ស្រុក​​២៩ ក្នុង​ខេត្ត២១​​​នឹង​ត្រូវ​បង្កើត​ជា​ច្រក​ចេញចូល​តែ​មួយ​ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​



តាម​រយៈ​សេចក្ដី​សម្រេច​ដែល​ចុះ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩​ ក្រសួង​មាហាផ្ទៃ​បាន​ជ្រើស​រើស​យក​ស្រុក​២៩​នៃ​ខេត្ត​ចំនួន​២១​របស់​កម្ពុជា​ ធ្វើ​ជា​គោលដៅ​ក្នុង​ការ​បង្កើត​ជា​ច្រក​ចេញចូល​តែ​មួយ​ ក្នុង​គោល​បំណង​ផ្ដល់​ភាព​ងាយ​ស្រួល​លើ​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​ការ​​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន។

 

ស្រុក​ចំនួន​២៩​នោះ​រួម​មាន ស្រុក​កណ្ដាល​ស្ទឹង​ ស្រុកកោះធំ ស្រុកពញាឭ និងស្រុកមុខកំពូល ក្នុងខេត្តកណ្តាល។ ស្រុកព្រៃឈរ ស្រុកបាធាយ និងស្រុកចំការលើ ក្នុងខេត្តកំពង់ចាម។ ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ក្នុងខេត្តកំពត។ ស្រុកប្រាសាទ បាគង និងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ក្នុងខេត្ត បន្ទាយមានជ័យ។ សម្រាប់ស្រុក ក្នុងខេត្តដទៃទៀតនោះរួមមាន៖ ស្រុកកំពង់សិលា ក្នុងខេត្ត ព្រះសីហនុ។

 

ស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង។ ស្រុកគិរីវង់ ក្នុងខេត្តតាកែវ។ ស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ។ ស្រុកបរិបូរណ៍ ក្នុងខេត្តកំពង់ឆ្នាំង។ ស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់។ ​ស្រុក មេមត់ ក្នុងខេត្តត្បូងឃ្មុំ។ ស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ។ ស្រុកជាំក្សាន្ត ក្នុងខេត្តព្រះវិហារ។ ស្រុកកោះញែក ក្នុងខេត្តមណ្ឌលគិរី។ ស្រុកឆ្លូង ក្នុងខេត្តក្រចេះ។ ស្រុកកំពង់ត្របែក ក្នុងខេត្តព្រៃវែង។ ស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង។ ស្រុកថាឡាបរីវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង។ ស្រុកកូនមុំ ក្នុងខេត្តរតនគិរី និងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។

 

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​មហាផ្ទៃ បាន​ណែនាំ​ឱ្យ​ស្រុក​គោលដៅ​ក្នុង​ខេត្ត​ខាង​លើ​នេះត្រូវ​រៀបចំ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ឱ្យ​បានសមស្រប​តាម​ប្រកាស​របស់​ក្រសួង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៩ ស្តីពី​ការ​រៀបចំនិង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅ​ក្នុង​ក្រុង ស្រុក ខណ្ឌគោលដៅ៕

 

ប្រភព​រូបភាព៖ Khmerhome

ដោយ៖ ជួប ស្រីរ័ត្ន

X
5s