ហេតុផល ៥ យ៉ាងដែលអ្នកគួរទិញសិទ្ធិអាជីវកម្មដែលជោគជ័យស្រាប់ ជាជាងកវែក-កឆ្នាំងដោយខ្លួនឯង​



អ្ន​កដែល​កំពុ​ងតែ​អាន​នេះមានគំនិត​ចង់​ក្លាយ​ជា​អ្នក​ជំនួញមែន​ទេ? បើ​អ្នក​ចង់​មែន អ្នក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ឬនៅ? ខ្ញុំ​ដឹង​ថា​អ្នក​កំ​ពុង​តែ​ឈឺ​ក្បាលគិ​តពី​ការ​រក​ស៊ី​ ថា​គួ​រតែរក​អ្វី​ល្អ ងាយ​ស្រួល​ មិនសូវ​ចំណាយ​កំលាំង​ច្រើន​ ​ហើយ​អាជីវកម្ម​អ្វី​ដែល​សក្តិ​សម​នឹង​អ្នក​បំផុត​? មិនមែន​តែអ្នកទេ​ដែល​ទាល់​គំនិត​ពី​រឿង​នេះ មនុស្ស​ដែល​ចាប់​អាជីព​រក​ស៊ី​ទាំងអស់​សុទ្ធ​តែ​ជួប​នឹង​សំនួរ​នេះ ព្រោះ​វាជាដំណាក់​កាល​មួយ​ដែល​ហៅ​ថា "ក-ក្អម" គិត​អ្វី​ក៏​មិន​ចេញ​ដែរ។

ខណៈ​នេះ​យើង​នឹង​ជួយ​បង្ហាញ​អ្នក​ខ្លះ​ៗ​ពី​អាជីវកម្ម​ដែល​គួរ​ពិចារណា។ ចាប់​ផ្តើម​អាជីវកម្ម​គឺ​អ្នក​អាច​គិត​ទៅ​លើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ និង​អាជីវកម្ម​ទិញ​សិទ្ធិ​តពី​គេ។ តាម​ការ​វិភាគពី​ CBInsights បាន​ឲ្យ​ដឹង​ថា ១០១ នាក់​នៃ​ស្ថាបនិក Startup បាន​បញ្ជាក់​ថា អាជីវកម្មរបស់​គេ​ដួល​រលំ​ដោយ​សារតែ៖

៤២% គ្មាន​តម្រូវ​ការ​ទីផ្សារលើ​ផលិ​តផល​ ឬ​សេវាកម្ម​របស់​ពួកគេ

​២៩% អស់​ប្រាក់​មុន​ដល់​កាល​កំណត់​ដែល​នឹង​ទទួល​ជោគជ័យ​

២៣% គ្មា​ន​ក្រុម​ការ​ងារ ឬ​ដៃគូ​ល្អ​ដំណើរ​ការ​អាជីវកម្ម​ជាមួយ​គ្នា​

បច្ចុ​ប្បន្ន​យើង​សង្កេត​ឃើញ​ថា ការ​ទិញសិទ្ធិអាជីវកម្ម​ (franchise) គឺ​កំពុ​ងពេញ​និយម​ មិនមែន​តែ​អាជីវកម្ម​ពីក្រៅប្រទេស​ទេ​ សូម្បី​អាជីវកម្ម​ក្នុ​ងស្រុក​ដែល​ល្បី​ៗ​ក៏​មាន​ការ​ទិញ​សិទ្ធិ​ចែក​ចាយ​បន្ត​គួរ​សម​ដែរ។ ចុះ​ដឹង​ទេ​ថា​វា​មាន​លក្ខណៈ​ពិសេស និង​គុណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​ជំរុញឲ្យ​គេ​ចាប់​អារម្មណ៍​លើ​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ត​នេះ?

១) ផ្តល់​ជូន​ប្រាក់ចំនេញដល់អ្នក​លឿន​

អាជីវកម្ម​ដែល​ទទួល​បានជោគ​ជ័យ​ស្រាប់​គឺ​មាន​កេរ្តិ៍​ឈ្មោះរួច​ទៅហើយ។ ចាំ​បាច់​ទៅ ភ័យ​អី​ខ្លាច​ថាគ្មាន​អ្នកស្គាល់​នោះ ពេល​អ្ន​ក​ទិញ​ franchise តពី​គេ​ទាំង​រស់​ជាតិ​ ទាំង​ការ​តុប​តែ​ង​ហាង ទាំង​របៀប​របប​រកស៊ី​អ្នក​គ្រាន់តែ​រៀនពី​គេ ឯ​ប្រាក់​ចំនេញបាន​មក​ងាយជាង​អាជីវកម្ម​ផ្ទាល់ខ្លួន​ ត្រូវ​សាង​កេរ្តិ៍​ឈ្មោះពី​តូច​តាច​មក​។ អ្ន​កមិន​សូវ​ឈឺ​ក្បាល​ពី​ការ​ខាត​បង់ប៉ុន្មាន​​ទេ បើ​អ្នក​បើក​នៅ​ទីតាំង​ល្អ ចំ​ប្លង់ គោរព​តាម​គោល​ការ​ណ៍បាន​ល្អ​ទៀតគ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ។​

