អ្វីទៅជាទីផ្សារហិរញ្ញវត្ថុ Financial Market?
សម័យនេះហើយគ្មាននរណាម្នាក់ដែលថាមិនស្គាល់ទីផ្សារហិរញ្ញវត្ថុនោះទេ។ ទីផ្សារហិរញ្ញវត្ថុជាកន្លែងជួញដូរផលិតផលហិរញ្ញវត្ថុ។ ទីផ្សារហិរញ្ញវត្ថុនេះមានការកំណត់យ៉ាងច្បាស់លាស់លើគោលការណ៍នៃការជួញដូរ រចនាសម្ព័ន្ធនៃការទូទាត់ និងទម្រង់ការសំខាន់ៗ បទបញ្ញត្តិនានាដើម្បីធានាបានសុវត្ថិភាពជូនអ្នកជួញដូរ។ ទីផ្សារហិរញ្ញវត្ថុត្រូវបានបែងបែកជាពីរគឺ centralized សម្រាប់ផ្សារមូលបត្រព្រោះវាមានទីតាំងច្បាស់លាស់ និង decentralized សម្រាប់ទីផ្សាររំលងបញ្ជរ។
ចុះតើទីផ្សារហិរញ្ញវត្ថុជួញដូរផលិតផលអ្វីខ្លះ? ហើយផលិតផលហិរញ្ញវត្ថុសំខាន់ៗមានអ្វីខ្លះ?
ផលិតផលហិរញ្ញវត្ថុសម្រាប់ជូញដូរនៅលើទីផ្សារមានដូចជា៖ មូលបត្រកម្មសិទ្ធិ មូលបត្របំណុល ឧបករណ៍និស្សន៍ (Derivative) ទីផ្សារ Forex (Foreign Exchange Market) ទីផ្សារជួញដូរទំនិញ (Commodity Market) ទីផ្សាររូបិយវត្ថុ (Money Market) ទីផ្សារអចលនទ្រព្យ និង ធានារ៉ាប់រង។
និយមន័យ និងការជួញដូរផលិតផលហិរញ្ញវត្ថុ
១) មូលបត្រកម្មសិទ្ធិ (Stock)៖ ជាប្រភេទមូលបត្រដែលបង្ហាញភាពជាម្ចាស់កម្មសិទ្ធិក្នុងអាជីវកម្ម។ ការទិញមូលបត្រកម្មសិទ្ធិមានន័យថាទទួលបានភាពជាម្ចាស់ក្នុងការកាន់កាប់អាជីវកម្ម ហើយការលក់មូលបត្រកម្មសិទ្ធិមានន័យថាលក់ភាពជាម្ចាស់ដូចគ្នា។
ការជួញដូរមូលបត្រកម្មសិទ្ធិនេះជាទូទៅធ្វើឡើងនៅទីផ្សារមូលបត្រ ឧទាហារណ៍ដូចជា ផ្សារមូលបត្រកម្ពុជា ផ្សារមូលបត្រថៃ ផ្សារមូលបត្រសហរដ្ឋអាមេរិកជាដើម។
២) មូលបត្របំណុល (Bond)៖ ជាប្រភេទមូលបត្រដែលបង្ហាញភាពជាម្ចាស់បំណុលនៃអាជីវកម្មមួយ។ ពេលអ្នកទិញមូលបត្របំណុលនេះមានន័យថាអ្នកក្លាយជាម្ចាស់បំណុលសម្រាប់អាជីវកម្មនោះ ប្រសិនបើអាជីវកម្មនោះក្ស័យធនគេសងអ្នកមុនបែងចែកភាគហ៊ុនដល់អ្នកកាន់មូលបត្រកម្មសិទ្ធិ។
ការជួញដូរមូលបត្រកម្មបំណុលមួយចំនួនធំធ្វើឡើងនៅទីផ្សាររំលងបញ្ជរ OTC Market។
៣) ឧបករណ៍និស្សន៍ (Derivative)៖ យើងប្រើពាក្យថា ដេរីវេទីវ ដើម្បីឲ្យងាយស្រួលស្តាប់។ ដេរីវេទីវមានដូចជា Forward Contract Future Contract Swap និង Option។ ការជួញដូរដេរីវេទីវធ្វើឡើងនៅទាំងផ្សារមូលបត្រ និងទីផ្សាររំលងបញ្ជរ។
៤) ទីផ្សារ Forex៖ ជាការជួញដូររូបិយប័ណ្ណបរទេស ទីផ្សារធំបំផុតទាក់ទងនឹងបរិមាណជួញដូរ ភាគច្រើនចូលរួមជាស្ថាប័នហិរញ្ញវត្ថុធំៗ។ នៅកម្ពុជាក្រុមហ៊ុន Forex មានដូចជា GFX លីហួរ GoldFx Royal Finance Corporation ជាដើម។
ការជួញដូរជាទូទៅគឺនៅលើទីផ្សាររំលងបញ្ជរ។
៥) ទីផ្សារ Commodity៖ សម្រាប់ Commodity នេះជាការជួញដូរលើទំនិញមួយចំនួនដូចជា ស្រូវ អង្ករ ពោត សណ្តែក លោហៈ រ៉ែ និងទំនិញកសិកម្មជាច្រើនប្រទេសទៀត។ ការជួញដូរ Commodity គឺសម្រាប់ការដេញថ្លៃ ឬការទិញទុកមុននូវទំនិញទាំងអស់នេះ ដោយបង្ការខ្លាចវាឡើងថ្លៃនៅពេលអនាគតដែលយើងត្រូវការ។
ការទិញនេះគឺជាការចងកុងត្រាទុកមុន ដោយប្រើ option ក្នុងដេរីវេទីវ។
៦) ទីផ្សាររូបិយវត្ថុ (Money Market)៖ ជាការជួញដូរលើបំណុលរយៈពេលខ្លីដូចជា Treasury bills Commercial paper Certificates of deposit Bills of exchange Repurchase agreements Federal funds និង Asset backed securities។ ទាំងអស់សុទ្ធតែមានអាយុកាលក្រោមឬស្មើមួយឆ្នាំ។
ការជួញដូរភាគច្រើនគឺធ្វើឡើងនៅលើទីផ្សាររំលងបញ្ជរ។
៧) ទីផ្សារអចលនទ្រព្យ៖ ទីផ្សារសម្រាប់អចលនទ្រព្យជាចំបងពាក់ព័ន្ធនឹងភ្នាក់ងារដែលតំណាងឱ្យអ្នកទិញនិងអ្នកលក់។
៨) ធានារ៉ាប់រង (Reinsurance)៖ ជាធានារ៉ាប់រងមួយដែលធ្វើការធានាលើអ្នកធានា (insurers) គឺជាការអនុវត្ដដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្ទេរផលប័ត្រហានិភ័យរបស់ពួកគេទៅឱ្យភាគីផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងមួយចំនួន ដើម្បីកាត់បន្ថយលទ្ធភាពបង់កាតព្វកិច្ចធំដែលកើតចេញពីការទាមទារសំណងធានារ៉ាប់រង៕
ដោយ៖ យ៉ាយ៉ា