អ្វីជាឧត្តមភាពប្រៀបធៀប (Comparative Advantage)ក្នុងន័យសេដ្ឋកិច្ច?​




ឧត្តម​ភាព​ប្រៀប​ធៀប ជា​លក្ខខណ្ឌសេដ្ឋ​កិច្ច​មួយ​ដែល​កំណត់​ទៅលើ​សមត្ថ​ភាព​​ផលិត​ទំនិញ​ឬសេវាកម្ម​ ក្នុង​កម្រិត​ចំណា​យ​ថ្លៃ​ដើម​ផលិ​តទាប​ជាងដៃគូប្រជែង។ ឧត្តម​ភាពប្រៀប​ធៀបក៏​​បានផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ ឬ​ស្ថាប័នមួយ​នូវ​លទ្ធ​ភាពនៃ​ការលក់​ទំនិញ​ឬ​សេវាកម្ម​របស់​ខ្លួន ក្នុ​ងតម្លៃ​មួយ​ទាបជាង​​​គូ​ប្រជែង​ និង​មានចំនួន​ច្រើនជាមួយប្រាក់ចំនេញខ្ពស់​។

ស្វែងយល់បន្ថែមពីឧត្តម​ភាពប្រៀប​ធៀប
គំនិត​សំខាន់​មួយ​ក្នុងទ្រឹស្តី​សេដ្ឋ​កិច្ច​ ឧត្តម​ភាពប្រៀប​ធៀប​គឺជា​ការយល់​ដឹងពី​ឱកាស​ថ្លៃ​ដើម​ទាប​ក្នុ​ងការ​ផលិត​ ដែល​វាជាសក្តា​នុពល​មួយ​នៃ​អត្ថ​ប្រយោជន៍ពេលអ្នក​ចូល​រួម​ប្រកួត​ប្រជែងក្នុងទីផ្សារ​។ ក្រុម​ហ៊ុន​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង​មុន ការខាត​បង់​មាន​តិច និង​មាន​​ឱកាស​ខ្ពស់ក្នុ​ងការ​ក្តោប​ក្តាប់​ទីផ្សារលើទំនិញ​ឯក​ទេស​កម្មរបស់​ខ្លួន។​

មួយ​វិញ​ទៀត ឧត្តម​ភាព​ប្រៀបធៀប​គឺជា​ជម្រើស​ល្អ​បំផុត​មួយ​សម្រាប់​ការ​ធ្វើ trade-off។ មានន័យ​ថា ពេលអ្នក​អាចផលិ​តបាន​ផលិត​ផល​ពីរប្រភេទ តែ​មាន​មួយ​មុខ (ផលិត​ផល​ទី ១) ​ដែល​អ្នក​អាច​ផលិត​បាន​ល្អទាំងគុណ​ភាព​ ទាំងចំនួន និង​តម្លៃ ឯ​ទំនិញ​មួយ​មុខ​ទៀត (ផលិត​ផល​ទី​ ២) ​អ្នក​ត្រូវ​ចំណាយ​ច្រើន​ក្នុ​ងការ​ផលិត ឬ​ត្រូវ​ចំនាយ​ពេល​យូរ ឬអ្នក​ផលិត​មិន​បានល្អ​ដូច​គូ​ប្រជែង។ ដូច្នេះអ្នក​គួរ​ពិចារណា​បោះ​បង់​ការផលិ​តនូវ​ផលិត​ផល​ទី ២ ហើយ​ចាប់​យក​ផលិ​ត​នូវផលិ​តផល​ណា​ដែល​អ្នកមានឯក​ទេស​កម្ម​ទៅ​បាន​ហើយ។

ពិពិតកម្ម​ ឬ​ភាព​សម្បូរ​បែប​នៃ​ជំនាញ
​មិនមែន​តែ​នៅក្នុ​ងខ្សែសង្វាក់ផលិ​តកម្ម​សម្រាប់​ក្រុម​ហ៊ុន​ ឬ​ការ​ផលិត​របស់​ប្រទេស​ជាតិ​មួយ​ទេ សូម្បី​សមត្ថភាព​បុគ្គល​ម្នាក់​ក៏​ត្រូវ​មាន​ឧត្តម​ភាព​ប្រៀបធៀប​ដែរ។ ដើម្បីងាយ​ស្រួល​យល់​ត្រង់​ចំនុច​នេះ យើង​នឹង​លើក​យក​ជា​ឧទាហរណ៍មក​ពន្យល់​ជាក់​ស្តែង​វិញ៖

