៥ ចំនុចនេះអ្នកត្រូវពិចារណាមុនសម្រេចចិត្តបើកអាជីវកម្ម Fast Food
អាជីវកម្ម Fast Food អាចចាត់ទុកជាប្រភេទអាជីវកម្មមួយដែលពេញនិយម ងាយស្រួលបើក ក៏អាចចំណាយដើមទុនតិចដែរ លក្ខណៈពិសេសគឺទទួលបានផលចំណេញល្អគួរសម្យ។ សព្វថ្ងៃមានអាជីវកម្ម Fast Food នេះក្រាស់ក្រែលណាស់ដែរនៅតាមទីប្រជុំជន ពិសេសក្នុងទីក្រុងភ្នំពេញយើងមានទាំងអាជីវកម្មបែបគ្រួសារ និងអាជីវកម្មទិញសិទ្ធិចែកចាយបន្ត (Franchise)។
ដោយសារមានអាជីវកម្មបែបនេះច្រើនហើយនៅក្នុងទីផ្សារ ដូច្នេះមុនពេលចាប់ដំណើរការអាជីវកម្មយើងត្រូវពិចារណាលើចំនុចមួយចំនួនដូចខាងក្រោម៖
១) ប្រភេទអាហារ
មើលថាបច្ចុប្បន្នអាហារប្រភេទណាដែលមានច្រើននៅក្នុងទីផ្សារ អាហារបែបណាដែលកំពុងពេញនិយម អាហារណាដែលនៅតែបន្តការពេញនិយម ហើយអាហារប្រភេទណាទៀតដែលទាក់ទាញអតិថជនបានតែមួយឆាវ។ អ្វីដែលសំខាន់ជាងនេះទៅទៀត អ្នកត្រូវរកឲ្យឃើញថា អ្វីទៅជាតម្រូវការដែលអតិថិជនកំពុងចង់បាន។ ជាមួយគ្នានេះដែរ អ្នកអាចមានគំនិតច្នៃប្រឌិតអ្វីថ្មីៗដើម្បីបំពេញចិត្ត ក៏ដូចជាទាក់ទាញអតិថិជនបានទេ។
២) អាជីវកម្មបែបទិញសិទ្ធិ ឬមិនមែន
នេះក៏ជាចំនុចមួយដែលគួរគិតដែរ ថាអាជីវកម្ម Fast Food នេះអ្នកចង់បើកជាយីហោផ្ទាល់ខ្លួន ឬចង់ទិញសិទ្ធិអាជីវកម្មបន្តពីគេ? ពិចារណាលើដើមទុនដែលអ្នកមានសមស្របសម្រាប់អាជីវកម្មដែលជាយីហោខ្លួនឯង ឬទិញសិទ្ធិអាជីវកម្មល្អជាង? ជាធម្មតាទេការដែលបើកអាជីវកម្មផ្ទាល់ខ្លួនចំណាយដើមទុនតិច តែវាប្រឈមនឹងបញ្ហាអតិថិជន ព្រោះមិនទាន់មានអ្នកស្គាល់ច្រើននៅឡើយ ការរង់ចាំប្រាក់ចំណេញត្រូវអូសបន្លាយពេលវេលាយូរសម្រាប់អាជីវកម្មទិញសិទ្ធិ។
៣) ជ្រើសរើសតំបន់ ទីតាំងភូមិសាស្រ្ត
ទីតាំងជាកត្តាមួយសំខាន់ មិនថាតែអាជីវកម្ម Fast Food ទេ គ្រប់អាជីវកម្មត្រូវគិតគូរឲ្យបានច្បាស់បំផុតពីទីតាំងសម្រាប់ដំណើរការអាជីវកម្មនេះ។ ការលក់ Fast Food នេះល្អបំផុតគឺជ្រើសទីតាំងនៅតំបន់ដែលមានចរាចរណ៍មមាញឹក ជិតសាកលវិទ្យាល័យ ជិតសាលារៀន ជិតផ្សារទំនើប កន្លែងកម្សាន្តនានាជាដើម។
៤) ប្រភពទុន
ចង់រកស៊ីអ្វីក៏ត្រូវការដើមទុនដែរ សំនួរដែលសំខាន់បំផុតមានវិធីអ្វីដែលអាចរកប្រភពទុនមកចាប់ដំណើរការការរកស៊ីរបស់យើងនេះ? ជាយោបល់អ្នកគួរមានផែនការអាជីវកម្មមួយ ទោះបីអាជីវកម្មអ្នកតូចប៉ុណ្ណា វាអាចជាជំនួយដល់អ្នកដំណើរការការងារទៅតាមអ្វីដែលគ្រោងទុក ទោះមិនបាន ១០០% តែត្រឹម ៦៥ ទៅ ៨០% គឺវាល្អបំផុតហើយ។ ម្យ៉ាងទៀត ការដែលអ្នករៀបចំផែនការអាជីវកម្មនេះវាងាយស្រួលដល់អ្នកស្វែងរកវិនិយោគិនដែលមានសក្តានុពលបានចូលរួមទុនជាមួយអ្នក។
៥) សុវត្ថិភាពចំណីអាហារ
ចំនុចនេះសំខាន់ណាស់ដែលអ្នកត្រូវធ្វើការ ប្រមូលព័ត៌មានអំពីបទបញ្ជាទាំងអស់របស់រដ្ឋ ក្រសួងសុខាភិបាល ក៏ដូចជាអ្នកដែកពាក់ព័ន្ធទាំងអស់ខាងចំណីអាហារមុននឹងបើកអាជីវកម្មនេះ។ ត្រូវប្រាកដខ្លួនឯងថាអាជីវកម្មមួយនេះស្ថិតនៅក្នុងរង្វង់នៃការអនុញ្ញាតទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនប៉ះពាល់ដល់អ្នកប្រើប្រាស់៕
ដោយ៖ យ៉ាយ៉ា