ប្រទេសមួយចំនួនកំពុងតែមើលឃើញពីគោលបំណងពិតរបស់ចិនក្នុងគម្រោងសេដ្ឋកិច្ចយក្សរបស់ខ្លួន
គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិនមានគោលបំណងបង្កើនការធ្វើពាណិជ្ជកម្មជាមួយទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី ប៉ុន្តែការបាត់បង់ការគ្រប់គ្រងគឺជាការព្រួយបារម្ភនាពេលថ្មីៗនេះ។ កំណែទម្រង់សកលភាវូបនីយកម្មរបស់ចិនតម្លៃ ២ លានលានដុល្លាររបស់ខ្លួនកំពុងប្រឈមនឹងលទ្ធផលអវិជ្ជមានមួយចំនួន។
នៅឆ្នាំ ២០១៣ ប្រទេសមហាយក្សមួយនេះបានចាប់ផ្តើមគម្រោងស្ថាបត្យកម្ម Belt & Road Initiative (BRI) ដែលជាគម្រោងសំខាន់មួយដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យបង្កើតឡើងវិញនូវផ្លូវសូត្របុរាណ និងបង្កើនពាណិជ្ជកម្មជាមួយអឺរ៉ុប អាស៊ី និងអាហ្រ្វិក។ កន្លងមកនេះសហគ្រាសរដ្ឋរបស់ចិនបានវិនិយោគក្នុងគម្រោង BRI ជាង ១៦៧៦ គម្រោងនៅក្នុង ១៨៥ ប្រទេសជុំវិញពិភពលោក។
យោងតាមឯកសារដែលរៀបចំឡើងដោយ Belt និង Road Advisory បានឱ្យដឹងថាការវិនិយោគទាំងនោះរួមមានគម្រោងធំ ៗ ដូចជាខ្សែផ្លូវដែកចិន - អឺរ៉ុបប្រវែង ១២ ពាន់គីឡូម៉ែត្រដែលមានល្បឿនលឿនជាងការដឹកជញ្ជូនទំនិញតាមសមុទ្រពីរដង។
លោក David Mulroney ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសចិនបាននិយាយថាការតភ្ជាប់ផ្លូវដឹកជញ្ជូនឲ្យមានភាពប្រសើរឡើងគឺគោលបំណងដ៏ធំនៃ BRI ប៉ុន្តែគម្រោងមួយនេះក៍មានបង្កប់នូវគោលនយោបាយមួយចំនួនផងដែរ។ ហើយលោកក៍បាននិយាយថាគោលបំណងមួយនៃគោលបំណងរបស់ប្រទេសចិនគឺដើម្បីបង្កើតសន្តិភាពក្នុងបស្ចិមប្រទេស ប្រទេសនៅអាស៊ីកណ្តាលតាមរយៈការធ្វើវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដែលកំពុងជួបប្រទះបញ្ហាសន្តិសុខនេះ។ ការវិនិយោគទាំងនោះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសចិនដែលអាចជួយឲ្យប្រទេសនេះពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ដែលខ្លួនបានវិនិយោគ។ ហើយកន្លងមកនេះប្រទេសនេះបានសាងសង់ប្រព័ន្ធហេដ្ធារចនាសម្ព័ន្ធជាច្រើនលើសពីប្រទេសសហរដ្ធអាមេរិកទៅទៀត។
ទោះយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកកំពុងចាប់ផ្តើមប្រុងប្រយ័ត្ននិងព្រួយបារម្ភអំពីបំណងប្រាថ្នា BRI របស់ចិន។ លោក Mulroney បានបន្តថា "មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសជាច្រើនអំពីការជំពាក់បំណុលរបស់ពួកគេទៅកាន់ប្រទេសចិននៅពេលដែលពួកគេបញ្ចប់ការកសាងផ្លូវទៅពាណិជ្ជកម្មដែលមិនមានអំណោយផលអ្វីមួយ កំពង់ផែដែលពួកគេមិនត្រូវការ និងអគារដែលពួកគេនឹងមិនប្រើប្រាស់" ។
