អភិបាលខេត្តកំពតស្នើឲ្យមានការវិនិយោគលើដំណាំតំណាងខេត្តបន្ថែមដើម្បីជំរុញការនាំចេញទៅទីផ្សារអឺរ៉ុប
ភ្នំពេញ ៖ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានស្នើដល់វិនិយោគិនក្នុងនិងក្រៅប្រទេសបណ្ដាក់ទុនវិនិយោគវិស័យកសិកម្ម ក្នុងខេត្តកំពត ខណៈខេត្តមួយនេះជាខេត្តមានអំណោយផលខ្ពស់ខាងដំណាំកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងទទួលបានការគាំទ្រខ្ពស់ពីអន្តរជាតិផងដែរ ដូចជាម្រេចកំពត ដែលកំពុងល្បីសុះសាយទូទាំងពិភពលោក បន្ទាប់ពីអឺរ៉ុបបានដាក់ផលិតផលនេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប ។
ឯកឧត្តមមានប្រសាសន៍ថា ខេត្តកំពតជាខេត្តមានសក្ដានុពលលើដំណាំ នាំចេញមួយចំនួន និងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុកនិងបរទេសផងដែរ ដូចជាដំណាំម្រេចកំពត ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកំពុងមានទីផ្សារខ្ពស់ពីអន្តរជាតិ ដែលជាហេតុធ្វើអោយកសិករពង្រីកការដាំដុះកាន់តែច្រើន ។
ក្រៅពីដំណាំម្រេចដែលទទួលស្គាល់ពីទីផ្សារអន្តរជាតិហើយនោះ ខេត្តកំពតក៏មានដំណាំ មួយប្រភេទទៀតដែលកំពុងទទួលស្គាល់ទូទាំងប្រទេសគឺដំណាំ ទុរេន តែដំណាំនេះ មិនទាន់មានការដាំដុះជាលក្ខណៈក្រុមហ៊ុនវិនិយោគនៅឡើយ ដោយការដាំដុះនាពេលបច្ចុប្បន្ននេះ ភាគច្រើនដាំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ខណៈតម្រូវការនៅទូទាំងប្រទេសមានច្រើន ហើយការផ្គត់ផ្គង់ធុរ៉េនកំពតមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ ។
ឯកឧត្តមថា៖«ដំណាំធុរ៉េនជាដំណាំដែលអាចវិនិយោគហើយបម្រើឲ្យការនាំចេញបានទៀតផង ដោយក្នុងនោះដែរបច្ចុប្បន្នមានក្រុមហ៊ុនបីបួនហើយបានចាប់អារម្មណ៍វិនិយោគលើដំណាំនេះ» ។
ឯកឧត្តមបន្តថា ក្រៅពីដំណាំតំណាងខេត្ត និងដំណាំម្រេចសម្គាល់ភូមិសាស្ត្រហើយនោះ ទីតាំងភូមិសាស្ត្រខេត្តកំពតក៏អាចដាំដំណាំមៀន ស្វាយ តាងែ៉ន និងដំណាំ ហូបផ្លែជាច្រើនទៀត សម្រាប់បំពេញនូវទីផ្សារក្នុងស្រុកនិងបម្រើឲ្យការនាំចេញ ដូច្នេះវាអាចទាក់ទាញឲ្យវិនិយោគិនដែលចង់វិនិយោគក្នុងវិស័យកសិកម្ម អាចសម្លឹងមើលខេត្តកំពតក្នុងការបណ្ដាក់ទុនអាជីវកម្មរបស់ពួកគេ ។
ឯកឧត្តមបញ្ជាក់ថាខេត្តកំពត ក៏ជាច្រកមួយសម្រាប់នាំចេញទំនិញកសិផលទៅកាន់ប្រទេសក្រៅបានផងដែរ តាមរយៈកំពង់ផែទឹកជ្រៅរបស់យើង ក្នុងនោះខេត្តកំពតមានកំពង់ផែសរុបចំនួន៤ រួមមានកំពង់ទឹកជ្រៅ ១៤ម៉ែត្ររបស់លោកឧកញ៉ា វិញ ហួរ ទី២កំពង់ផែរបស់លោកឧកញ៉ាទ្រី ភាពសម្រាប់នាំប្រេងចូល និងទី៤ជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលអាចអនុញ្ញាតអោយនាវាមកពីប្រទេសវៀតណាម និងថៃចូលចតបាន ។
ឯកឧត្តមថា៖« គម្រោងកំពង់ផែទាំងនេះនឹងរួចរាល់នៅអំឡុងឆ្នាំ ២០២១ខាងមុខនេះ ហើយវានឹងបង្ហាញពីសក្ដានុពលកាន់តែខ្លាំងថែមទៀតនៅក្នុងទឹកដីខេត្តកំពត»។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ផងដែរថា សម្រាប់វិស័យកសិកម្មកម្ពុជា នៅមានសក្ដានុពលធំធេងណាស់ ក្នុងការបណ្ដាក់ទុនវិនិយោគ ដាំដុះ និងកែច្នៃ ដូចជាដំណាំមៀន តាង៉ែន ស្វាយចន្ទី និងស្វាយកែវរមៀត ជាដើម និងត្រូវបានទទួលស្គាល់ជាលក្ខណជាតិ និងអន្តរជាតិផងដែរ ។
ឯកឧត្តមថា ៖«ក្រៅដំណាំកែច្នៃ កម្ពុជាក៏មានសក្ដានុពលបន្លែស្រស់ដើម្បីនាំចេញផងដែរ ក៏ប៉ុន្តែឧបសគ្គធំសម្រាប់កម្ពុជា ក្នុងការនាំចេញបន្លែស្រស់ទៅបរទេសនោះ ជាពិសេសទៅបណ្ដាប្រទេសអឺរ៉ុប គឺការដឹកជញ្ជូន ដោយសារតែកម្ពុជា មិនទាន់មានក្រុមហ៊ុនយន្តហោះដែលអាចដឹកបន្លែពីកម្ពុជាទៅកាន់អឺរ៉ុបដោយផ្ទាល់ ។ ម្យ៉ាងទៀតដោយសារតែព្រលានយន្តហោះរបស់កម្ពុជានៅមានទំហំតូចនៅឡើយ ដូច្នេះរំពឹងថានៅពេលដែលកម្ពុជាមានព្រលានយន្តហោះធំជាងមុន កម្ពុជានឹងអាចនាំបន្លែទៅកាន់អឺរ៉ុបបានកាន់តែច្រើន » ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានមានប្រសាសន៍ថា នៅពេលលោកជួបជាមួយបណ្ដាវិនិយោគិនបរទេសដែលមកទស្សនកិច្ចសិក្សានៅកម្ពុជា ឬ លោកទៅទស្សនកិច្ចនៅប្រទេសគេ លោកតែងតែអំពាវនាវនិងស្នើឲ្យវិនិយោគិនដាក់ទុនវិនិយោគលើវិស័យកសិកម្ម ក្នុងពេលដែលសក្ដានុពលនៅកម្ពុជាសម្រាប់វិស័យនេះនៅមានវិសាលភាពធំធេង ៕
ដោយ៖ ស្រីពេជ្រ