ក្រៅពីតួនាទីជានាយកប្រតិបត្តិ Amazon លោក Jeff Bezos មានភាគហ៊ុនរាប់មិនអស់នៅក្នុងក្រុមហ៊ុនជាច្រើនទៀត​



លោក Jeff Bezos ត្រូវបានគេទទួលស្គាល់ថាមហាសេដ្ឋីលំដាប់លេខ១ នៅក្នុងពិភពលោក នេះបើយោងតាមគេហទំព័រ Forbe។ មហាសេដ្ឋីប្រាក់វាល់ពាន់លានដុលារ មួយរូបនេះ ក្រៅពីមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon  លោកក៏មានភាគហ៊ុនជាច្រើនរាប់មិនអស់ផងដែរនៅក្នុងក្រុមហ៊ុនធំៗមួយចំនួន៖

១) ក្រុមហ៊ុន Everfi

ក្រុមហ៊ុនមួយនេះមានទម្រង់រកស៊ីមិនខុសគ្នាពីក្រុមហ៊ុន Amazon នោះទេ គឺរកស៊ីតាមបែប E-commerc។ ក្រុមហ៊ុន Everfi  ជាក្រុមហ៊ុនបច្ចេកវិទ្យាផ្ដោតទៅលើការអប់រំដែលមានដូចជា ផ្នែកហិរញ្ញវត្ថុ Social ,emotional learning កម្មវិធី STEM និងកម្មវិធីសិក្សាជាច្រើនទៀត។  យោងតាមវេបសាយរបស់ក្រុមហ៊ុន Everfi គឺជាកន្លែងបំពេញនូវចំនេះដឹងមួយដែលពាក់ព័ន្ធទៅនឹងភាពជាអ្នកដឹកនាំរបស់សហគ្រិនភាព គ្រប់លក្ខណៈដែលអាចផ្លាស់ប្ដូរពិភពលោកបាន។ លោក Jeff បានវិនិយោគទៅលើក្រុមហ៊ុន មួយនេះចំនួនប្រមាណជាង ១៩០លានដុល្លាសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧។

២) ក្រុមហ៊ុន General Assembly

កាលពីឆ្នាំ ២០១១ លោក Jeff បានវិនិយោគលុយរបស់លោកជាង​ ៤,៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងក្រុមហ៊ុន General Assembly ។​ កាលពីមុនក្រុមហ៊ុន Gerneral Assembly ជាក្រុមហ៊ុនតូចមួយតែប៉ុនោះ បន្ទាប់ពីនោះមកក្រុមហ៊ុនមួយនេះបានលូតខ្ពស់ បានក្លាយជាក្រុមហ៊ុនដែលត្រូវមហាជនទទួលស្គាល់ក្នុងពិភពលោក ។ General Assembly គឺជាក្រុមហ៊ុនផ្ដោតទៅលើការអប់រំតាមបែបបច្ចេកវិទ្យា​មានដូចជា Web Development ការវិភាគទិន្នន័យ ការគ្រប់គ្រងផលិតផល និង វគ្គសិក្សាប្រព័ន្ធឌីជីថលផ្សេងៗទៀត។

៣) ក្រុមហ៊ុន MakerBot

MakerBot ជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យា ព្រីនរូបភាព​ 3Dមុនគេនៅក្នុងឆ្នាំ២០១១។ MakerBot គឺជាក្រុមហ៊ុនតែមួយដែលបាnបង្កើតម៉ាស៊ីនព្រីនរូបភាព 3D មុនគេទៅកាន់សាធារណៈជន បន្ទាប់ពីទទួលបានការទទួលស្គាល់ជាច្រើន លោក មហាសេដ្ឋី Jeff បានវិនិយោគលុយប្រមាណជាង ១០លានដុល្លារសហរដ្ឋអាមេរិក ទៅលើក្រុមហ៊ុនមួយនេះ។ ក្រោយពីទទួលបានការវិនិយោគរួចមកហើយនោះ Makerbot បានលូតលាស់ម្ដងបន្ដិចៗ បន្ទាប់មកក្រុមហ៊ុននេះក៏ត្រូវបានទិញដោយក្រុមហ៊ុន Stratasys ជាក្រុមហ៊ុនមានបច្ចេកវិទ្យាព្រីន 3D ឈានមុខគេក្នុងរយៈពេល ៣០ឆ្នាំ។

៤) ក្រុមហ៊ុន NextDoor

ក្នុងអំឡុងពេល Nextdoor កំពុងស្វែងរកដើមទុនបន្ថែម លោក Jeff Bezo បានពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងក្រុមហ៊ុនមួយនេះ។ NextDoor ជាប្រព័ន្ធផ្សព្វផ្សាយ ប្រើប្រាស់ដោយឥតគិតថ្លៃ គេប្រើប្រាស់ Appនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលរស់នៅក្នុងសហគមន៍ ឬ ភូមិស្រុករបស់អ្នកបាន ក្នុងរូបភាពចែករំលែកនូវព័ត៌មានផ្សេងៗក្នុងភូមិរបស់អ្នកដូចជា សុវត្ថិភាព ការងារ នយោបាយក្នុងស្រុក និងការបាត់សត្វចិញ្ចឹមជាដើម។

