ឥណ្ឌូនេស៊ីមានគម្រោងធំចង់អភិវឌ្ឍន៍កំពង់ផែ Batam ទៅជាកំពង់ផែធំជាងគេក្នុងតំបន់របស់ខ្លួន​



ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើការអភិវឌ្ឍបន្ថែមលើកំពង់ផែ Batam ដែលនឹងចំណាយថវិកាជាង ១១៥ លានដុល្លារអាមេរិកក្នុងគម្រោងអភិវឌ្ឍន៍ Pelindo I មួយនេះ។ ការវិនិយោគនេះត្រូវបានប្រកាសនៅថ្ងៃអង្គារដោយលោក Bambang Eka Cahyana ប្រធានគ្រប់គ្រង Pelindo I បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីលោក Jusuf Kalla ទៅកាន់ទីក្រុង Batam ក្នុងពេលថ្មីៗនេះ

គម្រោងការអភិវឌ្ឍនេះគឺត្រូវបានប្រកាសបន្ទាប់ពីការប្រកាសរបស់គម្រោងប្រទេសម៉ាឡេស៊ីក្នុងការអភិវឌ្ឍបន្ថែមលើកំពង់ផែ Tanjung Pelepas ដោយប្រទេសម៉ាឡេស៊ីចង់បង្កើតការងាយស្រួលដល់នាវាដឹកជញ្ជូនទំនិញអាចផ្ទេរទំនិញបន្តទៅនាវាផ្សេងទៀតដោយមិនចាំបាច់ចតនាវានៅមាត់កំពង់ផែមុននឹងផ្ទេរទំនិញទៅនាវាផ្សេង។ ការអភិវឌ្ឍបែបនេះអាចជួយកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនទំនិញ។ រីឯគម្រោងរបស់ប្រទេសឥណ្ឌូនេស៊ីវិញក៍មានគោលបំណងដូចនឹងគម្រោងរបស់ប្រទេសម៉ាឡេស៊ីដែរក្នុងការបង្កើនការងាយស្រួលដល់ការផ្ទេរទំនិញតាមនាវា។ ជាពិសសនោះគឺប្រទេសឥណ្ឌូនេស៊ីចង់បង្កើនការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតក្នុងវិស័យសេដ្ឋកិច្ចរបស់ខ្លួន។

កំពង់ផែមួយនេះគឺស្ថិតនៅភាគចុងខាងជើងនៃតំបន់ Batam ដែលបែរមុខចំច្រកសមុទ្រសិង្ហបុរី (Singapore Strait) ហើយក្នុងពេលឆាប់ៗ គឺកំពង់ផែមួយនេះនឹងមានម៉ាស៊ីនស្ទួច ៣ គ្រឿងនិងត្រាក់ទ័រ ១២ គ្រឿងដែលនឹងជួយសម្រួលដល់ការផ្ទេរទំនិញពីនាវាដឹកទំនិញមួយទៅនាវាដឹកទំនិញមួយទៀត។ ម៉ាស៊ីនទាំងអស់នេះនឹងជួយបង្កើនសមិទ្ធផលក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកព្រមទាំងជួយកាត់បន្ថយការចំណាយមួយចំនួនលើកម្លាំងពលកម្មក្នុងការផ្ទេរទំនិញនេះផងដែរ។

ការវិនិយោគនេះក៍មានការសហការជាមួយក្រុមហ៊ុនម៉ាឡេស៊ី KA Petra និងក្រុមហ៊ុនហុងកុង Hutchison Port Holdings ផងដែរ។ គម្រោងនេះគឺត្រូវធ្វើនៅលើទីធ្លាជាង ១ ២០០ ហិកតាដែលនឹងធ្វើនៅលើមាត់ច្រកសមុទ្រ Strait of Johor

អ្វីដែលពិសេសជាងនេះទៅទៀតគឺ កំពង់ផែ Batam និងក្លាយជាកន្លែងដែលផ្ទេរទំនិញពីនាវាមួយទៅនាវាមួយទៀតធំជាងគេលើពិភពលោកដែលអាចអោយនាវាដឹកទំនិញធំៗជាង ៣០ គ្រឿងមកចតបានក្នុងបរិវេណនោះក្នុងពេលតែមួយ។ ហើយកំពង់ផែមួយនេះក៍អាចផ្ទុកទំនិញប្រេងបានជាង ៩ លានតោនផងដែរ។

គម្រោង Pelindo I ត្រូវបានប្រកាសបន្ទាប់ពីមានកិច្ចប្រជុំមួយដែលចូលរួមដោយអនុប្រធានាធិបតីលោក Jusuf Kalla ជាមួយលោក Bambang រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចលោក Darmin Nasution ទេសាភិបាលកោះ Riau លោក Nurdin Basirun ភ្នាក់ងារតំបន់ពាណិជ្ជកម្មសេរីលោក Edy Putra Irawady និងអភិបាលក្រុង Batam លោក Muhammad Rudi កាលពីថ្ងៃអង្គារទី ២ មេសាថ្មីៗនេះ។

លោក Kalla បានប្រាប់អ្នកកាសែតថាកិច្ចប្រជុំនេះបានធ្វើឡើងក្នុងការរកមធ្យោបាយក្នុងការបង្កើនសមិទ្ធផលដែលជួយកាត់ការចំណាយនិងពេលវេលាក្នុងការផ្ទេរទំនិញតាមនាវានិងធ្វើឲ្យតម្លៃក្នុងការផ្ទេរទំនិញនេះមានតម្លៃទាបជាងកន្លែងកំពង់ផែផ្សេងៗទៀតក្នុងតំបន់នេះ។ ហើយលោកបានបន្តទៀតថាបច្ចុប្បន្ន កំពង់ផែនេះកំពុងតែចំណាយលុយខ្ជះខ្ជាយដូចជាត្រូវបានចំណាយលើការត្រួតពិនិត្យទំនិញកុងន័រក្នុងប្រទេសសិង្ហបុរីដែលបានជំរុញឲ្យតម្លៃដឹកជញ្ជូនទំនិញមានការកើនឡើងជាបន្តបន្ទាប់។

ដូចនេះហើយបានជា ប្រទេសម៉ាឡេស៊ីចង់អភិវឌ្ឍកំពង់ផែ Batam ជាកំពង់ផែដែលអាចជួយសម្រួលដល់កត្តាទាំងអស់នេះដោយសារតែកំពង់ផែមួយនេះគឺស្ថិតនៅចម្ងាយពីប្រទេសសិង្ហបុរីជាង ៣០ គីឡូម៉ែត្រប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះចាប់តាំងពីឆ្នាំ ១៩៧០ កំពង់ផែមួយនេះបានទាក់ទាញការវិនិយោគបានក្នុងទឹកប្រាក់សរុបជាង ២០ ពាន់លានដុល្លារជាង៕

ដោយ៖ នឿន វណ្ណៈ

X
5s