ផ្សារមូលបត្រមានឥទ្ធិពលអ្វីទៅលើសេដ្ឋកិច្ច?​



ការឡើងចុះ តម្លៃភាគហ៊ុនវាមានឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិនិយោគិន  ស្ថិរភាពរបស់ក្រុមហ៊ុននីមួយៗ និងសេដ្ឋកិច្ចទាំងមូលក្នុងប្រទេស។  ជារឿយៗតែងតែមានសំនួរមួយផុសឡើងថា ហេតុអ្វីតម្លៃភាគហ៊ុនឡើង ឬចុះប៉ះពាល់ដល់សេដ្ឋកិច្ច? វាមានកត្ដាផ្សេងគ្នាៗជាច្រើនដែលធ្វើតម្លៃភាគហ៊ុនឡើងចុះ និងមានផលប៉ះពាល់ដល់កត្ដាទាំងអស់នោះវាមានដូចជា៖

 

ដំណើរការនៃការជួញដូរតម្លៃភាគហ៊ុនរបស់វិនិយោគម្នាក់ៗវាផ្ដល់នូវលក្ខណៈងាយនិងបង្កភាពវឹកវរខ្លាំងក្នុងផ្សារហ៊ុន។ ព្រោះនៅពេលតម្លៃភាគហ៊ុនឡើងខ្ពស់ ឬធ្លាក់ចុះវាអាស្រ័យទៅលើវិនិយោគិនក្នុងផ្សារហ៊ុនពេលជួញដូរ វាមានឥទ្ធិពលខ្លាំង ដែលអាចធ្វើឲ្យប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានទៅដល់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រទាំងអស់នោះ។

នៅពេលដែលផ្សារមូលបត្រស្ថិតនៅក្នុងទីផ្សារគោព្រៃ ឬផ្សារកំពុងតែមានកំណើន វិនិយោគិននឹងមានកើនឡើងចូលរួមវិនិយោគ  ដោយហេតុថាវិនិយោគិនក្នុងពេលនោះមានគំនិតវិជ្ជមានច្រើនព្រោះពេលផ្សារកើនឡើងបានបញ្ជាក់ថា ផ្សារកំពុងតែដំណើរល្អ មានផលចំនេញច្រើននឹងមានស្ថិរភាពល្អ វិនិយោគិនកាន់តែវិនិយោគក្នុងផ្សារមូលបត្រ។

មួយវិញទៀតពេលដែលផ្សារមូលបត្រស្ថិតនៅក្នុងផ្សារខ្លាឃ្មុំ តម្លៃភាគហ៊ុនក្នុងផ្សារមូលបត្រទាំងអស់នឹងធ្លាក់ចុះ ភាគច្រើនវិនិយោគិនចាប់ផ្ដើមផ្អាកធ្វើការជួញដូរមួយរយៈ ដូចនេះដំណើរការរបស់ក្រុមហ៊ុនដែលបានបោះផ្សាយភាគហ៊ុននឹងចាប់ផ្ដើមមានភាពរអាក់រអួល ជួនកាលអាចនឹងត្រូវខាតបង់ធំ ហើយនឹងបាត់បង់ចំនូលចូលជាតិថែមទៀតផង។

ផ្សារមូលបត្រពាក់ព័ន្ធនឹងសេដ្ឋកិច្ច?

ផ្សារហ៊ុនអាចនិយាយបានថាជាកន្លែងដែលក្រុមហ៊ុនតូចធំ ចូលរួមដើម្បីគៀរគរស្វែងរកដើមទុនបន្ថែមសម្រាប់ពង្រីកក្រុមហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងផ្សារមូលបត្រនឹងធ្វើការបោះផ្សាយមូលបត្ររបស់ក្នុងតម្លៃសមគួរមួយដើម្បីផ្ដល់ឲ្យវិនិយោគិនយកទៅជួញដូរបន្ដ។ វិនិយោគិនដើរតួរនាទីយ៉ាងសំខាន់ក្នុងផ្សារមូលបត្រ ប្រសិនបើផ្សារបើកហើយមាន ទំនិញរួចហើយ តែបើគ្មានអ្នកទិញ-លក់ ផ្សារនោះអាចដើរដែរទេ?

នៅក្នុងផ្សារមូលបត្រ​ភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើនត្រូវបានទិញលក់។ ដំណើរការទិញ-លក់ទាំងនេះអាចជួយក្នុងដំណើរការអនុវត្ដគម្រោងវិនិយោគដែលមានផលិតភាពខ្ពស់ ដែលអាចឈានទៅដល់ការបង្កើតមូលធន និងនាំឲ្យមានការកំណើនសេដ្ឋកិច្ច។ ប្រភពដើមទុន និង​សាច់ប្រាក់ដែលរាយប៉ាយនឹងត្រូវបានប្រមូលចងក្រងយកទៅប្រើប្រាស់ចំទិសដៅ ហើយផ្ដល់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

ជារួមទីផ្សារមូលបត្រមានសារសំខាន់ចំពោះសេដ្ឋកិច្ចជាតិព្រោះវាជាប្រភពដើមទុនដែលជួយដល់ក្រុមហ៊ុន សហគ្រាសដែលត្រូវការដើមទុនបន្ថែម នោះនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច នៅពេលសហគ្រាសនោះរីកធំធាត់។ មិនតែប៉ុណ្ណោះផ្សារមូលបត្រមិនត្រឹមតែឆ្លុះបញ្ជាំងពីស្ថានភាពទូទៅរបស់ជាតិតែប៉ុនោះទេ ប៉ុន្ដែទីផ្សារនេះក៏ជួយសម្រួល និងពន្លឿនសេដ្ឋកិច្ចជាតិផងដែរ។

មួយវិញទៀតការឡើងចុះតម្លៃហ៊ុននៅក្នុងផ្សារមូលបត្រ គឺមិនមែនកើតឡើងដោយឯកឯងនោះទេហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើក្រុមហ៊ុនចុះបញ្ជី វិនិយោគិន ជាពិសេសទៅលើសេដ្ឋកិច្ចទៀត។ ក៏ប៉ុន្ដែមិនមានន័យថាផ្សារមូលបត្រជាតួឈ្នានីសសេដ្ឋកិច្ចរីកកុំឲ្យសេដ្ឋកិច្ចរីកចម្រើននោះទេ សេដ្ឋកិច្ចក៏អាចធ្វើឲ្យផ្សារមូលបត្រទាំងមូលមានភាពវឹកវរដូចគ្នា ។ ដូចជាកាលពីប៉ុន្មានខែមុនមកនេះ សន្ទសន្សន៍ធំៗនៅក្នុងផ្សារមូលបត្រអាមេរិក ត្រូវបានធ្លាក់ចុះយ៉ាងគំហុកក្រោយពីបានលេចឮព័ត៌មានសេដ្ឋកិច្ច ពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច៕

ដោយ៖ ច័ន្ទលាភ

 

 

 

X
5s