ករណី១៖ ក្នុ​ងការងារ​សាង​សង់​មួយ​ លោក សំ គឺ​ជា​ជាងសំណង់​ម្នាក់ គាត់អាច​សង់​ផ្ទះ​មួយ​បាន​តាំងពី​ដើម​រហូត​ដល់​ចប់​ប្រសិន​បើ​អ្នក​ភូមិ​ចង់​បាន​ផ្ទះល្មម​មួយទាំង​ទំហំ​និងគុណភាព។ តែជាក់​ស្តែង​គាត់​មានជំនាញ​ខាង​រៀប ចាក់​ធ្នឹម តែ​ការ​បូក​ ចាប់ជ្រី និង​លាប​ថ្នាំគាត់​ធ្វើ​មិនបាន​ល្អ​ទេ។ នេះជាហេតុ​នាំ​ឲ្យ​ការ​ម៉ៅ​ការ​សំណង់​គាត់​ទទួល​បានកម្រៃទាប ព្រោះបើ​តាម​សោភ័ណភាពគឺ​មិនសូវ​ស្អាតឡើយ។ ស្រប​ពេលជាមួយ​គ្នា​នេះ លោក ដារ៉ា ក៏​ជាជាង​សំណង់​ដូចគ្នា​ តែ​គាត់​មិនសូវជាទទួល​ម៉ៅ​ការសំណង់​ទាំង​មូល​ទេ ព្រោះគាត់​ចាក់​ពុម្ព​មិនសូវជាល្អ ដូច​ការរៀប​ឥដ្ឋ បូក និង​លាប​ថ្នាព៌ណ​ទេ ដូច្នេះ ដារ៉ា តែង​ទទួល​គម្រោងសម្រាប់តែ​លើការ​រៀប​ឥដ្ឋ ការ​បូក និង​លាប​ថ្នាំ​ប៉ុណ្ណោះ ហើយ​គិត​ជា​ការ៉េវិញ​។ ក្នុ​ងករណី​នេះ​ បើ​លោក សំ មាន​ឯក​ទេសមួយ​ផ្នែកហើយ​ លោក ដារ៉ា មាន​ឯក​ទេស​មួយ​ផ្នែក អ្នក​ទាំង​ពីរ​ចូល​រួម​ការងារជាមួយ​គ្នា​ គេអាច​ចំនេញ​ទាំង​ពេល​វេលា​ធ្វើ​ការ​ និង​ថវិកា។ ​ ​​

