វិស័យហិរញ្ញវត្ថុនៅក្នុងប៉ូលអាស៊ានកំពុងហក់ឡើង រីកចម្រើនគួរឲ្យកត់សម្គាល់​




បើ​និយាយ​ពី​វិបត្តិហិរញ្ញ​វត្ថុ​កាល​ពី​ឆ្នាំ ១៩៩៧ ដែល​បាន​​វាយ​បំ​បែក​និងធ្វើឲ្យរង្គោះរង្គើប្រទេស​នៅ​ទ្វី​បអាស៊ី ដោយមាន​អ្នក​អង្កេត​ការ​ណ៍​មួយ​ចំនួន​បាន​គិត​ថា វា​ប្រាកដ​ជា​ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅលើ​ប្រទេស​មួយ​ចំនួ​នដែលអាច​ជាដំបៅ​មិន​ងាយ​ជាសះ​ស្បើយ​​ឡើយ។ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​ក៏​ស្ថិ​ត​នៅក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ​ដែរ ពិសេស​ឥណ្ឌូ​នេស៊ីនិង​ថៃជាអ្នក​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាងគេកាលនោះ។ តែ​សព្វ​ថ្ងៃ​នេះ​ប្រទេស​ទាំងពី​របានរីក​មុខ​រីកមាត់​​ជា​ខ្លាំង​លើ​វិស័យ​ហិរញ្ញ​វត្ថុក្នុងប៉ូលដែលប្រមូលផ្ដុំប្រទេសចំនួន១០នេះ។



ធ្វើ​យ៉ាង​ណា​ទើប​ប្រទេស​ទាំ​ង​ពីរ​អាច​ក្រោកចេញ​​ និង​ព្យាបាល​របួស​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ឲ្យ​ជាស្បើយ​ហើយ​មាន​សុខភាព​ហិរញ្ញ​វត្ថុ​ល្អ​ថែម​ទៀត?

ដំណើ​រឆ្ពោះ​ទៅ​យ៉ាង​ឆាប់​រហ័សនៃ​ការ​រីក​ចម្រើន​​សេដ្ឋ​កិច្ច​ ២០ ឆ្នាំ​បន្ទាប់​ពីមហន្តរាយ​សេដ្ឋ​កិច្ច គេ​បាន​កត់​សម្គាល់​ថាការ​រួម​បញ្ចូល​ GDP នៃ​ប្រទេស​ក្នុង​សហគមអាស៊ានមានរហូត​ដល់ ២,៤ប៊ី​លាន​ដុល្លារ និង​បាន​ចូល​ក្នុ​ងចំណោម​សេដ្ឋកិច្ច​រីក​ចម្រើនលឿន​បំផុត​​លំដាប់​ទី៣ នៅអាស៊ី​បន្ទាប់​ពី​ចិន​និង​ឥណ្ឌា។ ថ្វីបើមហន្តរាយ​សេដ្ឋ​កិច្ចបាន​បំ​ផ្លិច​បំ​ផ្លាញ​សេដ្ឋ​កិច្ច​ក្នុង​​តំបន់ក៏​ពិត​មែន តែ​វា​ត្រូវ​បានគេ​ចាត់​ទុក​ថាជា​ពរជ័យ​មួយ​សម្រាប់​សហគមមួយ​នេះ​កសាង​មូល​ដ្ឋាន​គ្រឹះ​សេដ្ឋ​កិ​ច្ចរបស់​ខ្លួន​។

