ភាសាបរទេសទាំង៤ ដែលអ្នកគួររៀន ព្រោះតែកំពុងត្រូវប៉ាន់
ដោយគ្រាន់តែចេះប្រើប្រាស់ភាសាបរទេស នឹងលាយឡំជាមួយ ចំណេះដឹងខ្លះៗ អ្នកអាចមានឱកាសរកបានប្រាក់ចំណូលយ៉ាងច្រើនលើសលប់។ ខាងក្រោមនេះជាភាសាដែលកំពុងតែត្រូវប៉ាន់៖
១) ភាសាអាល្លឺម៉ង់៖ ភាសាអាល្លឺម៉ង់ នេះគឺជាភាសាដែលអាចរកប្រាក់បានស្រួលជាងគេ ហើយប្រាក់ដែលទទួលបានមកនោះគឺមិនដែលតិចទេ ជាពិសេសសម្រាប់ជនជាតិអាស៊ី ព្រោះថានរណាក៏ដឹងដែរថា ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសមានលំដាប់ទី៣ នៅទ្វីបអឺរ៉ុប ហើយភាសាដែលគេប្រើប្រាស់នោះគឺមិនមែនអង់គ្លេសឡើយ គឺជាភាសាជាតិនេះឯង។
២) ភាសាបារាំង៖ មនុស្សលើស២០០លាននាក់ នៃទ្វីបទាំង៥ គឺសុទ្ធតែអាចនិយាយភាសាបារាំងបានទាំងអស់។ ភាសាទាំងនេះ វាមិនត្រឹមតែផ្ដល់សារៈសំខាន់សម្រាប់អ្នកធ្វើការនោះទេ ថែមទាំងល្អបំផុតសម្រាប់សិស្សនិស្សិតដែលចង់មានឱកាសបន្តការសិក្សានៅបរទេស ។
៣) ភាសាអេស្ប៉ាញ៖ តើអ្នកដឹងទេ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុបជ្រើសរើសភាសាអេស្ប៉ាញនេះជាភាសាទី២បន្ទាប់ពីភាសារបស់ខ្លួន នេះដោយសារតែពួកគេចង់ធ្វើការរកស៊ីជាមួយនឹងអ្នកវិនិយោគជនជាតិអេស្ប៉ាញជាច្រើននៅលើពិភពលោក។
៤) ភាសាចិនម៉ាន់ដារីន៖ អ្នកប្រហែលជាដឹងហើយថា ភាសាចិននេះចាប់ផ្ដើមរីកសុះសាយល្បីទូទាំងពិភពលោក នេះដោយសារតែឱកាសការងារពីជនជាតិចិន ដែលជាអ្នកពូកែរកស៊ីគឺកាន់តែរីករាលដាលជាពិសេសនៅតំបន់អាស៊ី។ តែដោយសារតែការគិតថា វាជាភាសាមួយដែលពិបាករៀនទើបធ្វើឲ្យមនុស្សមួយចំនួនពុំគិតពីវា៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា