វិទ្យាសាស្ត្រ​និយាយ​ថា ចង់​សប្បាយ​រីករាយ អ្នក​​គួរ​ធ្វើ​រឿង​នេះ​



តើ​សុភមង្គល គឺ​ជា​ជម្រើស​ដែរ​ឬទេ? ចម្លើយ​គឺ​អាច​​ត្រូវ​អាច​ខុស។ ចិត្តវិទូ​លោក​ស្រី  Sonja Lyubomirsky មក​ពី​សាកលវិទ្យាល័យ  California បាន​លើកឡើង​ថា ៥០% នៃ​សុភមង្គល​​មាន​នៅ​ក្នុង​ហ្សែន​ពី​កំណើត​របស់​អ្នក។ ដូច្នេះ អ្នក​កើត​មក គឺ​នាំ​យក​សុភមង្គល​បាន ៥០% រួច​ទៅ​ហើយ។ ប៉ុន្តែ​​នៅ​សល់ ៥០% ទៀត​ ដោយ​វា​អាស្រ័យ​ថា តើ​អ្នក​មាន​សមត្ថភាព​យក​វា​បាន​ឬ​ក៏​អត់? 

ដើម្បី​ទទួល​បាន​សុភមង្គល​ដែល​នៅ​សល់​ ៥០%​ ​ផ្សេង​ទៀត​ គឺ​ត្រូវ​ពឹងផ្អែក​លើ​សមត្ថភាព​គ្រប់គ្រង​ខ្លួន​អ្នក​ផ្ទាល់​​​ដូចជា សុខភាព ទំនាក់ទំនង​ស្នេហា អាជីព​ការងារ ការ​សម្រេច​បាន​គោលដៅ និង​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ។ ​​​នេះ​មានន័យ​ថា បើ​អ្នក​គ្រប់គ្រង​សកម្មភាព​ទាំង​នេះ​បាន​ល្អ អ្នក​នឹង​ទទួល​បាន​ភាព​រីករាយ​បន្ថែម​ទៀត​លើ​សុភមង្គល​ ៥០% ដែល​មាន​ស្រាប់។ ខាងក្រោម​នេះ គឺ​ជា​វិធី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​កាន់តែ​ខ្លាំង​ឡើង៖ ​

១.រក​វិធី​ជួយ​អ្នកដទៃ​ឲ្យ​បាន​កាន់តែ​ច្រើន
ការ​ផ្តល់​ឲ្យ​អ្នកដទៃ​​ត្រូវ​បាន​ចាត់​ទុក​ថា គឺ​ជា​ការ​​ធ្វើ​អំពើ​ល្អ​មួយ​ដែល​មិន​គិត​​ផលប្រយោជន៍​ខ្លួន​ឯង​ជា​ធំ។ ការ​ផ្តល់​ឲ្យ​អ្នកដទៃ ឬ​ការ​រួមចំណែក​ក្នុង​ការ​​ចែករំលែក​ដល់​សង្គម ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​​ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម និង​បរិស្ថាន​នៅ​ជុំវិញ​អ្នក​ពោរពេញ​ទៅ​ដោយ​ភាព​ភាតរភាព។ អ្នក​​អាច​សង្កេត​ដោយ​ខ្លួនឯង​បាន​ថា​ នៅ​ពេល​អ្នក​ជួយ​អ្នកដទៃ​បាន​កាន់តែ ច្រើន​ឡើង ជា​ពិសេស​មនុស្ស​ដែល​ត្រូវការ​ជំនួញ​ជាចាំបាច់ នឹង​ធ្វើ​ឲ្យ អ្នក​មាន​អារម្មណ៍​កាន់តែ​សប្បាយចិត្ត បើ​ទោះបី​ជា​អ្នក​មិន​គិត​ពី​ផលប្រយោជន៍​ដែល​ទទួល​បាន​មកវិញ​ក៏ដោយ។

២.ពុះពារ​ដើម្បី​សម្រេច​គោលដៅ​របស់​អ្នក
គោលដៅ​ដែល​អ្នក​ចង់​ទៅ ប៉ុន្តែ​អ្នក​មិន​បាន​ប្រឹងប្រែង​ពុះពារ​ដើម្បី​សម្រេច​គោលដៅ​នោះ​ នេះ​គេ​​មិន​ចាត់ទុក​ថា ​ជា​គោលដៅ​ទេ​។ វា​គ្រាន់តែ​ជា​ក្តី​សុបិន្ដ​មួយ​ប៉ុណ្ណោះ ហើយ​ក្តី​សុបិន្ដ​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​បាន នៅ​ពេល​ដែល​អ្នក​ធ្វើ​ឲ្យ​ក្តី​សុបិន្ដ​នោះ​ក្លាយ​ជា​ការពិត​តែប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នកនិពន្ធ​សៀវភៅ “Simple Secrets of the Best Half of Life” លោក David Niven និយាយ​ថា អ្នក​ដែល​អាច​កំណត់​គោលដៅ​ដែល​ខ្លួន​បាន​ធ្វើ​ គឺ​ ១៩%  ហាក់ដូចជា​ពេញចិត្ត​នឹង​ជីវិត​របស់​ពួកគេ ហើយ ២៦% ហាក់ដូចជា​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​ខ្លួនឯង ។ យ៉ាងណាមិញ ​​នៅ​ពេល​អ្នក​​ពុះពារ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​តម្រង់​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​អ្នក អ្នក​នឹង​មាន​​ក្តី​សង្ឃឹម​ទុក​ជា​មុន​ថា អ្នក​នឹង​អាច​សម្រេច​វា​បាន។ ទីបំផុត​អ្នក​នឹង​រីករាយ​នឹង​លទ្ធផល​នេះ។

