បន្តិច​ទៀត! ខេត្ត​កែប​នឹងក្លាយ​ជា​តំបន់​ទេសចរណ៍​សម្រាក​លំហែក​ម្រិតខ្ពស់​ ដើម្បីទាក់ទាញភ្ញៀវទេសចរ​



ដើម្បី​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឱ្យ​ក្រសួង​ទេសចរណ៍​ដឹកនាំ​ការសិក្សា​​អំពីការរៀបចំផែនការមេអភិវឌ្ឍខេត្តកែប​របស់​កម្ពុជា​ឱ្យ​ក្លាយ​ទៅជា «តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ដែល​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ «គណៈ​កម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ដែល​បាន​ធ្វើឡើង​កាល​ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

 

ការអភិវឌ្ឍ​ខេត្តកែប​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់នេះ គឺ​រាប់​បញ្ចូល​ទាំង​ទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏​ដូច​ជារមណីយដ្ឋាន​ទេសចរណ៍​នានា​ផងដែរ ប៉ុន្តែ​អាច​នឹង​មិន​មាន​ការ​បង្កើត​ឱ្យ​មាន «កាស៊ីណូ» និង​រោងចក្រ​សហគ្រាស​ឡើយ។

 

ជា​ការ​ពិតណាស់ ថ្វីត្បិត​តែ​ខេត្តកែប​ជា​ខេត្តតូច​ជាង​គេ​មួយ​ក៏​ពិតមែន ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​មិន​ធម្មតា​ឡើយ​ ពោល​គឺ​ គុណភាព​ខ្យល់​សមុទ្រ កោះទន្សាយ ផ្សារក្តាម ពិសេស​នាពេល​ខាង​មុខ​នេះ ក៏​អាច​នឹង​មាន​កំពង់ផែ​ទេសចរណ៍អន្តរជាតិ​តូចមួយ​ទៀតផង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s