ហេតុអ្វីថៃមិនព្រមខ្ចីលុយចិនមកសាងសង់ផ្លូវដែកល្បឿនលឿនក្នុងប្រទេសរបស់ខ្លួន?​



រដ្ឋាភិបាលថៃថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងតែមានដំណើរការយ៉ាងរលូនជាមួយការកសាងខ្សែរថភ្លើងថៃ - ចិនល្បឿនលឿនដែលតភ្ជាប់ប្រទេសថៃ ឡាវ និងចិន ខណៈដែលប្រទេសទាំងបីបានត្រៀមរៀបចំកិច្ចព្រមព្រៀងមួយផ្សេងទៀតនៅសប្តាហ៍នេះនៅក្នុងទីក្រុងប៉េកាំងក្នុងកិច្ចប្រជុំផ្លូវ មួយខ្សែក្រវាត់មួយ។ គម្រោងផ្លូវដែកដែលមានប្រវែង ៨៧៣ គីឡូម៉ែត្រនេះបានចាប់ផ្តើមស្ថាបនាតាំងពីឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានបង្អាក់ដោយការពន្យារពេលរួមទាំងភាពមិនចុះសម្រុងគ្នាលើការរចនា ហិរញ្ញប្បទាន និងកត្តាជំនួយបច្ចេកទេស។

រូបតំណាង

ការពិតទៅ ផ្លូវខ្សែដែកមួយនេះគឺជាផ្នែកមួយនៃគម្រោងសាងសង់របស់ប្រទេសចិនក្នុងការភ្ជាប់បណ្ដាញផ្លូវពាណិជ្ជកម្មទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយមិនយូរមិនឆាប់ផ្លូវដែកមួយនេះនឹងរត់ទៅភ្ជាប់តំបន់គុនមិញ (Kunming) នៃប៉ែកខាងភាគនិរតីក្នុងប្រទេសចិននិងភ្ជាប់ទៅប្រទេសសិង្ហបុរីផងដែរ។ គម្រោងធំរបស់ចិនគឺនឹងស្ថាបនាបណ្ដាញផ្លូវពាណិជ្ជកម្មទូទាំងទ្វីបអាស៊ី អ៊ឺរ៉ុប និងតំបន់ផ្សេងៗទៀត។

មកទល់បច្ចុប្បន្ននេះខ្សែដែកមួយនេះបានសាងសង់បានត្រឹមតែ ៣.៥ គីឡូម៉ែត្រប៉ុណ្ណោះនៅក្នុងប្រទេសថៃហើយក្រសួងផ្នែកដឹកជញ្ជូនបានប្រាប់សារព័ត៌មាន Router ថាផ្លូវដែកមួយផ្នែកដែលរត់ទៅរាជធានីបាងកកនឹងស្ថាបនាចប់ក្នុងរយះពេល ២ ទៅ ៣ ឆ្នាំខាងមុខនេះ។

រូបតំណាង

ប៉ុន្តែក្រសួងការបរទេសថៃបានបន្ថែមទៀតថាគម្រោងសាងសង់នេះអាចនឹងមានសកម្មភាពមមាញឹកជាងមុនក្រោយពេលប្រទេសថៃ ឡាវ និងចិនធ្វើកិច្ចព្រមព្រៀងគ្នាក្នុងទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះលើការសហការក្នុងការសាងសង់ស្ពានផ្លូវដែកមួយដែលនឹងភ្ជាប់ខេត្តណងខៃ (Nong Khai)ក្នុងប្រទេសថៃនិងរាជធានីវៀងចាងរបស់ប្រទេសឡាវ។ កិច្ចប្រជុំកំពូលផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍នៅទីក្រុងប៉េកាំងនឹងត្រូវចូលរួមដោយនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធចាន់អូចា និងរដ្ឋមន្ត្រីផ្នែកដឹកជញ្ជូននិងផ្នែកការបរទេសដទៃទៀត។

