សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាហ៍ ក្នុងប្រទេសកម្ពុជា
ដើម្បីជាជំនួយដល់ការសម្រេចចិត្តអាជីវកម្ម ក៏ដូចជាការផ្ដល់គំនិតក្នុងកាវិនិយោគនានាថ្ងៃនេះ Bizkhmer បានលើកយកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗចំនួន៥ ពីសាព័ត៌មានល្បីៗនិងគួរឲ្យទុកចិត្តនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ កាសែតរស្មីកម្ពុជាបានចេញផ្សាយអំពី កិច្ចសហប្រតិបត្តិការខេត្តស៊ីឈួន-កម្ពុជាមានទំហំទឹកប្រាក់ជាង២.០០០លានដុល្លារ៖ ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយពិសេសកិច្ចសហប្រតិបត្តិការរបស់ខេត្តស៊ីឈួនជាមួយព្រះរាជាណាចក្រកម្ពុជា គឺមានទំហំទឹកប្រាក់ជាង ២.០០០លានដុល្លារអាមេរិក និងមានក្រុមហ៊ុនចំនួន៩ ដែលបានចុះបញ្ជីរួចរាល់។ នេះជាការលើកឡើងរបស់លោក ជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សាយោបល់នយោបាយនៃខេត្តស៊ីឈួន ក្នុងជំនួបសវនាការជាមួយ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅវិមានរដ្ឋសភាកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
ដោយឡែកសម្រាប់កាសែត ភ្នំពេញប៉ុស្ដិ៍វិញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុនចិន គ្រោងវិនិយោគរោងចក្រសម្ភារការិយាល័យ៖ ក្រុមហ៊ុន Guangbo Group របស់ចិនបានបង្ហាញផែនការវិនិយោគលើផលិតផលសម្ភារការិយាល័យ និងកីឡា នៅកម្ពុជា។ ការបង្ហាញពីផែនការនេះធ្វើឡើងក្នុងជំនួបរវាងប្រធានរបស់ក្រុមហ៊ុននេះបានជួបជាមួយរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីដើមសប្ដាហ៍នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា លោក Wang Liping ប្រធានក្រុមហ៊ុន Guang Bo Group បានជួបជាមួយលោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃអង្គារ ដើម្បីចេញផ្សាយផែនការគម្រោងនេះ និងស្វែងរកព័ត៌មានវិនិយោគទាក់ទងនឹងផែនការសាងសង់រោងចក្រសម្រាប់ការផលិតសម្ភារការិយាល័យផ្នែកអប់រំ និងកីឡានៅក្នុងប្រទេស កម្ពុជា។
មួយវិញទៀត សម្រាប់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បានផ្សាយអំពី រយៈពេល៥ឆ្នាំរាជរដ្ឋាភិបាលចំណាយថវិកាកើនរហូតដល់ប្រមាណ៨៥២លានដុល្លារ៖ រយៈពេល៥ឆ្នាំកន្លងមក ដើម្បីធ្វើកំណែទម្រងវិស័យអប់រំឲ្យគុណភាពរាជរដ្ឋាភិបាលបានខិតខំបន្ថែមថវិកាទៅលើក្រសួងអប់រំយុវជន និងកីឡាជាបន្តបន្ទាប់ដែលមានចំនួនកើនរយៈដល់ប្រមាណ៨៥២លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨ ។ នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សម្រាប់សាព័ត៌មាន KhmerTime កាលពីថ្ងៃ១៥ ខែមេសា ឆ្នាំ២០១៩ ចេញផ្សាយអំពី ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនកើនឡើងដល់៥១%៖ កម្ពុជាបាននាំចេញអង្ករប្រមាណ ៧៥,២១៤តោន នៅក្នុងត្រីមាសទី០១ ក្នុងឆ្នាំ២០១៩នេះ ដែល៥៩%កើនឡើងដូចគ្នានឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ផ្លូវការ។
ចុងក្រោយគឺសារព័ត៌មាន kley kley កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយពី ក្រុមហ៊ុនចិនគ្រោងវិនិយោគចិញ្ចឹមត្រីដែលអាចផ្តល់ចំណូលដល់ខ្ទង់ម៉ឺនដុល្លារក្នុង១ឆ្នាំនៅកម្ពុជា៖ ក្រុមហ៊ុនចិនHainanXiangTaiFisheryCo,Ltd.គ្រោងវិនិយោគការចិញ្ចឹមត្រីក្នុងបែរក្នុងសមុទ្រនៅកម្ពុជាដោយប្រទេសនេះមានកម្រិតសីតុណ្ហភាពសមស្របអាចចិញ្ចឹមត្រីបែបនេះបានយ៉ាងល្អ។ នេះបើតាមការបញ្ជាក់របស់លោកLiuRongRieប្រធានក្រុមហ៊ុនក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោកវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនាព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០១៩ក្នុងឱកាសដែលលោករដ្ឋមន្រ្តីចុះពិនិត្យនៅកន្លែងកែច្នៃនិងវេចខ្ចប់កន្លែងផលិតចំណីត្រីនិងមន្ទីរពិសោធន៍របស់ក្រុមហ៊ុននេះនៅប្រទេសចិន៕
ដោយ៖ ជួប ស្រីរ័ត្ន