៥) ក្រុមហ៊ុន Plenty

នៅក្នុងខែកក្កដា ឆ្នាំ២០១៧ មហាសេដ្ឋីជាន់ខ្ពស់មួយរូបនេះបានងាកមកវិនិយោគទៅលើវិស័យចំនីអាហារវិញម្ដង​។ លោកបានវិនិយោគលុយប្រមាណជាង២០០លានដុល្លារសហរដ្ឋអាមេរិកទៅលើវិស័យនេះ។ ក្រុមហ៊ុន Plenty គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលបង្កើតវិធីដាំដុះតាមបែបវិទ្យាសាស្រ្ដ និងផលិតនូវថ្នាំសម្លាប់សត្វល្អិត គ្មានអុកស៊ីតកម្មដើម្បីជួយថែរក្សារបរិស្ថានផែនដី។ វិធីដាំដុះរបស់ពួកគេប្រើប្រាស់ទឹកតែមួយ ១ភាគរយប៉ុណ្ណោះសម្រាប់ដំណាំ មួយវិញទៀតវិធីដាំដុះប្រភេទនេះទទួលបានទិន្នផលច្រើនជាង វិធីដាំដុះតាមវិធីប្រពៃណីរហូតដល់ ៣៥០ដងឯណោះ។

៦) ក្រុមហ៊ុន Airbnb

យោងតាមរបាយការណ៍របស់ទស្សនាវដ្ដី Visual Capital បានឲ្យដឹងថា Airbnb គឺជាវេបសាយផ្ទុកនៅកន្លែងស្នាក់នៅ កន្លែងទេសចរណ៍ដែលមានជាង៥លានកន្លែងផ្សេងគ្នានៅក្នុង ៨១០០០ទីក្រុង និង ១៩១ ប្រទេសលើពិភពលោក។ Airbnb ទទួលបានប្រាក់វិនិយោគពីលោក Jeff Bezos ចំនួន ១១២លានដុលា្លសហរដ្ឋអាមេរិក ។ ជាមួយនឹងភាពជោគជ័យជាច្រើន ក្រុមហ៊ុន Airbnb កំពុងមានកំពុងចូលផ្សារមូលបត្រក្នុងឆ្នាំ ២០១៩នេះ ។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ មានតម្លៃខ្លួនរហូតដល់ ៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិកឯនោះបើប្រៀបធៀបទៅនឹងកាលមុន ក្រុមហ៊ុនមួយនេះមានតម្លៃខ្លួនត្រឹមតែ ៤,៤ពាន់លានដុល្លារសហរដ្ឋអាមេរិកតែប៉ុនោះ។

៧) Grail

លោក Bezos បានបង្ហាញពីភាពយកចិត្ដទុកដាក់កែប្រែពិភពលោកមួយនេះឲ្យក្លាយកន្លែងស្រស់ស្អាតមួយ ដោយលោកបានគាំទ្រនិងជំរុញការរីកចម្រើនដល់ក្រុមហ៊ុន Grail ។ ក្រុមហ៊ុន Grail  ជាក្រុមហ៊ុនទាក់ទងនឹងការថែរក្សាសុខភាព ផ្ដោតទៅលើការបង្ការជម្ងឺមហារីកមុនជំងឺនេះរាតត្បាតក្លាយជារឿងពិបាកនឹងទទួលបានការព្យាបាល។ លោកមហាសេដ្ឋី Jeff បានវិនិយោគចំនួនប្រមាណជាង ១០០លានដុល្លារសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុននេះ។ សព្វថ្ងៃក្រុមហ៊ុនបច្ចេកវិទ្យាវិជ្ជសាស្រ្ដនេះកំពុងសិក្សាស្រាវជ្រាវបង្កើតឧបករណ៍ស្វែងរកមេរោគមហារីក វាជាមធ្យោបាយមួយដើម្បីបង្ការនូវជំងឺមហារីកកុំឲ្យកើតមាន។

៨) ក្រុមហ៊ុន Juno Therapeutics

ក្នុងឆ្នាំ ២០១៤ លោកJeff បានវិនិយោគលុយរបស់ខ្លួនជាង ១៣៤លានដុល្លារសហរដ្ឋអាមេរិកក្នុងក្រុមហ៊ុន Juno Therapeutics។ ក្រុមហ៊ុន Juno ក៏មិនខុសពីក្រុមហ៊ុន Grail ដែរ ក្រុមហ៊ុននេះជាក្រុមហ៊ុនព្យាបាលជំងឺមហារីក។

