៤ខែដំបូងឆ្នាំ២០១៩នេះ CDCបានអនុម័ត១១៥ គម្រោងក្នុងទំហំទឹកប្រាក់៤ពាន់លានដុល្លារ​



ភ្នំពេញ ៖  ៤ខែ ដើមឆ្នាំ២០១៩នេះគម្រោងវិនិយោគដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) មានចំនួន ១១៥គម្រោងក្នុងទំហំទុនវិនិយោគប្រមាណ៤ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំមុន។

តួរលេខនេះត្រូវបាន សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា -នេប៉ាល់ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញនេះថាជាក់ស្តែងផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ (២០១៤ -២០១៨ ) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៩៥៩គម្រោងក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារ អាមេរិកដែលអាចបង្កើតការងារចំនួន ១លានកន្លែង។

ហើយបើគិតតែក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគ ដែលត្រូវបានអនុម័តមាន ចំនួន ១១៥គម្រោង ក្នុង ទុនវិនិយោគប្រមាណ ៤ប៊ី លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១ គម្រោងក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិក ប៉ុណ្ណោះ ។

ចំណែកក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ១,៨៨លាននាក់មានការកើន ឡើង ៩,៧ % បើ ធៀបនឹងរយៈពេលដូចគ្នា ក្នុង ឆ្នាំ២០១៨។ យើងរំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនឡើង បន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគនិងធុរជនក្នុងការបណ្តាក់ទុនក្នុងវិស័យ នេះ ។

សម្តេចតេជោ នាយក រដ្ឋមន្ត្រី បានមានប្រសាសន៍ថារាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច និង ជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ យើងបានបង្កើតយន្តការសន្ទនាមួយ ហៅថា “វេទិកា រាជរដ្ឋាភិបាល ផ្នែកឯកជន ” ដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នអភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យឯកឧត្តមលោកជំទាវឯកអគ្គរដ្ឋទូតប្រចាំកម្ពុជានិងតំណាងស្ថាប័នអន្តរជាតិមួយចំនួន ។

វេទិកាវិស័យឯកជន និងរដ្ឋាភិបាល នេះបានដាក់ចេញនូវវិធានការមុតសិចមួយចំនួនគឺ ១) បង្កើន ភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចកម្ពុជា ២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគនិងធុរកិច្ច និង ៣) ធ្វើពិពិធកម្ម សេដ្ឋកិច្ចជាតិនិងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូន ប្រជាជនកម្ពុជា ។

សម្តេច តេជោ សូមស្វាគមន៍ ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ជាពិសេសអ្នក វិនិយោគនេប៉ាល់ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើមឬពង្រីកអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះសម្តេចក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគ កម្ពុជា ដែល មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសពិចារណា ប្រទេសនេប៉ាល់ ជាប្រទេសគោលដៅរបស់ខ្លួន ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តទៀតថាក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះកម្ពុជាសម្រេចបាននូវកំណើន សេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧ % ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ។

ជាងនេះទៅទៀតនៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុកពោលគឺបានកើនឡើងក្នុងអត្រា ៧,៥ % ធៀបនឹងការគ្រោងទុក ៧,១ %ពីដើមឆ្នាំដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ២០១៩ នេះ ។ កម្ពុជា កំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹម ឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយ ជាតិ ។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ២០១៥ - ២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មីសំដៅធ្វើពិពិធកម្មសេដ្ឋកិច្ចនិង កែប្រែ រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥ ។

ជាក់ស្តែងគោលនយោបាយនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន ៖ ១) ឧស្សាហកម្មឬកម្មន្ត សាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារផ្តល់តម្លៃបន្ថែមខ្ពស់មានភាពច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ ,២) សហគ្រាសធុន តូច និងមធ្យម ក្នុងគ្រប់វិស័យ ៣) ផលិតកម្មកសិ -ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញនិងទីផ្សារ ក្នុងស្រុក ៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្មទេសចរណ៍ និងកាត់ដេរព្រមទាំងឧស្សាហកម្មបម្រើ ឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារឬខ្សែច្រវាក់តម្លៃសកល និង ៥) ប្រភេទឧ្សាហកម្ម បម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត ៕

ដោយ៖ ស្រីពេជ្រ

X
5s