តើក្រុមហ៊ុន​ដឹក​ជញ្ជូន​ Ninja Van ​របស់សិង្ហ​បុរីរីក​ចម្រើន​យ៉ាង​ណា​ខ្លះ?​



Ninja Van ជា startup ផ្នែក​ដឹក​ជញ្ជូន​មួយ​របស់​ប្រទេស​សិង្ហបុរី បាន​ប្រកាស​ថាដើម​ទុន​របស់​ខ្លួន​បាន​កើន​ឡើង​ដល់ ៨៥ លាន​ដុល្លារ​ នេះ​បើ​តាម​សារព័ត៌​មាន​    Reuters។

ចាប់​ដំ​ណើរការអាជី​វកម្ម​នៅឆ្នាំ ២០១៤ រហូត​មក​ដល់​ពេល​នេះ​ Ninja  Van  បានឲ្យ​ដឹង​ថា​មាន​បុគ្គិលិក​ច្រើន​ជាង ១ ពាន់​នាក់ ដោយ​​ធ្វើ​ការ​ដឹក​ជញ្ជូន​ចំនួន​លាន​កញ្ចប់នៃទំនិញក្នុង​មួយខែ និងប្រតិបត្តិការ​នៅប្រទេស​ចំនួន ៦ ក្នុងតំបន់​អាស៊ានគឺមានដូចជា​ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងវៀតណាម។ Ninja Van នឹងប្រើប្រាស់ដើមទុនថ្មីដើម្បីវិនិយោគលើបច្ចេកវិទ្យានិងប្រតិបត្តិការរបស់ខ្លួន ដោយគិត​ថា​ខ្លួន​ច្បាស់​ជា​អាចទាញ​យក​ប្រយោជន៍​ពី​ប្រជាជន​ប្រមាណ ៦០០លាន​​នាក់ ហើយ​ក្នុ​ងនោះ ៧០ លាន​នាក់​ជា​អ្នកសកម្ម​ក្នុ​ងការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត ដែលស្មើនឹង​ប្រមាណ ៥១% នៃ​ប្រជា​ជនក្នុង​តំបន់​សរុប។ កំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅតំបន់អាស៊ីអាគ្នេយ៍ឱ្យឈានដល់ជាង ៨៨ ប៊ី​លានដុល្លារសម្រាប់​ការលក់ប្រចាំឆ្នាំនៅឆ្នាំ ២០២៥ ចំនួន​នេះ​មាន​ការ​កើ​ន​ឡើងជាង​កាល​ពីឆ្នាំ​មុន (១០ ប៊ី​លាន​ដុល្លារ)។​

ការ​ពង្រីក​ខ្លួន​របស់ Ninja Van

ក្នុង​ឆ្នាំ ២០១៦ Ninja Van បាន​ពង្រីក​អាជីវកម្ម​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន​ ៣ នោះគឺ ប្រទេស​ឥណ្ឌូ​នេស៊ី ម៉ាឡេស៊ី និង​​វៀត​ណាម​។

ប្រទេស​ឥណ្ឌូ​នេស៊ី     

ក្នុ​ងខែ កញ្ញា​ ២០១៦ ក្រុម​ហ៊ុន​បំរើ​សេវា​ផ្នែកភស្តុភារកម្ម​ Ninja Van មួយ​នេះ​បាន​ប្រកាសថាការពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ដោយ​ដាក់​ឈ្មោះ​ថា Ninja Xpress។  ​ក្រុម​ហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយ​នេះ​ មានគោលបំណងផ្តល់ឱ្យអ្នកលក់រាយក្នុងប្រទេសឥណ្ឌូនេស៊ី គ្រប់ទំហំទាំងអស់ក្នុងការទទួលបានប្រព័ន្ធដឹកជញ្ចូនដ៏ទូលំទូលាយរបស់ខ្លួន។ អ្នក​លក់​រាយ​អាច​ជ្រើស​រើសជម្រើស​ដឹកជញ្ជូន​មួយ​ចំនួន​ដែល​មានដូចជា Ninja REG Ninja FAST និង Ninja SUPER។

ប្រទេស​ម៉ាឡេ​ស៊ី

ចូលទៅ​ទីផ្សារ​ប្រទេស​ម៉ាឡេ​ស៊ី​នៅ​ចុងឆ្នាំ ២០១៦ បច្ចុប្បន្ន​ Ninja Van  បាន​ធ្វើ​ការ​​ដឹក​ជញ្ជូន​​ប្រមាណ ៥,០០០ ជើង​ក្នុង​មួយថ្ងៃ​ក្នុ​ង​ប្រទេស​នេះ។ ដោយ​សារ​ប្រទេស​នេះមានការ​លក់​ដូរ​ច្រើន អ្នកលក់​រាយ​ច្រើន​ត្រូវ​ការ​ដឹក​ជញ្ជូន​ក៏​ច្រើន​ នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អាជីវកម្ម​នេះ។​

ប្រទេស​វៀត​ណាម​

មិនមែន​ជា​ការ​​លេង​សើចទេ ​ការឈាន​ចូលជើង លូក​ដៃ​ចូល​ក្នុងទីផ្សារ​ប្រទេស​វៀត​ណាម​គឺ Ninja Van សម្លឹង​ឃើញ​​​ឱកាស​ធំ​មួយ​គឺ​សក្តា​នុពល​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណេត​ក្នុ​ងប្រទេស​នេះ​។ យោងតាមការស្រាវជ្រាវរបស់ eShopWorld បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ e-commerce មាន​ជាង ៣៥ លាននាក់នៅក្នុងប្រទេសវៀតណាម ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤២ លាននាក់នៅត្រឹមឆ្នាំ ២០២១ ។ បច្ចុប្បន្ន​ Ninja Van  បាន​ធ្វើ​ការ​​ដឹក​ជញ្ជូន​​ប្រមាណ ៥,០០០ ជើង​ក្នុង​មួយខែ​ក្នុ​ង​ប្រទេស​នេះ៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

X
5s