រដ្ឋាភិបាលនឹងបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតជំនួសច្រកទ្វារអន្តរជាតិប៉ោយប៉ែត
រដ្ឋាភិបាលនឹងបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតជំនួសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្នុងស្រុកស្ទឹងបត់-បានណងអៀន ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ខណៈច្រកទ្វារប៉ោយប៉ែតកំពុងមានការកកស្ទះខ្លាំង។
ឯកឧត្តម ស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩នេះថា ការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២ លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់, ឃ្លាំងនិងទីលានកុងតែន័រ, ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
តាមការបញ្ជាក់របស់ឯកឧត្តម គឺច្រកទ្វារអន្តរជាតិថ្មីនេះនឹងផ្តោតសំខាន់ទៅលើការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្ម រីឯច្រកទ្វារប៉ោយប៉ែត សម្រាប់ការឆ្លងកាត់បែបទេសចរណ៍តែប៉ុណ្ណោះ។
ឯកឧត្តមបន្តថា ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះតទៅ។ ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើឡើងខណៈដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមាញឹកយ៉ាងខ្លាំង ហើយពេលខ្លះមានការកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោងទៀតផង។ ការកកស្ទះនៅច្រកនាំចេញ នាំចូលទំនិញជាកត្តាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ គម្រោងនេះជាការឆ្លើយតបយ៉ាងប្រាកដទៅនឹងភាពមមាញឹកនៃចរាចរណ៍ដឹកជញ្ជូន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានោះឡើយ តែថែមទាំងដល់ប្រជាពលរដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕
ដោយ៖ ស្រីពេជ្រ