មួយថ្ងៃទទួលទានកាហ្វេប៉ុន្មានកែវទើបមិនប៉ះពាល់ដល់សុខភាព?
សាកលវិទ្យាល័យ South Australia (University of South Australia) ទើបនឹងរកឃើញពីចំនួនពិតប្រាកដមួយដែលអ្នកគួរទទួលទានកាហ្វេប៉ុន្មានកែវក្នុងមួយថ្ងៃទើបវាមិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ការរកឃើញនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវមុនៗដែលបានអះអាងថា ទទួលទានកាហ្វេឲ្យបាន ៤ កែវ ឬច្រើនជាងនេះអាចជួយកាត់បន្ថយអត្រាមរណភាពជាដើម។
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើបានឲ្យដឹងថា ការទទួលទានកាហ្វេចំនួន ៦ កែវ ឬលើសពីនេះក្នុងមួយថ្ងៃនឹងបង្កើនហានិភ័យដល់ជម្ងឺបេះដូងដល់ទៅ ២២%។ របាយការណ៍នេះបន្តទៀតថា នៅពេលដែលទទួលទានកាហ្វេច្រើនពេក ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចធ្វើឲ្យអ្នកញ័រ និងបណ្តាលឲ្យមានសម្ពាធឈាមខ្ពស់ហើយជាលទ្ធផលវាអាចនាំឲ្យកើតជំងឺបេះដូង។
«មនុស្សភាគច្រើនយល់ស្របថា ប្រសិនបើទទួលទានកាហ្វេច្រើនពេក ពួកគេមានអារម្មណ៍ចង់ក្អួតចង្អោរ តក់ក្រហល់ ឆាប់ខឹង ពីព្រោះដោយសារតែជាតិកាហ្វេអ៊ីនជំរុញឲ្យរាងកាយរបស់អ្នកធ្វើចលនាសកម្មភាពជាងមុន»។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍របស់លោកសាស្ត្រាចារ្យ Elina Hyppönen ប្រធានស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពរបស់សាកលវិទ្យាល័យ South Australia។
ក្នុងរបាយការណ៍នេះលោក សាស្ត្រាចារ្យ Elina Hyppönen បានបញ្ជាក់ដូច្នេះថា៖«យើងក៏ដឹងផងដែរថា ហានិភ័យនៃជំងឺសរសៃឈាមបេះដូងកើនឡើងជាមួយនឹងសម្ពាធឈាមខ្ពស់ដែលជាផលវិបាកបណ្តាលមកពីការទទួលទានជាតិកាហ្វេអ៊ីនលើសកំណត់។ ដូចនេះដើម្បីថែរក្សាសុខភាពបេះដូង និងសម្ពាធឈាមឲ្យមានសុខភាពល្អ អ្នកត្រូវកំណត់ការទទួលទានកាហ្វេរបស់អ្នកតិចជាង ឬត្រឹម ៦ កែវបានហើយ»។
លោកសាស្ត្រាចារ្យ Elina Hyppönen បានអះអាងបន្តទៀតថា ការទទួលទានកាហ្វេចំនួន៦ កែវ គឺជាចំណុចមួយដែលអត្រាសារធាតុកាហ្វេអ៊ីនចាប់ផ្តើមប៉ះពាល់ជាអវិជ្ជមានដល់ជំងឺសរសៃឈាមបេះដូង។ លទ្ធផលនេះធ្វើឡើងដោយផ្អែកលើទិន្នន័យដែលបានមកពីការស្រាវជ្រាវលើមនុស្សពេញវ័យ ៣៤៧ ០៧៧ នាក់ដែលរស់នៅក្នុងប្រទេសអង់គ្លេស ហើយមានអាយុចន្លោះពី ៣៧ ដល់ ៧៣ ឆ្នាំ៕
ប្រភព៖ businessinsider