចង់ដណ្ដើមតំបន់សមុទ្រចិនខាងត្បូងដែលជាតំបន់ពពេញទៅដោយធនធានធម្មជាតិជាច្រើនមានដូចជាប្រេងនិងឧស្ម័នធម្មជាតិ។ លើសពីនេះតំបន់សមុទ្រនេះក៍មានសារសំខាន់យ៉ាងធំមួយទៀតដល់ប្រទេសចិនគឺវាជាកន្លែងដែលអាចអោយចិនពង្រីកកងទ័ពជើងទឹករបស់ខ្លួននិងពង្រឹងវិស័យយោធារបស់ខ្លួនផងដែរដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសមហាអំណាចយោធាមានដូចជាសហរដ្ឋអាមេរិក រុស្សី និងចក្រភពអង់គ្លេសជាដើម។

តាមរយៈលោក Daniel O’Neil​ សាស្រ្តាចារ្យរងផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យប៉ាស៊ីហ្វិកបានអោយដឹងថាសមុទ្រចិនខាងត្បូងមួយនេះគឺជាច្រកដឹកជញ្ជូនសំខាន់ចំពោះផ្លូវសេដ្ឋកិច្ចចិន។ សព្វថ្ងៃប្រទេសចិននាំចូលប្រេងជាង ៨០ ភាគរយតាមរយៈច្រកម៉ាឡាកាក្នុងតំបន់សមុទ្រចិនខាងត្បូងមួយនេះ។ ដូចនេះហេតុផលសំខាន់ដែលចិនព្យាយាមដណ្ដើមការគ្រប់គ្រងក្នុងតំបន់នេះគឺចង់ពង្រឹងឥទ្ធិពលនិងអំណាចរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈ Global Risk Insights បានឲ្យដឹងថាតំបន់សមុទ្រមួយនេះគឺផ្ទុកធនធានប្រេងជាង ១២៥ ពាន់លានធុងនិងផ្ទុកឧស្ម័នធម្មជាតិជាង ៥០០ លានលានហ្វីតគូប (trillion cubic feet)។ ជាពិសេសតំបន់នេះមានសកម្មភាពនេសាទជាង ១០ ភាគរយលើទូទាំងពិភពលោកហើយជារៀងរាល់ឆ្នាំមានការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់នេះដែលមានតម្លៃគិតសរុបជាង ៣.៤ លានលានដុល្លារ (trillion) ឯណោះ។

កាលកន្លងមក ប្រទេសចិនធ្លាប់មានជម្លោះជាមួយប្រទេសមួយចំនួនក្នុងការឈ្លានពាននិងដណ្ដើមយកកម្មសិទ្ធក្នុងការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងនេះដោយប្រទេសចិនបានកសាងកោះសប្បនិម្មិតក្នុងតំបន់នោះដែលធ្វើឲ្យប្រទេសមួយចំនួនដែលមានភាគកម្មសិទ្ធក្នុងការគ្រប់គ្រងតំបន់សមុទ្រនេះដែរមិនសុខចិត្តជាមួយនឹងទង្វើរបស់មហាអំណាចអាស៊ីមួយនេះ។ ប្រទេសទាំងនោះមានដូចជាប្រ៊ុយណេ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងតៃវ៉ាន់។