អ្នក​ដែលដឹក​ដៃ​សេដ្ឋ​កិច្ច​ប៉ូលដែលមាន១០ប្រទេសមួយនេះ​ឲ្យ​មានការ​រីក​លូតលាស់​គឺ​ដោយ​សារ​តែការ​កើន​ឡើង​នៃ​វិស័យ​ហិ​រញ្ញ​វត្ថុ​។ ឥណ្ឌូនេស៊ី​និង​ថៃ​បាន​ធ្លាក់​ខ្លួន​ក្នុ​ងវិបត្តិ​ហិរញ្ញ​វត្ថុកាល​ពី​ឆ្នាំ ១៩៩៧ ធ្ងន់​ធ្ងរជាង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ តែ​ដោយ​សារ​មាន​ការ​លូក​ដៃពី Speculator (អ្នក​ហ៊ាន​ប្រ​ថុយ​ប្រថាន​វិនិយោគ​) ​​ក៏ដូចជា​មាន​ការអន្តរាគមន៍ផ្តល់​នូវ​កញ្ចប់​ថវិកា​ពី​ មូល​និធិ​រូ​បិបណ្ណ​អន្តរជាតិ IMF ចំនួន​ប្រមាណ ៤៣ប៊ី​លាន​ដុល្លារ​សម្រាប់​ពីរប្រទេស​នេះ។ ចាប់​តាំង​ពីឆ្នាំ ២០០៥ មក​វិស័យ​ហិរញ្ញ​វត្ថុ​មានការ​រីក​ចម្រើន​ជា​ខ្លាំង​ ក្នុង​នោះ​ប្រទេស​ដែល​បាន​ចូល​រួម​សកម្ម​ក្នុង​ការ​បង្កើន​កំណើន​សេដ្ឋ​កិច្ច​នេះមានដូចជា ហ្វី​លីពីន ថៃ សិង្ហ​បុរី និងឥណ្ឌូ​នេស៊ី​។ ខណៈ​ដែល​សិង្ហ​បុ​រី​ជា​នាគ​ប្រចាំ​តំបន់​លើ​វិស័យ​ហិរញ្ញ​វត្ថុ​នោះ បណ្តា​ប្រទេស​ដទៃ​ទៀត​ក៏​បានចាប់​​ដំណើរ​ការ​កសាង​ភាព​រឹង​មាំនៃ​សុខភាព​ហិរញ្ញ​វត្ថុ​យ៉ាង​លឿន​ដូចគ្នា។ គិត​ត្រឹម​ឆ្នាំ ២០១៦ សិង្ហ​បុរី​បានក្លាយ​ជា​ប្រទេស​ដែល​ទីផ្សារ​សេវាហិរញ្ញ​វត្ថុ​ធំ​ជាង​គេ​ក្នុង​លក្ខខណ្ឌតម្លៃ​បន្ថែម​ដុល​លើ​ហរិញ្ញ​វត្ថុ (GVA)


យោង​តាម​របាយការណ៍​ចេញ​ដោយ PwC ទោះ​បី​មាន​ការ​កើន​ឡើង​នៃ​សេវា​ហិរញ្ញ​វត្ថុ​បី​ចន្លោះឆ្នាំ ២០០៥ ម​ក​ ២០១៦ ក៏​ពិត​មែន​ តែ​វិស័យ​ហិរញ្ញ​វត្ថុ​នេះ​វា​នឹង​មាន​ដំណើរ​យឺ​ត​យ៉ាវនៅឆ្នាំ​បន្ទាប់។ ​មិនមែន​មានន័យ​ថា​វា​មិន​មាន​កំណើន​នៃ​ភាពលូតលាស់​ទេ តែ​ការ​រីក​ចម្រើន​វា​មិន​ខ្លាំង​ក្លា​ដូច​កាល​ពី​មុន​ឡើយ។ ​ PwC ព្យាករណ៍ថាវិស័យសេវាកម្មហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាននៅតែរំពឹងថានឹងកើនឡើងលើសទីផ្សារដែលមានភាពចាស់ទុំ។ មូល​ហេតុ​សំខាន់​ធំៗ ៣ យ៉ាង​ដែល​ជា​កត្តា​រុញ​ឲ្យមានការ​រីក​លូត​លាស់​នេះ​គឺ៖ កំណើនការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ ​ការអភិ​​វឌ្ឍ​បច្ចេក​វិទ្យា​ហិ​រញ្ញ​វត្ថុ(Fintech) និងការរួមបញ្ចូល​គ្នាជាសហគម​អាស៊ានតែ​មួយ។

