ដំណឹងល្អ! កម្ពុជានឹងបើកច្រកព្រំដែនកម្ពុជា-ថៃចំនួន៤បន្ថែម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើរសុំនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បើកច្រកព្រំដែនកម្ពុជា-ថៃចំនួន៤បន្ថែមទៀត ជាការឆ្លើយតប ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បានយល់ព្រមជាមួយនឹងសំណើររបស់សម្តេច នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីបើកការរដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងការបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសកម្ពុជា-ថៃ ថ្ងៃទី ២២ មេសា ឆ្នាំ២០១៩ នេះ។
ច្រកព្រំដែនថ្មីដែលសម្ដេច ហ៊ុន សែន បានស្នើរទៅកាន់ភាគីថៃរួមមាន ច្រកព្រំដែន អានសេះ មានព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តឧប៊ុន, ច្រកជប់គគី ព្រំប្រទល់រវាងខេត្ត ឧត្តមានជ័យ និង ខេត្តបុរីរ៉ាត់, ច្រកភ្នំដី ខេត្តបាត់ដំបង និងខេត្តស្រះកែវ និងទី៤គឺច្រកថ្មដា រវាងខេត្តពោធិ៍សាត់ និង ខេត្តត្រាត។
ការបើកច្រកព្រំដែនកម្ពុជា-ថៃនេះគឺក្នុងបំណងពង្រឹងវិស័យពាណិជ្ជកម្មរវាងប្រជាពលរដ្ឋកម្ពុជានិងថៃ និងប្រែក្លាយនូវខ្សែព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនមិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ៕
ប្រភពរូបភាព៖ CEN
ដោយ៖ ជួប ស្រីរ័ត្ន