វៀតណាមចាប់ផ្តើមគម្រោងសាងសង់រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់​



ដោយសារតែប្រជាជនវៀតណាមមានការកើនឡើងស្របពេលជាមួយនឹងការអភិវឌ្ឍយ៉ាងគំហុកទៅលើវិស័យឧស្សាហកម្មធុនធ្ងន់ វាបានធ្វើឱ្យប្រទេសវៀតណាមកំពុងមានតម្រូវការថាមពលក្នុងបរិមាណយ៉ាងច្រើនមហាសាល។ ដើម្បីអាចផ្គត់ផ្គង់តម្រូវការនៃការប្រើប្រាស់ថាមពលនេះ រដ្ឋាភិបាលវៀតណាមបានសាងសង់រោងចក្រផលិតថាមពលជាច្រើនរួចមកហើយ ដោយក្នុងនោះមានតាំងពីថាមពលពីបន្ទះសូឡារ (ពន្លឺព្រះអាទិត្យ) ថាមពលចេញពីធ្យូងថ្ម ប្រេង វារីអគ្គីសនី និងមួយចំណែកធំនៃថាមពលដែលប្រើប្រាស់ក្នុងវៀតណាមទៀតនោះគឺបានពីការទិញពីប្រទេសចិន។​

ដោយសារនៅតែមានការខ្វះខាតនៃថាមពលដែលជាកត្តាលីករសំខាន់មួយសម្រាប់ការអភិវឌ្ឍយ៉ាងនេះហើយ ទើបបានជារដ្ឋាភិបាលវៀតណាមបានសម្រេចអនុម័តគម្រោងសាងសង់រោងចក្រថាមពលដែលដើរដោយកម្លាំងខ្យល់មួយកន្លែងទៀតកាលពីថ្ងៃច័ន្ទ ទី១៥ ខែមេសា ឆ្នាំ ២០១៩ ថ្មីៗកន្លងទៅនេះ។​

ការដ្ឋានសាងសង់បង្គោលទាញស្រូបយកថាមពលដោយកម្លាំងខ្យល់នេះមានឈ្មោះថា “រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ ដុងហៃ” រឺជាភាសាអង់គ្លេសហៅថា “Dong Hai 1 Wind Power Plant” ទីតាំងដំណាក់កាលទី១នៅឯភាគខាងត្បួងនៃខេត្ត Bac Lieu និងទទួលការអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលគ្រោងចំនាយប្រាក់សរុបប្រមាណ១០៨លានដុល្លារអាមេរិច (រឺ២.៥ពាន់លានដុង)។​

រោងចក្រផលិតថាមពលដើរដោយកម្លាំងខ្យល់ក្នុងខេត្តមួយនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៣.៦លានម៉ាយល៍ការ៉េ និងមានបង្គោលកង្ហារតួប៊ីន (turbines) ចំនួន១២បង្គោល។ រោងចក្រនេះត្រូវបានគេរំពឹងទុកថានឹងមានសមត្ថភាពផ្ទុកថាមពលក្នុងបរិមាណរហូតដល់ ៥០មេហ្គាវ៉ាត់ និងផ្គត់ផ្គង់ប្រមាណ ១៦១ លានគីឡូវ៉ាត់ទៅដល់ការប្រើប្រាស់អគ្គីសនីប្រចាំឆ្នាំទូទាំងប្រទេសវៀតណាម។​

រដ្ឋាភិបាលវៀតណាមមានភាពជឿជាក់យ៉ាងមុតមាំថា រោងចក្រផលិតថាមពលដែលកកើតឡើងវិញប្រភេទនេះនឹងចូលរួមចំនែកយ៉ាងច្រើនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងក្លាយខ្លួនទៅជាមជ្ឈមណ្ឌលនៃការវិនិយោគដ៏សំខាន់។​

បញ្ជាក់ផងដែរថាខេត្ត Bac Lieu របស់វៀតណាមមួយនេះមិនមែនទើបតែបើកទ្វារទទួលយកគម្រោងផលិតថាមពលដើរដោយកម្លាំងខ្យល់នេះជាលើកទីមួយនេះទេ នេះគឺជាលើកទី២ហើយដែលមានគម្រោងផលិតថាមពលប្រភេទនេះមកដាក់ទីតាំងនៅក្នុងទឹកដីរបស់ខេត្តនេះ

ដោយគម្រោងថាមពលដើរដោយកម្លាំងខ្យល់ដំបូងគេរបស់វៀតណាមក៏មានវត្តមានក្នុងខេត្តនេះដែរ។ វាមានដាក់ឱ្យដំណើរការជាផ្លូវការតាំងពីឆ្នាំ២០១៦មកម្ល៉េះដែលរោងចក្រនេះអាចផ្ទុកថាមពលបានចំនួន៩៩មេហ្គាវ៉ាត់ និងផលិតថាមពលបាន៣២០គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំៗ ដោយប្រើប្រាស់ថវិការសាងសង់សរុប ២២៤លានដុល្លារអាមេរិច។​

គួរឱ្យកត់សម្គាល់ផងដែរថារដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យថាមពលមួយនេះ ដោយសារតែវាជាដង្ហើមយ៉ាងសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។ ដូច្នេះហើយ ពួកគេបានបង្កើតគោលនយោបាយជាច្រើនដើម្បីទាក់ទាញអ្នកវិនិយោគ​ឱ្យមកបណ្តាក់ទុនលើវិស័យស្នូលមួយនេះ។ ​

តាមការប៉ាន់ស្មានពីធនាគារពិភពលោកបានឱ្យដឹងបន្ថែមទៀតថាប្រទេសនេះនឹងត្រូវការថវិការប្រមាណ១៥០ពាន់លានដុល្លារបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០ ដើម្បីអាចឱ្យខ្លួនបង្កើនផលិតភាពថាមពលសម្រាប់បំពេញតម្រូវការរបស់ប្រទេសនេះ។

ទន្ទឹមនឹងនេះបើយើងក្រលេកមើលមកប្រទេសកម្ពុជាវិញ បញ្ហាកង្វះថាមពលដើម្បីប្រើប្រាស់នៅតែជាបញ្ហាចោទមួយ បើទោះបីជារដ្ឋាភិបាលបានដាក់ចេញគម្រោងរោងចក្រផលិតថាមពលមួយចំនួន ដូចជាថាមពលដើរដោយបន្ទះសូឡានៅឯខេត្តកំពង់ស្ពឺប៉ុន្មានអាទិត្យនេះហើយក្តី។ ដូច្នេះដើម្បីការអភិវឌ្ឍ និងបំពេញតម្រូវការនៃការប្រើប្រាស់របស់ប្រជាជនឱ្យបានគ្រប់គ្រាន់ រដ្ឋាភិបាលកម្ពុជាគួរស្វះស្វែងបន្ថែមទៀត ក្នុងការទាក់ទាញក្រុមអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យថាមពលនេះ៕​

ដៃគូសហការ៖ www.realestate.com.kh

X
5s