វិធីសាស្ត្រ ៤យ៉ាង ជួយអ្នកឲ្យមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ
មិនមែនជារឿងលេងសើចទេ ទំនាក់ទំនងក្នុងកន្លែងការងារសំខាន់ខ្លាំងណាស់ មិនថាអ្នកចង់ឬមិនចង់គឺដាច់ខាតត្រូវតែប្រាស្រ័យទាក់ទងគ្នាដើម្បីឲ្យការងារក្នុងអង្គភាពអាចដំណើរការទៅបានដោយរលូន។
មនុស្សភាគច្រើនដែលធ្វើការក្នុងអង្គភាពមួយ ស្ថាប័នមួយ នាយកដ្ឋានមួយ ពិសេសក្នុងក្រុមការងារមួយ ចៀសមិនផុតទេពីការទាស់សម្តី ខ្វែងគំនិតគ្នា តែអ្នកខ្លះក៏ឈានទៅរកជម្លោះក្នុងកន្លែងការងាររហូតមានភាគីខាងណាមួយលាឈប់ក៏មាន នេះបណ្តាលមកពី មានបញ្ហាផ្នែកទំនាក់ទំនងរវាងគ្នានឹងគ្នា។ តើធ្វើយ៉ាងណាទើបអាចរក្សាទំនាក់ទំនងជាមួយអ្នករួមការងារបានល្អ និងដើម្បីភាពរីកចម្រើនក្នុងអាជីពការងាររបស់អ្នក? ខាងក្រោមនេះអាចជាជំនួយដល់អ្នកបានក្នុងកន្លែងការងារ៖
១) រួសរាយ
ពាក្យថារួសរាយ មិនមែនគ្រប់គ្នាសុទ្ធតែអាចរួសរាយរហូត ញញឹមដាក់មនុស្សគ្រប់គ្នារហូត ដើរនិយាយសួស្តីចំពោះមនុស្សទាំងអស់គ្នាទេ ទាល់តែគេជាមនុស្សម្នាក់ដែលតែងធ្វើខ្លួនរីករាយរហូតទើបអាចសើចចេញគ្រប់ពេល។ មនុស្សមួយចំនួនសឹងថាយើងសើចដាក់ និយាយរក ១០ ដងហើយមិនចង់តបវិញក៏មាន។ តែទោះជាយ៉ាងណា អ្វីដែលអ្នកគួរធ្វើនៅកន្លែងការងារគឺមិនពិបាកពេកទេដើម្បីឲ្យទំនាក់ទំនងអ្នក និងមិត្តរួមការងារបានប្រសើរគឺ ជួបមុខគ្នា បើមិននិយាយអ្វីសោះតែបានញញឹមដាក់គ្នាគ្រប់គ្រាន់ហើយ។ ជាងនេះទៀត ត្រឹមពាក្យ “អរុណសួស្តី” ពេលចូលធ្វើការ និងពាក្យថា “លាហើយ” ពេលចប់ម៉ោងការងារ គឺល្អបំផុត។
២) ចំនាយពេលញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា
បច្ចុប្បន្នមនុស្សមានការងារធ្វើ ៩០% ហើយដែលតែញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងការងារ ទោះបីមិនញ៉ាំនៅការិយាល័យ ក៏ទៅញ៉ាំជាមួយមិត្តរួមការងារដែរជាជាងការដែលទៅញ៉ាំនៅផ្ទះ។ ដូច្នេះក្រៅពីម៉ោងការងារ ពេលវេលាដែលអ្នកអាចជជែកជាមួយមិត្តរួមការងារបានល្អគឺមានតែពេលញ៉ាំអាហារថ្ងៃត្រង់ជាមួតគ្នាប៉ុណ្ណោះ។ បើអ្នកចំណាយពេលវេលាញ៉ាំអាហារជាមួយមិត្តរួមការងារ អ្នកអាចស្វែងយល់ពីគេបានកាន់តែច្រើនចំពោះចរិតផ្ទាល់ខ្ឡួនរបស់គេ អ្នកនឹងគេអាចយល់ពីគ្នាទៅវិញទៅមកបានកាន់តែប្រសើរ។
៣) ស្វាគមន៍អ្នកដែលចូលថ្មី
ចូលធ្វើការនៅកន្លែងណាមួយថ្មីថ្មោង មិនថាអ្នកដែលមិនទាន់ប្រលូកក្នុងការងារទេ សូម្បីអ្នកមានបទពិសោធន៍ពេញទ្រូងក៏មានការពិបាកដែរ។ វាជាកន្លែងថ្មី មនុស្សថ្មី បរិយាយកាសថ្មី អ្វីៗគឺថ្មីទាំងអស់ ដូចនេះបើអ្នកជាបុគ្គលិកដែលកំពុងបម្រើការងារនៅកន្លែងនោះគួរធ្វើការស្វាគមន៍អ្នកចំណូលថ្មី ដូចជាការរៀបរាប់ពីខ្លួនឯង និងតួនាទីទោះបីផ្នែកធនធានមនុស្សបានធ្វើការណែនាំ (Orientation) ហើយក៏ពិតមែន។
៤) យកចិត្តទុកដាក់ ឬធ្វើការឲ្យតម្លៃលើការអញ្ជើញណាមួយក្នុងការរិយាល័យ ឬស្ថាប័ន
វាអាចជាការអញ្ជើញចូលរួមពិធីជប់លៀងណាមួយសម្រាប់បុគ្គលិក ពិធីខួបកំណើតដែលមានរៀបចំតិចតួចក្នុងការិយាល័យពីសំណាក់ផ្នែកធនធានមនុស្ស ឬចូលរួមអបអរនរណាម្នាក់ក្នុងឱកាសអ្វីមួយអ្នកគួរតែចំណាយពេលបន្តិចចូលរួម។ ចៀសវាងការប្រើពាក្យថា "អត់ទេខ្ញុំមិនចូលរួមទេ អរគុណ” ឬការបដិសេធបង្ហាញឲ្យឃើញថាអ្នកមិនពេញចិត្ត៕
ដោយ៖ យ៉ាយ៉ា