៣.ឧស្សាហ៍​ធ្វើ​រឿង​ដែល​អ្នក​ធ្វើ​បាន​ល្អ​បំផុត
តើ​អ្នក​មាន​ធ្លាប់​ពិសោធន៍​ខ្លួន​ឯង​ដែរ​​ទេ​ថា នៅ​ពេល​អ្នក​ធ្វើ​អ្វី​មួយ​​ដែល​អ្នក​ស្រលាញ់​បំផុត និង​ពូកែ​បំផុត អ្នក​មាន​អារម្មណ៍​បែប​ណា? ចម្លើយ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​អារម្មណ៍​រីករាយ​នោះ​ទេ។ ដូច្នេះ បើ​អ្នក​ធ្វើ​ការងារ​ដែល​អ្នក​ពូកែ ដែល​អ្នក​ចូលចិត្ត អ្នក​នឹង​កាន់តែ​រីករាយ​ឡើងៗ។ សកម្មភាព​​របស់​អ្នក​ដែល​នាំ​ឲ្យ​អ្នក​រីករាយ និង​មាន​គុណតម្លៃ​ជា​ទូទៅ​ វា​នឹង​ជំរុញ​ឲ្យ អ្នក​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត។

៤.បង្កើត​មិត្តភាព​ស្និទ្ធស្នាល​​ឲ្យ​កាន់តែ​ច្រើន 
មាន​​បណ្ដាញ​ទំនាក់ទំនង​ល្អ​ទាំង​​នៅ​​​ក្នុង​ការងារ​ក្តី ទាំង​ក្រៅ​ការងារ​ក្តី ក្នុង​ជំនួញ​ក្តី ឬ​ជាមួយ​អតិថិជន​ក្តី សុទ្ធតែ​ផ្តល់​គុណសម្បត្តិ​ដល់​អ្នក។ នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង អ្នក​អាច​សង្កេត​ឃើញ​ថា មនុស្ស​ដែល​បង្កើត​​មិត្តភាព​ច្រើន ​មាន​ភាព​ជោគជ័យ​ជាង​មនុស្ស​ដែល​ចូលចិត្ត​ឯកោ។ ទន្ទឹម​នឹង​នេះ ជីវិត​អ្នក​នឹង​​រីករាយ​កាន់តែ​ច្រើន​ឡើង ប្រសិន​បើ​​មិត្តភាព​របស់​អ្នក​ជា​មិត្តភាព​​ល្អ យល់ចិត្ត​យល់​ថ្លើម និង​មិន​គិត​ពី​ផលប្រយោជន៍​ជា​ធំ។

៥.កុំ​ប្រកាន់​ទស្សនៈ មាន​លុយ​ច្រើន​ធ្វើ​ឲ្យ អ្នក​កាន់តែ​សប្បាយចិត្ត 
សាកលវិទ្យាល័យ  Princeton ​បាន​រក​ឃើញ​ថា ថ្វីត្បិត​តែ​លុយ​សំខាន់ ហើយ​វា​​អាច​ទិញ​​អ្វីៗ​បាន​ភាគច្រើន​ក៏​ពិតមែន ប៉ុន្តែ​លុយ​កាន់តែ​ច្រើន​មិន​មែន​ជា​លក្ខខណ្ឌ​តែមួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​នោះ​ឡើយ​ប្រសិន​បើ អ្នក​មិន​​បាន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ ការ​ស្រាវជ្រាវ​សាកលវិទ្យាល័យ​នេះ​បាន​បញ្ជាក់​ថា ការ​​គ្រប់គ្រង​ភាព​លោភលន់​របស់​អ្នក ពោល​គឺ​អារម្មណ៍​ចង់​បាន​នេះ​ចង់​បាន​នោះ​មិន​ចេះ​ចប់ ហើយ​ការ​ចំណាយ​ពេល​ធ្វើ​រឿង​ផ្សេងៗ​ជា​មួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ឲ្យ​បាន​កាន់តែ​ច្រើន អ្នក​នឹង​ទទួល​បាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង​កាន់តែ​ខ្លាំង​ឡើង៕

ប្រភព៖ Inc 

 

X
5s