ប៉ុន្តែគម្រោង BRI របស់ប្រទេសចិនក៍ធ្លាប់បានជួយបង្កើនអត្រាផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសមួយចំនួនដូចជាប៉ាគីស្ថាន ឥណ្ឌូណេស៊ី ឡាវ និងកាហ្សាក់ស្ថានជាដើម។
លោក Mulroney បានថ្លែងថា «មានបញ្ហាជាច្រើនបានកើតឡើងដោយសារគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយក្នុងបណ្តាប្រទេសមួយចំនួនដែលឥឡូវនេះប្រទេសទាំងនោះកំពុងតែយល់ឃើញពីការពិតរបស់គោលបំណងចិនក្នុងផែនការសេដ្ធកិច្ចយក្យមួយនេះ»។ ឧទាហរណ៍កាលពីឆ្នាំមុនប្រទេសម៉ាឡេស៊ីបានលុបចោលគម្រោងទឹកប្រាក់ចំនួន ២២.៣ ពាន់លានដុល្លារក្នុងគម្រោងផ្លូវដែកនិងគម្រោងបំពង់បង្ហូរប្រេង BRI ដើម្បីជៀសវាងពីបំណុលវ័ណ្ឌកបន្ថែមទៀត។ នេះបើយោងតាមអត្ថបទ Business Insider ។ ហើយលោក Mahathir Mohamad ដែលជាប្រធានាធិបតីម៉ាឡេស៊ីបាននិយាយថាប្រទេសនេះមិនត្រូវការគម្រោងការសាងសង់បែបនេះទេព្រោះថាវាអាចនឹងនាំប្រទេសមួយនេះធ្លាក់ចូលក្នុងបំណុលក្ស័យធនរបស់ប្រទេសចិន។ ប្រទេសចិនត្រូវបានគេរិះគន់ចំពោះសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសស្រីលង្កា។ Bloomberg បានរាយការណ៍ថាប្រទេសនេះត្រូវបានប្រទេសចិនបង្ខំឱ្យលក់កំពង់ផែមួយរបស់ខ្លួនទៅឱ្យក្រុមហ៊ុនចិនក្នុងតម្លៃ ១.១ ពាន់លានដុល្លារដើម្បីជួយទូទាត់បំណុលដែលកើនឡើងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកប្រធានាធិបតីម៉ាឡេស៊ីបានកត់សម្គាល់ថាប្រទេសបារាំងមិនទាន់បានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមរបស់ BRI នៅឡើយទេ ប៉ុន្តែប្រទេសអ៊ីតាលីបានចុះរួចហើយដោយសារតែរដ្ឋាភិបាលអ៊ីតាលីមិនបានគិតដិតដល់។
ខណៈដែលប្រទេសចិនបន្តពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាមួយអឺរ៉ុប អាស៊ី និងអាហ្វ្រិក គឺមានការព្រួយបារម្ភថាតំបន់ទាំងនេះនឹងមិនសូវពឹងផ្អែកលើការនាំចេញផលិតផលកសិកម្មពីអាមេរិកខាងជើងនិងខាងត្បូងទៀតទេ។ ហើយ COFCO International ដែលជាក្រុមហ៊ុនពាណិជ្ជកម្មកសិកម្មចិនដែលថ្មីៗនេះបានប្រកាសថាខ្លួនមានគម្រោងបង្កើនការទិញស្រូវទ្វេដងរបស់ខ្លួនពីតំបន់សមុទ្រខ្មៅក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ លោក Arlan Suderman អ្នកសេដ្ឋកិច្ចវិទូទំនិញប្រចាំក្រុមហ៊ុន INTL FCStone បាននិយាយថាការប្រកាសនេះអាចទាក់ទងនឹងគំនិតផ្តួចផ្តើមរបស់ BRI ប៉ុន្តែលោកសង្ស័យថាវាក៍ទាក់ទងទៅនឹងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកផងដែរ។ ប្រទេសចិនចង់បង្ហាញប្រាប់អាមេរិកថាខ្លួនមានមធ្យោបាយផ្សេងទៀតក្នុងការរកទីផ្សារស្រូវនិងគ្រាប់ធញ្ញជាតិពីកន្លែងផ្សេង៕
ដោយ៖ នឿន វណ្ណៈ