ឱកញ៉ា លឹម ហេង៖ កម្ពុជា-នេប៉ាល់ នៅមានឱកាសច្រើនសម្រាប់ការវិនិយោគទៅវិញទៅមក
ភ្នំពេញ ៖ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះមានប្រមាណតែជាង២០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រទេសទាំងពីរចាប់ផ្ដើមចងសម្ព័ន្ធភាពពាណិជ្ជកម្មបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទាំងទៅវិញទៅមក។
ជាក់ស្ដែងនៅរសៀលថ្ងៃទី ១៤ ឧសភា ២០១៩នេះ វេទិកាធុរកិច្ចរវាងប្រទេសកម្ពុជា និងនេប៉ាល់បានធ្វើឡើង ស្របពេលដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីនេប៉ាល់នៅកម្ពុជា ដោយមានការចូលរួមពីធុរជនប្រទេសទាំងពីរជាច្រើនផងដែរ ។
ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះសម្រេចកំណើនសេដ្ឋកិច្ចល្អប្រសើរគួរអោយកត់សម្គាល់ ដោយស្ថិតក្នុងរង្វង់ប្រមាណជាង៧ភាគរយក្នុងមួយឆ្នាំ ដោយកម្ពុជាបាននាំចេញទំនិញរបស់ខ្លួនទៅកាន់ប្រទេសចំនួន១៤៧ប្រទេសដែលមានទំហំជាង៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប ។ ដោយឡែកកម្ពុជាក៏បាននាំចូលផលិតពីប្រទេសចំនួន១៣៥ប្រទេសផងដែរ ដោយភាគច្រើនជាងផលិតផលបម្រើអោយវិស័យសំណង់ និងឧស្សាហកម្ម ។
លោកបន្តថា ក្រលេកមកមើលទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងនេប៉ាល់វិញ នៅមានកម្រិតតិចតួចនៅឡើយ ជាក់ស្ដែងក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ មានតែជាង២០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះទាមទារអោយមានការវិនិយោគបន្ថែមរវាងប្រទេសទាំងពីរដើម្បីបង្កើនពាណិជ្ជកម្មអោយបានច្រើនជាងនេះ ។
ឯកឧត្តម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រី ប្រទេសនេប៉ាល់បានថ្លែងថា នេប៉ាល់ ស្វាគមន៍នូវគ្រប់វិនិយោគិនបរទេសទាំងអស់ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសនេះ ហើយនេប៉ាល់ក៏មានសក្ដានុពលវិស័យទេសចរណ៍ដ៏អស្ចារ្យផងដែរ ពីព្រោះប្រទេសនេះ ជាប្រទេសកំណើតរបស់ព្រះពុទ្ធ ដែលពុទ្ធិសាសនិកជាច្រើនតែងតែប្រាថ្នាចង់ទៅទស្សនាទីកន្លែងកំណើតព្រះពុទ្ធម្ដងក្នុងមួយជីវិត ដូច្នេះហើយ នេប៉ាល់ក៏បាននិងកំពុងសាងសង់ព្រលានយន្តហោះថ្មី នៅជិតទីក្រុងលុម្ពិនី ដើម្បីបម្រើចាំទទួលភ្ញៀវទេសនិងវិនិយោគិនមកពីគ្រប់ទិសទី ។ លោកនិយាយថា៖« នៅពេលដែលព្រលានយន្តហោះថ្មី របស់យើងរួចរាល់ យើងនឹងអាចទទួលភ្ញៀវទេសចរមកពីគ្រប់ប្រទេស ដែលកាន់សាសនាព្រះពុទ្ធ ពេលនោះក៏ជាឱកាសសម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសយើងផងដែរ » ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកវេទិកានោះដែរថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បានសម្រេចប្រមាណ៧,៧ភាគរយក្នុងមួយឆ្នាំ និងបានធ្វើអោយកម្ពុជាចាកចេញពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥ ហើយនៅឆ្នាំ ២០១៨កន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនលើសពីការរំពឹងទុក ពោលគឺកើនឡើងរហូតដល់៧,៥ភាគរយ លើសការគ្រោងទុកដែលមានត្រឹមតែ៧,១ភាគរយប៉ុណ្ណោះ ។
សម្ដេចតេជោ មានបន្តថា សូចនាករនេះបានបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លង ឈានទៅរកការសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។ សម្ដេចមានប្រសាសន៍ថា៖« ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅ ដែលហុចសក្ដានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុកនិងបរទេស ជាក់ស្ដែងផ្អែកតាមការកត់ត្រារបស់ក្រុមហ៊ុនប្រឹក្សាភិបាលអភិវឌ្ឍន៍កម្ពុជា រយៈពេល៥ឆ្នាំ ចាប់ពី២០១៤ ដល់២០១៨ ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២៣ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ១លានកន្លែង » ។
លោកឱកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ឱកាសវិនិយោគសម្រាប់វិនិយោគិនកម្ពុជានៅក្នុងប្រទេសនេប៉ាល់ មានដូចជាវិស័យហិរញ្ញវត្ថុ ផ្សារទំនើប និងហាងកាហ្វេជាដើម ខណៈវិនិយោគិនកម្ពុជាក៏មានលទ្ធភាព និងសមត្ថភាពក្នុងការបណ្ដាក់ទុនវិនិយោគវិស័យទាំងនេះផងដែល ។ លោកថា៖«យើងនឹងបង្កើនមិត្តភាពជាមួយនេប៉ាល់បន្ថែមទៀត បើទោះបីជាទីផ្សារនេះធំឬតូចក៏ដោយ ព្រោះយើងនឹងបង្កើនមិត្តអោយបានច្រើន » ៕
ដោយ៖ ស្រីពេជ្រ