គម្រោងសួនត្រីក្រោមទឹក តម្លៃ៧០លានដុល្លារ បើកការដ្ឋានសាងសាង់ជាផ្លូវការហើយនៅសៀមរាប
គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វទំហំលើផ្ទៃដី១០០ ហិកតា មានទំហំវិនិយោគសរុប៧០លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការ ដោយក្រុមហ៊ុនសំណង់ LBL ហើយក្នុងខេត្តសៀមរាប។
គម្រោង នេះជាការវិនិយោគរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុនក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពី សហរដ្ឋអាមេរិកដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យាន សមុទ្រនៅទូទាំងពិភពលោក ។
ចំពោះទំហំវិនិយោគសរុបរបស់សម្រាប់គម្រោងនេះ មាន៣ ដំណាក់កាល នឹងមានចំនួនស្មើនឹង ៧០លានដុល្លារសហរដ្ឋអាមេរិក ដោយការចំណាយក្នុង ដំណាក់កាលដំបូងស្មើនឹង១៨លានដុល្លារសហរដ្ឋអាមេរិក។ ការសាងសង់ក្នុងដំណាក់កាលទី ១ នឹងប្រើពេល២ឆ្នាំ ដោយមានការបើកការដ្ឋាននៅក្នុងខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់ត្រឹម ខែឧសភា ឆ្នាំ២០២១។
លោក Roger R. Reynolds សមាជិកក្រុមប្រឹក្សា ភិបាល និងជាប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម បានលើកឡើងនៅក្នុងពិធីបើកសម្ពោធការ ការដ្ឋានសាងសង់ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ផ្ទះលេខ៩៦ មហាវិថី ព្រះនរោត្ដម រាជធានីភ្នំពេញ ថា គម្រោងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្ស សត្វនេះ នឹងក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាបនៅលើផ្ទៃដី១០០ហិកតា ដែលគម្រោងនេះ គឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី២ បន្ទាប់ពី អង្គរវត្ត។
លោក Roger R. Reynolds បានបន្ថែមថា គម្រោងនេះគឺមិនត្រឹមតែជាជលវប្បដ្ឋាន ឬឧទ្យានសត្វទៅទេ តែវាជាជម្រកធម្មជាតិប្រកបដោយគុណភាពខ្ពស់សម្រាប់ថែរក្សាសត្វព្រៃរស់នៅលើគោក ក្នុង តំបន់អាស៊ី មិនថាសត្វទាំងនោះ ជាពូជសង្រ្គោះ ឬបង្ឃាំងទុកនោះទេ។
លោកបានបន្ថែមថា គម្រោង នឹង មាន សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងគំរូភូមិនេសាទខ្មែរដែលភ្ញៀវ អាច ដើរ កម្សាន្ដ ទិញទំនិញ ឬរីករាយទទួលទានម្ហូបអាហារ និងភេសជ្ជៈក្នុងស្រុកមួយចំនួន។
ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការធ្វើពិពិធ កម្មផលិតផលនិងសេវាកម្មទេសចរណ៍ប្រកបដោយច្នៃប្រឌិត និងប្រកបដោយភាពច្នៃប្រឌិត និងគោលដៅទេសចរណ៍គឺជាបេសកកម្មយុទ្ធសាស្រ្តសំខាន់របស់យើងដើម្បីសម្រេចបាននូវការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេលវែងនៅក្នុងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទីបាន លើក ឡើងទៀតថា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់វិស័យទេសចរណ៍ថាជា “មាសបៃតង” និងជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍ សេដ្ឋ កិច្ចសង្គមនៅក្នុងប្រទេសដែលបានរួមចំណែក១២.៧ភាគរយ ចំពោះផលិតផលក្នុងស្រុក សរុប និងបង្កើតការងាររាប់សែនការងារនិងឱកាសរកស៊ី។ ទន្ទឹមនេះ នឹងនាំមកនូវមាត្រដ្ឋាន នៃការ វិនិយោគ ទាំងស្រុងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សេវាកម្មស្តង់ដារ និងគុណ ភាព។ គម្រោងនេះ ក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រការការពារបរិស្ថាន និងការអភិរក្សធនធានវប្បធម៌ និងធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដមឯកអគ្គរដ្ឋទូតស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងទៀត ថា គម្រោងនេះ ជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាម៉េរិក នៅកម្ពុជា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយនេះគឺជាអ្វីដែលយើងត្រូវអបអរ និងទទួល ស្គាល់។ ឯកឧត្តមបានបន្ដទៀតថា ដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋាន ត្រីទឹក សាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នឹងក្លាយជាគោលដៅទេសចរណ៍ថ្នាក់ពិភពលោក ។
ជាមួយគ្នានេះ គម្រោង Angkor Wildlife &Aquarium គឺជាវិធីដ៏ប្រពៃមួយសម្រាប់ឱ្យ ក្រុមគ្រួសារ ចំណាយពេលវេលាជាមួយគ្នា នៅទឹកដីសៀមរាប។ ជលវប្បដ្ឋាននេះ នឹងបន្ថែម នូវបទពិសោធន៍សម្រាប់គ្រួសារ ចូលទៅក្នុងបញ្ជីនៃគោលដៅដែល «ត្រូវទៅមើល» នៅខេត្ត សៀមរាប ជាពិសេសវានឹងលើកទឹកចិត្តឱ្យអ្នកទេសចរស្នាក់នៅរយៈពេលយូរ ហើយបង្កើន ចំណូលទេសចរណ៍។ គម្រោងនេះ តំណាងឱ្យការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុង ប្រទេសកម្ពុជាមួយ ដែលមានសុខុមាលភាព វិបុលភាព ប្រជាធិបតេយ្យ និងសន្តិសុខ។
ដោយ៖ ស្រីពេជ្រ