តាមពិតទៅអ្នកស្រឡាញ់ការផាត់ពណ៌ជាមនុស្សរីករាយនិងមានគំនិតច្នៃប្រឌិតខ្ពស់បំផុត
ចំណង់ចំណូលចិត្តមនុស្សម្នាក់ៗមិនដូចគ្នាទេ។ អ្នកខ្លះចូលចិត្តការអានសៀវភៅ តែងកំណាព្យឬក៏ផាត់ពណ៌ ឬមួយក៏លេងកីឡាជាដើម។ ហើយចំណង់ចំណូលចិត្តទាំងនោះក៏បានផ្ដល់សារប្រយោជន៍ជាច្រើនមកដល់អ្នកវិញផងដែរ។ ជាពិសេសការផាត់រូបនេះ តើអ្នកអាចទទួលបានផលប្រយោជន៍អ្វីខ្លះពីវាវិញ?
១) អ្នកអាចបង្ហាញគំនិតច្នៃប្រឌិតដែលអ្នកមាន៖ នៅពេលអ្នកផាត់ពណ៌អ្នកអាចបង្ហាញភាពច្នៃប្រឌិតដែលអ្នកកំពុងតែមានចេញមកខាងក្រៅ ។ មនុស្សជាច្រើនគិតថាការផាត់រូបមានភាពងាយស្រួលណាស់ ប៉ុន្តែវាអាចមិនត្រឹមត្រូវក៏ថាបាន ព្រោះវាទាមទារឲ្យមានការចេះស្រមៃខ្ពស់ទើបការផាត់រូបនោះ ចេញមកមានសភាពដូចជារូបពិត។ ការផាត់រូបគ្រាន់តែជាងការ លេងកម្សាន្តនិងការផាត់រូបបែបច្នៃប្រឌិតគឺមើលមកខុសគ្នា ទាំងស្រុង។ ដូចនេះលោកអ្នកអាចប្រើប្រាស់ការវិភាគទៅលើ វាបាន។
២) ធ្វើឲ្យអ្នកចេះប្រមូលអារម្មណ៍បានល្អ៖ ការផាត់រូបទាមទារអ្នកមានការផ្ចិតផ្ចង់ និងព្យាយាមជាទីបំផុត។ ការអំណត់នេះក៏អាចបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលចេះតស៊ូនិងម៉ត់ចត់កាន់តែខ្លាំងទៀតផង។
៣) អ្នកអាចសម្រួលអារម្មណ៍ពីការធុញថប់បាន៖ ពេលអ្នកកំពុងផាត់រូប អ្នកនឹងផ្ដល់ការយកចិត្តទុកដាក់យ៉ាងដិតដល់ទៅលើរូបនោះ។ ដូចនេះវាក៏ជាផ្នែកមួយដែលជួយសម្រួលទៅដល់អារម្មណ៍អ្នកឲ្យចាកចេញពីភាពតប់ប្រមល់ប្រចាំថ្ងៃបាន។
៤) អ្នកនឹងទទួលបានភាពសប្បាយរីករាយ៖ អ្នកនឹងមានអារម្មណ៍ថារំភើបនិងសប្បាយចិត្តនៅពេលដែលបានឃើញស្នាដៃផាត់រូបរបស់ខ្លួន។ ហើយវាក៏អាចជាផ្នែកមួយក្នុងការលើកទឹកចិត្តស្នាដៃខ្លួនឯងផងដែរ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា