កម្ពុជាកំពុងសិក្សាលើ​ប្រព័ន្ធ​​រថភ្លើង​​ទំនើបដើម្បីសម្រួលចរាចរណ៍នៅក្នុងទីក្រុង​



ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានសិក្សាទៅលើប្រព័ន្ធរថភ្លើងទំនើបៗដោយមានភាគីចិន និងជប៉ុន កំពុងសិក្សាលើគម្រោងប្រព័ន្ធរថភ្លើងផ្សេងៗគ្នា តែក្នុងគោលបំណងតែមួយគឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ​ និងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអោយប្រសើរឡើង។

​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធ​ផ​លកា​រងា​រសុ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ ប្រចាំត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​នា​​ថ្ងៃទី៩​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ លោក​ស៊ុន​ ​ចាន់​ថុល​ ​​រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ​​និង​ដឹកជញ្ជូន​ ​បានមានប្រសាសន៍​ថា​ ​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​ ​រត់​នៅ​លើ​អាកាស​បាន​សិក្សា​រួចហើយ​ជាមួយនឹងJICA ប្រទេសជប៉ុន ប៉ុន្តែពេលនេះកម្ពុជាក៍មានប្រទេសចិនមួយទៀតមក​សិក្សា​ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើងផ្លូវមួយ​ (​Monorail​) ​ដែលមានសម្លេង​តិច​​ ​ព្រោះ​វា​ប្រើ​កង់​កៅស៊ូ​ ​និង​មានតម្លៃ​ទាបជាង​ប្រពន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​។​

លោកបានមានប្រសាសន៍ថា "យើងមានគោលបំណងសិក្សារកឲ្យឃើញមើលថាតើ ប្រព័នផ្លូវរថភ្លើងណាមួយមានភាពសមស្របបំផុតសម្រាប់កម្ពុជារវាងប្រព័ន្ធផ្លូវ AGT  ផ្លូវ Monorail  ឬផ្លូវ Metro។"

​កាលពីថ្ងៃទី២៥ មីនា នៅក្នុងជំនួប​ពិភាក្សា​ការងារ​រវាងលោក​ លោក​​ស៊ុន​ ចាន់​ថុល និងលោក​ Zhou​ Keqin​ អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់់​​ក្រុង​ឆុងឈីង ​បាន​ស្នើរ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​និង​ក្រុង​ឆុងឈីងក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ជាពិសេស​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ផ្លូវមួយនៅ​កម្ពុជា​និង​ការ​ជួយ​ពង្រឹង​សមត្ថភាព ធនធានមនុស្ស​របស់​កម្ពុជា​។

ជាមួយគ្នាដែរលោក​ Zhou​ បាន​យល់ព្រម​លើ​សំណើ​របស់​កម្ពុជា​ក្នុង​ការសិក្សា​រៀបចំ​ផែនការ អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ផ្លូវមួយនៅ​កម្ពុជា​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

គួររំលឹកផងដែរថា ប្រព័ន្ធ​ផ្លូវ​រត់​ភ្លើង​ ​AGT​ ​រត់​នៅ​លើ​អាកាសដែលមានប្រទេសជប៉ុនជាអ្នកសិក្សា។ ការសិក្សានេះត្រូវបានប៉ាន់ប្រមាណលើការចំណាយប្រមាណ ៨០០ លានដុល្លារ ដោយប្រព័ន្ធនោះនឹងរត់នៅតាមបណ្ដោយផ្លូវសាធារៈណនៃគម្រោងរថភ្លើងលើអាកាសសំខាន់ៗចំនួន៣ខ្សែ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េតផ្លូវវ៉េងស្រេងរង្វង់ មូលចោមចៅបត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ៕

ដៃគូសហការ៖ www.realestate.com.kh