ស្ពាន​មិត្តភាព​កម្ពុជា-ថៃ​ តម្លៃ​ជាង​២៦​លាន​ដុល្លារ​​គ្រោង​សម្ពោធឲ្យ​ដំណើរ​ការ​នៅថ្ងៃទី ២២ ​មេសា​នេះ​



ស្ពាន​ឆ្លងកាត់​ព្រំដែន​ចំណុច​ស្ទឹងបត់-បានណងអៀង ឬហៅថា ស្ពាន​មិត្តភាព​កម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀង) ​ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើ​នឹង​ប្រមាណ ២៦.៤២លាន​ដុល្លារអាមេរិក គ្រោងនឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ។

ស្ពាន​មិត្តភាព​កម្ពុជា-ថៃ នេះ​មាន​បណ្ដោយ​សរុប​ប្រវែង​៦០៥​ម៉ែត្រ​និង​ទទឹង​១៧​ម៉ែត្រ​  ត្រូវ​បាន​អនុវត្ត​ការ​សាងសង់​ដោយ​កងវិស្វកម្ម​ថៃ។ ច្រកព្រំដែន​ថ្មីនេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និងថៃ និង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​នា​ពេលបច្ចុប្បន្ន។

ថ្លែង​នៅ​ក្នុង​ការ​អញ្ជើញ​ចុះពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​កន្លង​ទៅ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បាន​គូស​បញ្ជាក់​ថា​សារៈ​សំខាន់​នៃ​ការ​តភ្ជាប់​ផ្លូវ​ដែក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មួយ​ព្រះរាជា​ណាចក្រថៃនាពេលឆាប់ៗ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏​ដូច​ជា​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ និង​ការចុះ ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវដែក​រវាង​កម្ពុជានិងថៃ បន្ទាប់​ពី​ពិធី​ចាក់​បេតុង​តភ្ជាប់​មុខ​តំណ​ស្ពាន​ជានិមិត្ត​រូប​នៃ​ការ​បញ្ចប់​ការ​សាងសង់ និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩​ខាង​មុខ​នេះ ​ ស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក រួម​ជា​មួយ​នឹង​ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) នេះគ្រោងនឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការណ៍៕

ប្រភព៖ ក្រសួង​សាធារណការ​ និង ​ដឹក​ជញ្ជូន
ដោយ៖ ជួប ស្រី​រ័ត្ន