ទ្វីបអាហ្រិកអាចនឹងមានវាសនាដូចក្នុងប្រវត្តិសាស្ត្របើសិនជាចិនអាចគ្រប់គ្រងបាន​



តាំងពីយូរយារណាស់មកហើយ ទ្វីបអាហ្វ្រិកបានក្លាយជាតំបន់មួយដែលបានទាក់ទាញចំណាប់អារម្មណ៍ប្រទេសនានាជុំវិញពិភពលោកជាពិសេសប្រទេសមហាអំណាចមួយចំនួនក្នុងតំបន់អ៊ឺរ៉ុប។ ប្រទេសជាច្រើនបានសម្រុកចូលក្នុងទ្វីបអាហ្វ្រិកដោយដើរតួរក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកផ្ដល់ប្រាក់កម្ចី និងអ្នកកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជាពិសេសនោះពួកគេបានសន្យាថានឹងជួយប្រជាជនគ្រប់ប្រទេសក្នុងទ្វីបនេះឲ្យងើបផុតពីភាពក្រីក្រ នឹងឈានទៅរកវឌ្ឍនភាព។ ប៉ុន្តែជាអកុសល អ្វីដែលទ្វីបអាហ្វ្រិកមួយនេះបានជួបប្រទះនោះគឺប្រទេសមហាអំណាចទាំងប៉ុន្មានបានជាន់ឈ្លីទ្វីបមួយនេះហើយទន្ទ្រានទឹកដីយកធនធានរ៉ែ សម្បត្តិធម្មជាតិផ្សេងៗ ព្រមទាំងបានយកប្រទេសទាំងនោះដាក់ក្រោមអាណានិគមរបស់ខ្លួនដែលបានធ្វើឲ្យប្រទេសទាំងនោះបន្តធ្លាក់ខ្លួនក្នុងភាពក្រីក្រយ៉ាប់យ៉ឺនកាន់តែខ្លាំង។

វាសនារបស់ទ្វីបអាហ្វ្រិកបច្ចុប្បន្ននេះក៍មិនខុសពីវាសនាដែលខ្លូនបានជួបប្រទះក្នុងប្រវត្តិសាស្ត្រទេព្រោះប្រទេសមហាសេដ្ឋកិច្ចចិនកំពុងតែប្រើប្រាស់គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ខ្លួនដើម្បីបញ្ឆោតទ្វីបមួយនេះឲ្យធ្លាក់ក្នុងសុបិនអាក្រក់សារជាថ្មីម្ដងទៀត។ ប្រទេសចិនបានធ្វើការវិនិយោគគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនក្នុងទ្វីបមួយនេះ ដែលស្ដាប់ទៅដូចប្រទេសចិនកំពុងតែព្យាយាមជួយស្ដារទ្វីបមួយនេះឲ្យលូតលាស់ទៅរកអនាគតល្អប្រសើរជាងមុន។ ប៉ុន្តែការពិតគម្រោងសាងសង់ចិនទាំងប៉ុន្មាននោះនឹងទាញទ្វីបមួយនេះឲ្យកាន់តែធ្លាក់ក្នុងអន្ទាក់បំណុលរបស់ខ្លួនជាមិនខាន។

គោលបំណងធំរបស់ចិនគឺចង់យកតំបន់ទ្វីបមួយនេះធ្វើជាតំបន់យុទ្ធសាស្ត្រក្នុងការរក្សាផ្លូវដឹកជញ្ជូនតាមផ្លូវទឹកដែលជាប្រយោជន៍ដល់ការនាំចេញរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទ្វីបមួយនេះគឺពពេញទៅដោយធនធានធម្មជាតិមានតម្លៃជាច្រើនប្រភេទមានដូចជា ប្រេង លោហធាតុមានតម្លៃ និងមច្ឆជាតិជាដើម។ តាមរយៈការសង្កេតរបស់លោក Ted Bauman អ្នកវិភាគជាន់ខ្ពស់ក្នុងក្រុមហ៊ុនបោះពុម្ភ Banyan Hill Publishing បានឲ្យដឹងថាក្នុងនាមលោកជាជនជាតិអាហ្វ្រិកខាងត្បូងមួយរូបលោកបានយល់ឃើញថាគម្រោងវិនិយោគបរទេសរបស់ចិនទាំងប៉ុន្មានគឺសុទ្ធតែពាក់ព័ន្ធនឹងគោលបំណងភូមិសាស្ត្រនយោបាយ មិនមែនទាក់ទងនឹងគោលបំណងសេដ្ឋកិច្ចឡើយ។ ភាគច្រើនការវិនិយោគទាំងនោះគឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រោងរបស់ក្រុមហ៊ុនចិន មិនមែនក្រុមហ៊ុនឯកជនចិនឡើយហើយគម្រោងវិនិយោគទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងហេដ្ឋរចនាសម្ព័ន្ធមានដូចជា ផ្លូវថ្នល់ កំពង់ផែ ទំនប់ទឹក និងប្រព័ន្ធបណ្ដាញផ្សេងៗមានដូចជាប្រព័ន្ធអគ្គិសនីជាដើម។

ហេដ្ឋរចនាសម្ព័ន្ធទាំងអស់នេះដែលទ្វីបអាហ្វ្រិកកំពុងតែត្រូវការយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេឲ្យដើរលូតលាស់តាមទាន់តំបន់ផ្សេងៗទៀតលើពិភពលោក។ ហេតុនេះហើយបានជាប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកបានយល់ឃើញថាគម្រោងវិនិយោគរបស់ចិនអាចជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ពួកគេបានដែលកត្តាមួយនេះហើយអាចទាញប្រទេសទាំងនេះឲ្យធ្លាក់ចូលក្នុងអន្ទាក់វ័ណ្ឌករបស់ចិនបាន។ ហើយម្យ៉ាងវិញទៀតប្រទេសទាំងនេះប្រឈមនឹងការគ្មានជម្រើសអ្វីផ្សេងក្រៅពីបើកដៃទទួលយកគម្រោងវិនិយោគចិនទាំងនោះដោយសារពួកគេយល់ឃើញថានោះជាឱកាសតែមួយគត់របស់ពួកគេក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនទៅរកភាពល្អប្រសើរ។

ចំណុចមួយនេះហើយដែលធ្វើឲ្យប្រទេសចិនមានឥទ្ធិភាពក្នុងការធ្វើការផ្សព្វផ្សាយគម្រោងវិនិយោគរបស់ខ្លួនក្នុងទ្វីបមួយនេះបានយ៉ាងជោគជ័យហើយមានប្រទេសមួយចំនួនបានគាំទ្រនិងចូលរួមសហការក្នុងគម្រោងទាំងនោះ។ ជាពិសេសនោះប្រទេសចិនក៍មានឥទ្ធិភាពក្នុងការប្រើប្រាស់គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ខ្លួនក្នុងការគ្រប់គ្រោងតំបន់មួយចំនួនក្នុងទ្វីបនេះដោយទាញប្រទេសទាំងនោះមកស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់ខ្លួនផងដែរ៕

 ដោយ៖ នឿន វណ្ណៈ

X
5s