អត្តចរិត​​យ៉ាប់យ៉ឺន​​មួយ​ចំនួន​របស់អ្នក​រួម​ការងារ​​​ ដែល​លោក​​អ្នក​គួរ​កត់​សម្គាល់​ទុក​ឲ្យ​ហើយ​​​



ពេល​ខ្លះ​ការងារ​​នឹង​កាន់​តែ​ធុញថប់​ឡើង​ៗ  សម្រាប់​មនុស្ស​មួយ​ចំនួន ​ទោះ​បី​វា​ជា​ថ្ងៃ​ល្អ​មួយ​សម្រាប់​ពួក​គេ​​យ៉ាង​ណា​ក៏​ដោយ​។    នេះ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​មិត្ត​រួម​ការងារ​យ៉ាប់​ៗ នៅ​ជុំ​វិញ​អ្នក​នោះ​ឯង។   ប្រាកដ​ណាស់​ដែល​អ្នក​ជិត​ខាង​របស់​​​អ្នក​គឺ​ពិត​ជា​ចូលរួម​រំខាន​ដល់​សតិអារម្មណ៍​ធ្វើ​ការ​របស់​អ្នក​។  ដូច្នេះ​ហើយ​អ្នក​គួរ​តែ​កត់​សម្គាល់​ឲ្យ​ចាំ​នូវ​ អត្តចរិត​អ្នកធ្វើ​ការ​យ៉ាប់​ៗ​នេះ​ទុក​  ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ទទួល​អារម្មណ៍​​ប៉ះពាល់​ពី​ពួក​គេ​ត​ទៅ​ទៀត​៖ 

១) ​តែង​តែ​រំលឹក​គុណ​អាស្រ័យ៖  វា​ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់​​ណាស់​    ដែល​មាន​អ្នក​​រួម​ការងារ​ប្រភេទ​នេះ។  គេ​ហាក់​ដូច​ជា​​ខិត​ខំ​ធ្វើ​ការ​ណាស់   តែ​តាម​ពិត​គឺ​ចង់​ឲ្យ​គេ​សរសើរ នឹង​លើក​តម្កើង​យក​មុខមាត់​តែ​ប៉ុណ្ណោះ។   ទោះ​បី​គេ​មិន​បាន​ដឹង  ក៏​មនុស្ស​បែប​នេះ   ដើរ​ទៅ​ប្រាប់​គេ​ឲ្យ​ដឹង​ថា តើ​គេ​បាន​ធ្វើ​ប្រយោជន៍​អ្វី​ខ្លះ​ដែរ?

២)  ទុក​ការងារ​ចោល៖  មិត្ត​រួម​ការងារ​ប្រភេទ​នេះ  វា​នាំ​ផល​លំបាក​​​មិន​​ត្រឹម​តែ​​ចំពោះ​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ បំផ្លាញ​ដល់​ក្រុមហ៊ុន​ថែម​ទៀត​ផង។   ពួក​គេ​ភាគ​ច្រើន​តែង​តែ​ទុក​ការងារ​សំខាន់​ចោល​  ហើយ​  ពេល​ជិត​ដល់​ម៉ោង​ទើប​ធ្វើ​ការ​បន្ត​។  នេះ​ដោយ​សារ​តែ​ ពួក​គេ​បាន​ចំណាយ​ពេល​​សឹង​តែ​មួយ​ថ្ងៃ​ទៅ​ហើយ​ ក្នុង​ការ​និយាយ​រឿង​ឥតប្រយោជន៍​ជាមួយ​អ្នក​ដទៃ​​នោះ។  

៣)  និយាយ​ដើម​គេ៖  វា​ជា​ម៉ោង​ការងារ​ប៉ុន្តែ ​ម្នាក់​ៗ​ទៅ​ជា​ចំណាយ​ពេល​​និយាយ​ដើម​គេ​អត់ប្រយោជន៍​ទៅ​វិញ​។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​បែរ​ជា​ ​នាំ​អ្នក​ដទៃ បំផ្លាញ​ការងារ ដើម្បី​មក​និយាយ​ដើម​ជាមួយ​គេ​ទៀត។  នេះ​ជា​អត្តចរិត​​ដែល​អ្នក​មាន​ការងារ​ទាំង​អស់​គួរ​តែ​ជម្រុះ​ចោល​ឲ្យ​អស់ ព្រោះ​វា​នាំ​តែ​ផល​ប៉ះពាល់​ច្រើន​ណាស់​ សម្រាប់​ខ្លួន​ឯង​និង​ការងារ​​ទៀត​ផង​៕

 

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s