នៅពេលដែលសេដ្ឋកិច្ចរបស់អាស៊ានបន្តរីកចម្រើនដូច្នេះ ក៏មានជីវ​ភាពស្ថិត​នៅក្នុង​កម្រិត​មធ្យម​ក្នុងតំបន់ផងដែរប្រមាណ​ ៨៧ លានគ្រួ​សារ​មានជី​វភាពកម្រិត​មធ្យម និង​មាន​ការ​រំពឹង​ថា​ចំនួន​នេះ បន្ត​កើន​ឡើង​ដល់​ ១១៦​លាន​គ្រួ​សារ​នៃ​អ្នក​ដែល​មាន​ជី​វភាព​កម្រិត​មធ្យម​នៅ​ឆ្នាំ ២០២០។​ ខណៈដែល​ប្រាក់ចំណូលកំពុងកើនឡើងសម្រាប់ប្រជាពលរដ្ឋនេះ នឹងបង្កើនតំរូវការលើ​ឧបករណ៍ហិរញ្ញវត្ថុដែលអាចជួយសម្រួលដល់ការទិញសេវាកម្ម និងផលិត​ផល​ដែលមានតម្លៃខ្ពស់។ ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​បែបនេះលើ​សេវាហិរញ្ញ​វត្ថុ​ ក្រុម​ហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) មួយ​ចំនួន​បាន​ចាប់​ផ្តើម​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​ ម៉្យាង​ទៀត​ដោយ​សមាន​កំណើន​​​នៃ​ការប្រើប្រាស់​ស្មាត​ហ្វូន និង​អត្រា​នៃ​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត​ បាន​ជំរុញឲ្យ​សេវាកម្ម​ឌីជីថលធនាគារ​​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ។

បញ្ហា​ និង​ការប្រកួត​ប្រជែង
វា​ប្រាកដ​ជា​មានភាព​ភ្លឺ​ស្វាង​នៃ​វិស័យ​សេវា​ហិរញ្ញ​វត្ថុ​នៃ​តំបន់​អាស៊ាន​ ប៉ុន្តែនៅតែមានឧបសគ្គមួយចំនួនដែលត្រូវយកឈ្នះ។ បញ្ហា​ធំ​មួយ​ដែលកំពុង​ខ្វះ​ចន្លោះ​គឺ​ ​ការ​ចូល​ទៅ​ប្រើ​ប្រាស់​លើ​សេវាធនាគារ សេវាធានា​រ៉ាប់រង និង​ការ​គ្រប់​គ្រង​ទ្រព្យ​សកម្ម​។ ​ក្នុង​ចំណោម​ប្រទេសទាំង​ ១០ មាន​ប្រទេសចំនួន​ ៤ ឥណ្ឌូ​នេស៊ី ហ្វី​លីពីន វៀត​ណាម​ និង​កម្ពុជា ហាក់​នៅ​មានភាព​យឺត​យ៉ាវ​លើ​វិស័យ​ធនាគារ​​បើ​ធៀប​ទៅនឹង ​ថៃ ម៉ាឡេស៊ី​ និងសិង្ហ​បុរី។ ការកើន​ឡើង​នៃ​កា​រប្រើ​ប្រាស់​កាបូប​លុយ​ឌីជីថល digital wallets និង​សេវាឌីជីថល អាចជា​ដំណោះ​ស្រាយ​មួយ​សម្រាប់​ការ​ដែល​មិន​និយម​ប្រើ​សេវាធនាគារ​ក្នុ​ងប្រទេស​ទាំង​នេះបាន។ បើគ្មានហេដ្ឋារចនាសម្ព័ន្ធធនាគារត្រឹមត្រូវទេ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋទាំងនោះនៅតែមានកម្រិតទាប។ កង្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុនឹងបង្កើតបញ្ហាផ្សេងៗទៀតសម្រាប់វិស័យសេវាកម្មហិរញ្ញវត្ថុ វិស័យសេវាកម្មហិរញ្ញវត្ថុពឹងផ្អែកភាគច្រើនទៅលើប្រតិបត្តិការមិនមែនសាច់ប្រាក់ជាឌីជីថលឬតាមរយៈឥណពន្ធនិងឥណទាន។ ដោយសារតែមនុស្សជាច្រើននៅក្នុងតំបន់មិនមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទើប​បាន​ជាបង្កើតឲ្យ​មាន​សង្គមមួយដែលនៅតែចង់បានការទូទាត់ជាសាច់ប្រាក់៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s