ឆាប់ៗខាងមុខនេះ! កម្ពុជា-ថៃនឹងធ្វើការតភ្ជាប់ផ្លូវរថភ្លើងច្រកព្រំដែនជាមួយគ្នា
រាជរដ្ឋាភិបាលប្រទេសថៃកំពុងតែត្រៀមខ្លួនកសាងផ្លូវរថភ្លើងដែលភ្ជាប់ជាមួយខ្សែរថភ្លើងរបស់ប្រទេសកម្ពុជា។ ការភ្ជាប់ផ្លូវដែកនេះគឺត្រូវបានប្រទេសទាំងពីរសម្រេចចិត្តបើកឡើងសារជាថ្មីបន្ទាប់ពីផ្លូវដែកឆ្លងព្រំដែនរវាងប្រទេសទាំងពីរបានបិទអស់រយៈពេល ៤៥ ឆ្នាំមកហើយ។
លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា និងនាយករដ្ឋមន្រ្តីកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីសម្ពោធផ្លូវរថភ្លើងតភ្ជាប់ស្រុកអារញ្ញប្រាថេតនៃសាកែវជាមួយក្រុងប៉ោយប៉ែតប្រទេសកម្ពុជានៅថ្ងៃចន្ទខាងមុខ។
មេដឹកនាំទាំងពីររូបនឹងជួបគ្នានៅឯព្រំប្រទល់ព្រំដែនបានក្លូងឡាក់នៅឯព្រំដែនថៃនិងជិះរថភ្លើង ប្រវត្តិសាស្ត្រមួយដែលមានចម្ងាយ ២ គីឡូម៉ែត្រឆ្លងកាត់ព្រំដែនទៅប៉ោយប៉ែត។ បន្ទាប់មកលោកនាយកមន្ត្រីទាំងពីររូបជិះរថយន្ដដឹកអ្នកដំណើរមួយក្នុងចំណោមរថយន្ដដឹកអ្នកដំណើរទាំង ៤ គ្រឿងដែលប្រទេសថៃបានជុសជុលឡើងវិញហើយនឹងផ្តល់ជូនប្រទេសកម្ពុជាក្នុងពេលខាងមុខបន្ទាប់ពីចប់ពិធីនេះ។
រថភ្លើងដែលដើរដោយម៉ាស៊ីនម៉ាស៊ូតនេះបានចតនៅស្ថានីយ៍ខេត្តអារញ្ញប្រាថេតកាលពីថ្ងៃពុធក្នុងការត្រៀមរៀបចំសម្រាប់ការធ្វើដំណើរបើកសម្ពោធ។
ទោះជាយ៉ាងណាក៏ដោយសេវាដំណើរការរថភ្លើងនេះនឹងមិនទាន់ចាប់ផ្តើមភ្លាមៗនោះទេ ទាល់តែប្រទេសទាំងពីរចាត់ចែងលើកាលវិភាគនិងព័ត៌មានលម្អិតផ្សេងទៀតជាមុនសិនមុននឹងបើកអោយដំណើរការ។ លោក Worawut Mala ដែលជាអ្នកគ្រប់គ្រងផ្លូវរថភ្លើងរបស់រដ្ឋថៃបាននិយាយថាផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថានឹងបើកឲ្យដំណើរការនៅចុងឆ្នាំនេះ។
ប្រទេសថៃនិងកម្ពុជាបានបិទការតភ្ជាប់ផ្លូវរថភ្លើងរបស់ខ្លួនអស់រយៈពេល ៤៥ ឆ្នាំមកហើយដោយសារតែជម្លោះផ្ទៃក្នុងរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសកម្ពុជាបានស្ដារឡើងវិញនូវផ្លូវប្រវែង ៣៨៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅកាន់ព្រំដែនប្រទេសកម្ពុជា-ថៃហើយបានបើកប្រតិបត្តិការឡើងវិញកាលពីឆ្នាំមុន។
លោក Wichit Chartpaisit អភិបាលខេត្តសាកែវបាននិយាយកាលពីថ្ងៃពុធថាខ្សែរថភ្លើងមួយនេះនឹងបង្កើនការធ្វើពាណិជ្ជកម្មតាមព្រំដែននិងការដឹកជញ្ជូនរវាងប្រទេសទាំងពីរយ៉ាងមមាញឹក។
ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរដែលមានតម្លៃជាទឹកប្រាក់សរុបជាង ១៤៥ ពាន់លានបាតកាលពីឆ្នាំមុនគឺ ៦២ ភាគរយនៃសកម្មភាពពាណិជ្ជកម្មនោះកើតឡើងយ៉ាងមមាញឹកនៅកាត់ព្រំដែនរវាងអារុណ្យាប្រាត្តនិងប៉ោយប៉ែត។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស។
ការិយាល័យជំរុញពាណិជ្ជកម្មថៃនៅខេត្តសៀមរាបរំពឹងថារថភ្លើងនេះក៏នឹងបង្កើនវិស័យទេសចរណ៍ផងដែរព្រោះផ្លូវនេះនឹងទាក់ទាញភ្ញៀវទេសចរដែលចង់ដឹងនិងចង់ស្គាល់អំពីផ្លូវរថភ្លើងមួយនេះហើយនឹងជិះរថភ្លើងនេះជាក់ជាមិនខាន។
មេដឹកនាំថៃនិងកម្ពុជានឹងបើកស្ពានថ្មីភ្ជាប់ពីតំបន់ Lok Ban Nong Ian នៅ Aranyaprathet និងស្ទឹងបត់បៅខេត្តបន្ទាយមានជ័យមុនពេលធ្វើដំណើរបើកខ្សែរថភ្លើង។
អ្នកនាំពាក្យអនុរដ្ឋមន្រ្តីលោកឧត្ដមសេនីយ៍ Werachon Sukondhapatipak បាននិយាយកាលពីថ្ងៃអាទិត្យថាការតភ្ជាប់ស្ពាននិងផ្លូវរថភ្លើងថ្មីគឺជាការឆ្លុះបញ្ចាំងពីការសហការនិងព្រមព្រៀងគ្នារវាងប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមព្រំដែន៕
ដោយ៖ នឿន វណ្ណៈ