ផ្លូវដែកថៃ-ចិនមួយនេះគឺត្រូវបានបែងចែកជាពីរផ្នែកដោយផ្នែកទីមួយគឺមានប្រវែង ២៥០ គីឡូម៉ែត្រហើយត្រូវចំណាយលុយ ៥.៣២ ពាន់លានដុល្លារអាមេរិកដែលភ្ជាប់ទីក្រុងបាងកកទៅស្រុកណាខោន រាតឆាស៊ីមា (Nakhon Ratchasima)លោក Chaiwat Thongkamkoon អគ្គលេខាធិការនៃក្រសួងដឹកជញ្ជូនបានប្រាប់សារព័ត៌មាន Router នៅសប្តាហ៍នេះថាផ្នែកនោះត្រូវបានគេរំពឹងថានឹងដំណើរការក្នុងរយៈពេលពីរទៅបីឆ្នាំ។ ចំណែកឯផ្នែកមួយទៀតគឺភ្ជាប់ខេត្ត Nakhon Ratchasima និងព្រំដែនថៃនៅខេត្ត Nongkhai ដែលស្ពាននេះនឹងភ្ជាប់ផ្លូវរថភ្លើងរបស់ថៃទៅនឹងបណ្តាញផ្លូវរថភ្លើងប្រទេសឡាវ។

រូបតំណាង

កាលពីឆ្នាំ ២០១៦ រាជរដ្ឋាភិបាលថៃបានធ្វើការជំទាស់និងសើរើលើគម្រោងសាងសង់ផ្លូវដែកមួយនេះដោយសារតែប្រទេសចិនបានដាក់អត្រាការប្រាក់ខ្ពស់ពេក (២.៣ ភាគរយ) លើកម្ចីថវិកាដែលប្រទេសថៃបានខ្ចីរាជរដ្ឋាភិបាលចិនមកសាងសង់ផ្លូវរថភ្លើងមួយនេះ។ បញ្ហាអត្រាការប្រាក់ខ្ពស់មួយនេះក៍ធ្លាប់មានប្រទេសមួយចំនួនផ្សេងៗទៀតបានរអ៊ូរទាំដូចប្រទេសថៃផងដែរ។

ការសាងសង់ផ្នែកទាំងពីរនៃផ្លូវដែកល្បឿនលឿននេះត្រូវបានធ្វើដោយឡែកពីគ្នានៅក្នុងប្រទេសនីមួយៗ។ ប្រទេសថៃនិយាយថាខ្លួនមិនទទួលយកហិរញ្ញប្បទានពីប្រទេសចិននោះទេប៉ុន្តែការសាងសង់នេះនឹងត្រូវប្រើអ្នកជំនាញចិននិងទិញឧបករណ៍និងបច្ចេកវិទ្យាផ្លូវដែកពីប្រទេសចិន។ ហេតុផលដែលប្រទេសថៃមិនយល់ព្រមទទួលយកប្រាក់កម្ចីពីចិនព្រោះហានិភ័យដែលប្រទេសថៃអាចប្រឈមគឺមានដូចជាអត្រាការប្រាក់ខ្ពស់ជាដើមដែលអាចប៉ះពាល់វាសនារបស់ប្រទេសរបស់ខ្លួនក្នុងពេលខាងមុខ។

ម្យ៉ាងវិញទៀតប្រទេសថៃមានលទ្ធភាពក្នុងការចូលរួមចំណាយលុយមួយចំនួនធំក្នុងការសាងសង់ផ្នែកផ្លូវដែកដែលមានត្រូវចំណាយជាង ៥.៣២ ពាន់លានដុល្លារនេះហើយមិនពឹងផ្អែកលើការខ្ចីលុយពីប្រទេសចិនទាំងស្រុងនោះទេ។ ហើយរាជរដ្ឋាភិបាលប្រទេសថៃក៍បានប្រកាសថាខ្លួននឹងរកប្រភពកម្ចីថវិកាពីប្រទេសផ្សេងៗ វិញព្រោះប្រហែលជាប្រទេសថៃយល់ឃើញថាកម្ចីពីប្រទេសផ្សេងក្រៅពីប្រទេសមានសុវត្ថិភាពជាងកម្ចីរបស់ចិន។ ហេតុផលគឺថាប្រទេសថៃប្រហែលជាមានការញញើតជាមួយនឹងដំណឹងមួយចំនួនទាក់ទងនឹងប្រទេសកំពុងអភិវឌ្ឍមួយចំនួនបានធ្លាក់ចូលក្នុងសំណាញ់បំណុលរបស់មហាយក្សអាស៊ីដែលប្រទេសខ្លះដូចជាប្រទេសស្រីលង្ការបានសម្រេចចិត្តប្រគល់កំពង់ផែរបស់ខ្លួនអោយចិនគ្រប់គ្រងដោយសារតែជាប់បំណុលចិនក្នុងអត្រាការប្រាក់ខ្ពស់នេះ៕

ដោយ៖ នឿន វណ្ណៈ