៩) ក្រុមហ៊ុន Mark 43

ក្រុមហ៊ុនMark43 ត្រូវបានបង្កើតឡើងក្នុង ២០១៤ មានគោលដៅក្នុងការលើកម្ពស់សុខសុវត្ថិភាពសាធារណៈ។ ក្រុមហ៊ុន Amazon បានផ្ដល់នូវកន្លែងផ្ទុកទិន្នន័យ(Cloud) ដ៏មានសុវត្ថិភាពនៅក្នុង Amazon Web services  ដល់ Mark 43 សម្រាប់ការបំពេញការងារផ្នែកសនិ្ដសុខព័ត៌មានពាក់ព័ន្ធនឹងផ្លូវច្បាប់។ លោកJeff បានវិនិយោគទៅលើក្រុមហ៊ុនមួយនេះ​ចំនួន​១៣៤លានដុល្លារសហរដ្ឋអាមេរិក។

១០) ក្រុមហ៊ុន Fundbox         

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech ក្រុមហ៊ុនមួយនេះជួយផ្ដល់នូវភាពរីកចម្រើនដល់អាជីវកម្មរបស់អ្នក តាមរយៈការធ្វើកម្ចីឥណទាន ដោយមានសុវត្ថិភាពលឿននិងរហ័ស។ ក្នុងឆ្នាំ ២០១៥ លោក Jeff បានវិនិយោគ ៥០លានដុល្លាសហរដ្ឋអាមេរិក ទៅក្នុងក្រុមហ៊ុន Fundbox

១១) ក្រុមហ៊ុន Lookout

Lookout គឺជាក្រុមហ៊ុន Cyberseurity ទទួលបានប្រាក់វិនិយោគពី មហាសេដ្ឋីJeff ចំនួន ១៥០លានដុល្លារសហរដ្ឋអាមេរិក​ កាលពីឆ្នាំ ២០១៤ ។ ក្រុម Cyberseurity មួយនេះ ឬបម្រើរសេវាកម្មជូនដល់ទាំងក្រុមហ៊ុនធំ និងតូច ក៏ដូចជាតាមរយៈទូរស័ព្ទដៃឯកជនផងដែរ។

១២) ក្រុមហ៊ុន Uber

កាលពីថ្មីនេះៗ Uber ទើបតែធ្វើបោះផ្សាយភាគហ៊ុនរបស់ខ្លួនរួចរាល់។ មូលធនទីផ្សារសរុបចំនួន ៦៥ពាន់លានដុលា្លរសហរដ្ឋអាមេរិក។ Uber ត្រូវបានក្រុមហ៊ុនជាច្រើនចូលរួមវិនិយោគទុនជាមួយមានដូចជា Toyota ,Soft bank និង Morgan Stanley។ កាលពីឆ្នាំ ២០១១ លោក Jeff ក៏បានវិនិយោគវិនិយោគទឹកប្រាក់ចូលទៅក្រុមហ៊ុននេះចំនួន ៣៧លានដុល្លារសហរដ្ឋ​អាមេរិកផងដែរ។

១៣) ក្រុមហ៊ុន DOMO

នៅក្នុងឆ្នាំ ២០១៣ លោក Bezos បានវិនិយោគទឹកប្រាក់ចំនួន ៦០លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងក្រុមហ៊ុន​ DOMO ។​ DOMO ជាកម្មវិធីមួយដែលភ្ជាប់ទំនាក់ទំនង រវាងនឹង CEO និង បុគ្គលិកជួរមុខរបស់ពួកគេ ដើម្បីពិនិត្យពីស្ថានទូទៅនៅក្នុងក្រុមហ៊ុនក្នុងពេលវេលាជាក់លាក់ពិតប្រាកដ​ តាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់ពួកគេ។

១៤) ក្រុមហ៊ុន Breakthrough Energy Ventures

លោក Bezos និងមហាសេដ្ឋីជាច្រើនផ្សេងទៀតបានចូលរួមសង្រ្គោះផែនដី ជាមួយនឹងទឹកប្រាក់របស់ពួកគេចូលទៅក្រុមហ៊ុន Breakthrough Energy Ventures ។ ក្រុមហ៊ុនមួយនេះ ចូលរួមវិនិយោគដោយ Jeff Bezos លោក Bill Gates លោក Jack Ma និងលោក Jonh Doerr Vinod ពួកគេបានចូលរួមបង្កើត Start-up ក្រុមហ៊ុនផ្សេងគ្នា។​ យោងតាមគេហទំព័រ  Breakthrough Energy Ventures បានឲ្យដឹងថាដើម្បីទទួលបានប្រាក់មកវិញពីការវិនិយោគ ពួកគេត្រូវបង្កើតអ្វីដែលអាចជួយកាត់បន្ថយបញ្ហាបំភាយឧស្ម័នពុលចេញពីផ្ទះកញ្ជក់។

១៥) ក្រុមហ៊ុន Mindstrong Health

លោក Bezos បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដែលក្រុមហ៊ុនកូនពៅ ។ MindStrong ជាក្រុមហ៊ុនមើលសុខភាពផ្លូវចិត្ដ។ មហាសេដ្ឋី Jeff បានវិនិយោគទឹកប្រាក់របស់លោកចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិកចូលក្នុងក្រុមហ៊ុននោះ៕

ដោយ៖ ច័ន្ទលាភ

 

 

 

 

 

 

X
5s