ប៉ុន្តែថ្មីៗកន្លងមកនេះប្រទេសចិនមានភាពមមាញឹកជាខ្លាំងជាមួយនឹងការកសាងមិត្តភាពដៃគូពាណិជ្ជកម្មជាមួយប្រទេសទាំងនេះក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈគម្រោងផ្លូវមួយ 
ខ្សែក្រវ៉ាត់មួយរបស់ខ្លួន។ តែគោលបំណងធំរបស់ចិនគឺលើសពីការចងសម្ព័ន្ធភាពពាណិជ្ជកម្មទៅទៀតគឺប្រទេសចិនចង់គ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងនេះហើយបានប្រើវិធីសាស្ត្រទាក់ទាញប្រទេសក្នុងតំបន់នេះអោយមកធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌករបស់ខ្លួន។ តួយ៉ាងដូចប្រទេសហ្វីលីពីនដែលបានទទួលយកប្រាក់កម្ចីជាង ៩ ពាន់លានដុល្លារពីចិនមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមានដូចជា ទំនប់ស្តុកទឹកជាដើម កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែភ័យខ្លាចមិនអាចមានលទ្ធភាពសងបំណុលចិនវិញបានក្នុងពេលអនាគត។ ហើយក្រោយមកទីបញ្ចប់គឺប្រទេសហ្វីលីពីនអាចនឹងធ្លាក់ចូលក្នុងបញ្ចីបំណុលរបស់ចិនដែលអាចនឹងតម្រូវឲ្យប្រទេសមួយនេះត្រូវធ្វើការដោះដូរអ្វីមួយជាមួយចិនដើម្បីលុបឈ្មោះខ្លួនចេញពីតារាងបញ្ជីបំណុល។

អ្វីដែលធ្វើអោយប្រធានាធិបតីហ្វីលីពីនលោក
Rodrigo Duterte ព្រួយបារម្ភជាងគេគឺខ្លាចត្រូវបាត់បង់កម្មសិទ្ធលើតំបន់សមុទ្រចិនខាងត្បូងដោយសារតែចិនអាចនឹងទាមទា​រឲ្យប្រទេសហ្វីលីពីនផ្ទេរសិទ្ធនោះមកចិនពេលដែលប្រទេសហ្វីលីពីនមិនអាចសងលុយកម្ចីដល់រដ្ឋភិបាលទីក្រុងប៉េកាំងវិញ។

ម្យ៉ាងវិញទៀត ក្នុងគោលបំណងដែលចិនផ្ដល់ប្រាក់កម្ចីដល់បណ្ដាប្រទេសអាស៊ានទាំងនេះគឺប្រទេសចិនចង់យកប្រទេសទាំងនោះមកឈរនៅខាងបក្សខ្លួនពេលដែលចិនបោះជំហានវាយលុកគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងនេះព្រោះថាក្នុងពេលដែលប្រទេសទាំងនេះកំពុងជំពាក់ថវិកាចិន គឺប្រទេសទាំងនេះប្រាកដជាមិនហ៊ានហាមាត់ប្រកែកឬជំទាស់ទង្វើរបស់ចិនឡើយ។ នេះហើយជាគម្រោងរបស់ចិនក្នុងការជួយបណ្ដាប្រទេសផ្សេងៗ ប៉ុន្តែមានបំណងដាក់នុយធំមកធ្វើជាផលប្រយោជន៍របស់ខ្លួន។

ទាក់ទងនឹងរឿងដែលប្រធានាធិបតីហ្វីលីពីនបានចុះកិច្ចព្រមព្រៀងខ្ចីលុយប្រទេសចិនមកកសាងហេដ្ឋរចនាសម្ព័ន្ធរបស់ខ្លួន គឺបានបង្កភាពស្រឡាំងកាំងដល់មេដឹកនាំប្រទេសម៉ាឡេស៊ីលោក Mahathir Mohammed ដោយលោកបានបោះសម្ដីថាប្រទេសហ្វីលីពីនអាចក្លាយជាប្រទេសបន្ទាប់ពីប្រទេសមួយចំនួនដែលអាចនឹងប្រឈមនឹងបញ្ហាបាត់បង់អ្វីមួយក្នុងការសហការក្នុងគម្រោងចិនមួយនេះ។ ដូចប្រទេសស្រីលង្ការជាដើមដែលត្រូវបាត់បង់កំពង់ផែរបស់ខ្លួនដោយសារគ្មានលុយសងបំណុលរាជរដ្ឋាភិបាលចិនក៍ត្រូវសម្រេចចិត្តអោយប្រទេសចិនគ្រប់គ្រងកំពង់ផែខ្លួនក្នុងរយៈពេល ៩៩ ឆ្នាំដើម្បីលុបបំបាត់បំណុលនោះ។

ដោយ៖ នឿន វណ្ណៈ

 

 

X
5s