អ្នកជំនាញថា ទីផ្សារដីឡូតិ៍កម្ពុជានាពេលអនាគតអាចនឹងត្រូវជំនួសដោយផ្ទះដែលមានតម្លៃទាប
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពនៃការពុះដីឡូតិ៍នៅកម្ពុជាបាននឹងកំពុងតែពុះកញ្ជ្រោលខ្លាំងនិងគួរឲ្យកត់សម្គាល់។ តើទីផ្សារដីឡូតិ៍ទៅថ្ងៃអនាគតនឹងមានការប្រែប្រួលយ៉ាងណា?
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Bizkhmer អ្នកជំនាញសេដ្ឋកិច្ចលោក ង៉ែត ជូ ប្រាប់ថា កន្លងមកលោកមើលឃើញថាគោលគំនិតនៃការពុះដីឡូតិ៍នេះគឺជំនួសឲ្យលទ្ធភាពនៃការទិញផ្ទះល្វែង ប៉ុន្តែលោកបានសង្កេតឃើញពីនិន្នាការទៅថ្ងៃអនាគតនៃទីផ្សារដីឡូតិ៍នៅកម្ពុជាថាអាចនឹងត្រូវបានជំនួសទៅដោយផ្ទះដែលមានតម្លៃទាប។
អ្នកជំនាញរូបនេះបានលើកឡើងបន្តថា ភាគច្រើននៃអ្នកដែលទិញដីឡូតិ៍តែងគិតថាទិញដីឲ្យហើយទើបសង់ផ្ទះពេលក្រោយដែលជាទូទៅវាមានការលំបាកច្រើនសម្រាប់អ្នកដែលទិញដីឡូតិ៍។ ដូច្នេះប្រសិនបើមានផ្ទះសម្រាប់អ្នកដែលមានចំណូលទាបតែម្ដង មានន័យថាអ្វីៗគឺពួកគាត់បានរៀបចំជាស្រេច ទាំងប្រព័ន្ធលូ ទឹកភ្លើង ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផ្ទះ ហើយពេលខ្លះអាចមានរហូតដល់សន្តិសុខយាមទៀតផង ដែលនេះគឺជាការល្អសម្រាប់ពួកគាត់។
បន្ថែមពីនោះលោក ង៉ែត ជូ បន្តថា ការរៀបចំកញ្ចប់ហិរញ្ញវត្ថុ គឺវាកាន់តែងាយស្រួលថែមទៀត ដែលមានន័យថាបើយើងទិញផ្ទះបង់រំលស់មួយសារគឺចប់តែម្ដង ដោយមិនចាំបាច់ទិញដីហើយ នៅសន្សំលុយធ្វើផ្ទះ នៅត្រូវជួលជាងទៀតនោះទេ។ លោកថា ចំពោះការសង្កេតមើលពីទីផ្សារដីឡូតិ៍កម្ពុជានាពេលអនាគត វាអាចនឹងមានកំណើនយឺតនារយៈពេលបុន្មានឆ្នាំខាងមុខនេះ ព្រមទាំងអាចឈានទៅដល់បាត់ទីផ្សារតែម្ដងនារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕
ដោយ៖ ស្រីរ័ត្ន