២) ការងារ​សម្រាប់​អ្នក​ចាប់​អាជីវកម្ម​ដំបូង​ត្រូវ​បាន​រួច​រាល់​អស់​ហើយ

នេះមានន័យ​ថា អ្នក​មិនសូវជា​ត្រូវគិត​ច្រើនពេក​ទេ​ថា រក​វិធី​សាស្រ្ត​អ្វី​ទាក់​ទាញ​អតិថិ​ជន​ឲ្យ​បាន​ច្រើន គួរ​ផ្តល់​ជូន​អ្វី​ខ្លះ​ជា​ការ​ចង​ចិត្ត​អតិថិជន​ កសាង​កេរ្តិ៍​ឈ្មោះ​ដោយ​វិធីណា ធ្វើ​យ៉ាង​ណា​ទើប​អតិថិជន​ស្គាល់​យីហោ​របស់​យើង។ ព្រោះ​ការ​ងារ​ទាំងនេះ​ត្រូវ​បាន​ម្ចាស់​ franchise ធ្វើ​រួច​រាល់​អស់​ហើយ បើ​មិន​ដូច្នោះ​ទេ​គេ​ក៏​មិន​ទទួល​ជោគ​ជ័យ​ដែរ។

៣) ពេល​ខ្លះអ្ន​ក​សឹង​តែ​មិន​ចំណាយលុយ​ផ្ទាល់​ខ្លួនចំណាយ​លើ​កា​ទិញ franchise ក៏​មាន​ដែរ

ឆ្ងល់​មែន​ទេ ទិញ​អាជីវកម្ម​គេទាំង​មូល​មិន​ចំណាយ​លុយ? អ្ន​កខ្លះ​គាត់​ពូកែ​ចរចា គាត់ត​ស៊ូ ប្រើ​សមត្ថភាពដើម្បីយក​អាជីវកម្ម​មួយ​ដោយ​មិន​ចំណាយ​លុយ។ គាត់អាច​ធ្វើ​ជា​តំណាង​ចែក​ចាយ​ឲ្យ​ក្រុម​ហ៊ុន​ លក់ឲ្យ​ម្ចាស់​ដើម ប្រាក់​ចំនេញពី​ការលក់​អាច​ចែក​ភាពគរយគ្នា​ តែ​ខ្លួន​គាត់​ផ្ទាល់​បានថែម​ចំណេះ​ និ​ង​បទ​ពិសោធន៍​លើស​ពី​ការ​រំពឹង​ទុក​ក៏​ថាបា​ន។​​

៤) គ្មាន​នរណា​មិន​ចង់​លក់​អាជីវកម្ម​ដែល​កំពុង​ល្បីទេ

​អ្នក​ទិញសិទ្ធិ ប្រាកដ​​ចង់​បាន​អាជីវកម្ម​ដ៏​ល្អ​មួ​យ​មក​​ដំណើរ​ការ​ឲ្យ​បាន​ផល​ចំនេញដល់​ខ្លួន​ឯង​ និង​បាន​បទ​ពិ​សោធន៍​ទៀត ខណៈ​ដែល​អ្នក​លក់​ franchise គិត​ចង់​ពង្រីកអាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ទីតាំង ប្រាក់ចំនូល​កាន់​តែបាន​ច្រើន​។ មុខ​មាត់​ម្ចាស់​ដើម​កាន់​តែ​រីក​ធំ​ទៅៗ គោលដៅ​របស់​គាត់​កាន់​តែ​ទៅ​ជិត​ដល់​។

៥) អ្នក​មិន​ត្រឹម​តែ​ទិញអាជីវកម្ម​ទេ អ្នក​ទិញ​ទំនុកចិត្ត​លើ​ការ​កើប​ប្រាក់​ចំនេញរយៈ​ពេល​វែង

ជឿ​ទៅអាជីវកម្ម​ប្រភេទ​នេះ​មិនមែន​បើក​តែ​មួយ​ខែ ពីរខែ​ហើយ​រលំនោះ​ទេ។ វា​អាចជួយ​ធានា​ការក​រក​ចំនូល​ដល់​អ្នក​ក្នុ​ងរយៈពេ​ល​វែង ព្រោះ​ម្ចាស់​ដើម​អាជីវកម្ម​ព្យាយាម​ស្វែងរក​អ្វី​ថ្មី​ៗដើម្បី​ឲ្យ​គេ​កាន់​តែចម្រើន និង​រីក​មាឌ​កាន់​តែ​ធំ​ជាង​មុន​ បូក​បន្ថែម​និង​កិត្តិស័ព្ទ កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ បង្ហាញពី​ភាព​ខ្លាំង​របស់​គេ​ក្នុ​ងការ​ឈរ​ជើង​លើ​ទីផ្សារ​ផង​ដែរ។

ត្រូវចាំ​ថា ការ​ទិញ​សិទ្ធិ​អាជិវកម្មដែល​ទទួល​បាន​ជោគ​ជ័យ​ស្រាប់​នោះ វា​មិនត្រឹម​តែ​ជួយអ្នក​រក​ចំនូល និ​ងចំនេញ​បាន​ឆាប់​ទេ តែ​វា​ជួយ​ឲ្យ​អ្នក​បាន​រស់​នៅក្នុង​ចំនូល​រយៈពេល​វែង​ជាង​ការ​ដែល​ចាប់​ផ្តើម​ដោយ​ខ្លួន​ឯង​ ប្រថុយ​ប្រថាន​នឹង​ហានិភ័យ​សព្វគ្រប់​បែប​យ៉ាង។

 

ដោយ៖ យ៉ាយ៉ា

X
5s