ខេត្ត​កំពង់ធំ​នឹង​ទទួល​គម្រោង​វិនិយោគ​​វិស័យ​កសិកម្ម​លើ​ទំហំ​ផ្ទៃដី​២០០០ហិកតា​



នៅ​ក្នុង​ជំនួប​រវាង​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និង​នេសាទ ជា​មួយ​នឹងលោក He Jianping ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទី​ស្ដី​ការ​ក្រសួង​កសិកម្ម​ បាន​លើក​ឡើង​ពីគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​លើ​ផ្ទៃ​ដី​២០០០​ហិកតា​នៅលើ​ទឹក​ដី​ខេត្ត​កំពង់​ធំ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​កសិកម្ម រក្ខាប្រមាញ់ និង​នេសាទ។

គម្រោង​វិនិយោគ​នៅទឹកដី​ខេត្ត​កំពង់ធំ​នេះ បង្កើត​ឡើង​សម្រាប់​ធ្វើ​ការ​ដាំដុះ កែច្នៃ និង​វេចខ្ចប់​ផលិតផល​កសិកម្ម​ដូច​ជា អង្ករ ស្វាយ និង​ស្វាយចន្ទី​ជា​ដើម​ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស។ លោក​ He Jianping បញ្ជាក់​ថា​គម្រោង​វិនិយោគ​នេះ​គឺ​ផ្ដោត​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម​ ពី​ចំណុច​ផ្ដើម​រហូត​ដល់​ការ​នាំ​ចេញ​តែ​ម្ដង។ លោក​បន្ត​ថាការ​ធ្វើ​ពាណិជ្ជកម្មនិង​ទីផ្សារ​កសិផល​គឺ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណេត​ដែល​អាច​កាត់​បន្ថយ​ការ​ចំណាយ ពេល​វេលា និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ។

ជា​មួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម​ វេង សាខុន សង្ឃឹម​ថា​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​ដូច​ជា ផ្លែ​ស្វាយ មៀន ម្រេច ស្រកានាគ ដូង និង​ទឹក​មាត់​ត្រចៀក​កាំ ដែល​ភាគី​ទាំង​ពីរ​កំពុង​ធ្វើ​ការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្ដី​ពី​អនាម័យ និង​ភូតគាម​អនាម័យ​ នឹង​អាច​ធ្វើ​ការ​នាំ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s