ករណី២៖ មាន​ប្រទេស “ក” និង​ប្រទេស “ខ” ធ្វើ​ការ​ផលិ​តក្រណាត់ និងគ្រឿង​ចក្រដូចគ្នា។ តែ​ការផលិតគ្រឿង​ចក្ររបស់​ប្រទេស “ក” ត្រូវចំណាយពេល ៦ ម៉ោង​ដើម្បី​បានគ្រឿង​ចក្រ​មួយ​ ខណៈ​ដែល​ប្រទេស “ខ” ចំណាយ​ពេល​តែ​ ២ ម៉ោង​ប៉ុណ្ណោះ​។ ដោយ​ឡែកប្រទេស “ខ” ត្រូវ​ចំណាយ​ពេល​ ១ ម៉ោងដើម្បី​ផលិត​ក្រណាត់​មួយ​កី តែ​ប្រទេស “ក” ចំណាយ​ពេល​តែ ២០នាទី​ប៉ុណ្ណោះក្នុ​ងក្រណាត់​មួយកី​ប្រវែង​ដូចគ្នា​នេះ។ ដូចនេះមានន័យ​​ថា ​ ប្រទេស “ក” មាន​ឯក​ទេស​ផលិត​ក្រណាត់ ឯ​ប្រទេស “ខ” មានឯក​ទេស​ផលិត​គ្រឿង​ចក្រ ពួកគេ​គួ​រធ្វើ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ ដើម្បីកាត់​បន្ថយ​ថ្លៃ​ចំណាយ​លើការ​ផលិ​ត និង​ផ្គត់​ផ្គង់​តម្រូវការ​ទីផ្សារ​ឲ្យ​ទាន់ពេល​វេលា។ ចំពោះ​តម្លៃវិញទោះ​មិនធ្វើ​ការ​បកស្រាយ​ច្រើនក៏​អាច​យល់​បានដែរ​ថា អ្នក​ដែល​អាច​ផលិ​តបាន​ច្រើនហើយ​ចំនាយ​ពេល​តិចច្បាស់​ជាតម្លៃ​ធូរថ្លៃ​តាម​នេះ​ដែរ​ហើយ​។ ការ​ធ្វើ​បែបនេះ​គឺ​ផ្តល់​ផល​ចំនេញ​មួយ​ទៀត​គឺ​ឯក​ទេសកម្ម​របស់​កម្ម​ករ ព្រោះ​នៅពេល​ដែលកម្ម​ករ​មាន​ជំនាញ​ អាច​ថ្នឹក​នឹង​ការងារ​បាន​ អ្នក​គួ​រ trade-off ការ​ផលិត​ណា​ដែលអ្ន​ក​ចំណាយ​ច្រើន ហើយកម្ម​ករគ្មាន​ជំនាញ បើមិនដូច្នោះ​ទេអ្នក​ច្បាស់​ជាត្រូវ​ចំណាយ​ពេល​ក្នុ​ងការ​បណ្តុះ​បណ្តាល​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​មានជំនាញ។​

ឧត្តមភាព​ប្រៀប​ និង​ ឧត្តម​ភាព​ប្រកួត​ប្រជែង
ឧត្តម​ភាព​ប្រកួត​ប្រជែង (Competitive Advantage) គឺ​សំដៅ​ដល់សមត្ថ​ភាព​របស់​ក្រុម​ហ៊ុន​ ឬ​សេដ្ឋ​កិច្ច​ ឬ​ប្រទេសមួយ​ ឬរូបវន្តបុគ្គលដែល​អាច​ផ្តល់​តម្លៃ​ដ៏​ម៉ាំ​​ទាំ​មួយលើ​ការ​ប្រើ​ប្រាស់​ផលិត​ផលមួយ​ដែល​យើង​ផលិ​ត ធៀប​នឹង​ផលិ​ត​ផល​គូ​ប្រជែង។ ស្តាប់​ទៅ​វា​ហាក់​ដូចជា​ស្រដៀង​នឹង​​ឧត្តមភាព​ប្រៀប តែជាក់​ស្តែង​វាខុសគ្នា​។

សម្រាប់​ក្រុម​ហ៊ុនមួយ ដើម្បី​ទទួល​បាន​ឧត្តម​ភាព​ប្រកួត​ប្រជែងអ្នក​ត្រូវ​គិត​សំខាន់​លើ​ ៣ ចំនុចដែល​អ្នកនឹង​ផ្តល់​ជូន​អ្នក​ប្រើ​ប្រាស់​ដូចជា៖ ផលិ​តផលឬសេវាកម្ម ​ដែល​មានគុណភាពខ្ពស់ ឬ តម្លៃ​ផលិត​ផល​ឬសេវាកម្ម​ទាប ឬ​ផ្តល់​លក្ខណៈ​ពិសេសដែល​អតិថិជន​ត្រូវការ​ជំនួស​វិញ​។ ជាទូ​ទៅ​អ្នក​អាចជ្រើស​មួយ​ក្នុ​ងចំណោម​បី ឬ​អ្នក​ខ្លះ​គាត់​មានលទ្ធ​ភាព គឺ​ជ្រើស​យក​ពីរក្នុង​ចំណោម​បី​ខាង​លើ តែ​អ្នក​មិនអាចជ្រើស​យក​ទាំងបី​បានទេ ព្រោះ​អ្នក​នឹ​ង​ក្ស័យ​ធន​ដោយ​សារ​តែការ​ចង់​ប្រកួត​ប្រជែងមិនខាន៕

ដោយ៖ យ៉ាយ៉ា​

X
5s